ការប្រមួលនិងការទុកដាក់សំរាមនៅក្នុងទីក្រុងភ្នំពេញ

ការប្រមួលនិងការទុកដាក់សំរាមនៅក្នុងទីក្រុងភ្នំពេញ
ទីក្រុងភ្នំពេញត្រូវបានគេមើលឃើញថាកំពុងតែមានការរីកចម្រើនផ្នែកហេដ្ឋារចនា
សម្ព័ន្ធគួរឲ្យកត់សំគាល់នៅក្នុងរយៈកាល ប៉ុន្មានឆ្នាំចុង ក្រោយនេះ។ ប៉ុន្តែទន្ទឹមនឹង
ការរីកចំរើននេះដែរ ការទុកដាក់និងគ្រប់ គ្រងសំរាមគឺនៅតែ ជាបញ្ហាប្រឈមមួយ
សំរាប់ទីក្រុងនេះ។ តើបញ្ហាសំរាមនេះបាននឹងកំពុង ប៉ះពាល់អ្នកដែលរស់នៅក្នុងទី
ក្រុងនេះដូចមេ្តចខ្លះ? ហើយតើអាជ្ញាធរក្រុងមានចំណាត់ការដូចមេ្តចដែរក្នុងការ
ដោះស្រាយបញ្ហានេះ? 03/06/2008
ប្រិយមិត្តអ្នកស្តាប់វិទ្យុអូស្រ្តាលីជាទីមេត្រី នាទីកម្រងសង្គមរបស់យើងនៅ
ថ្ងៃនេះបានវិលមកជួបប្រិយមិត្តទាំងអស់ជាថ្មីម្តងទៀតហើយ ដោយបានពា
នាំមកជូននូវប្រធានបទថ្មីស្តីពីការប្រមួលនិងការទុកដាក់សំរាមនៅក្នុងទីក្រុង
ភ្នំពេញ។

ទីក្រុងភ្នំពេញត្រូវបានគេមើលឃើញថាកំពុងតែមានការរីកចំរើនផ្នែកហេដ្ឋារចនា
សម្ព័ន្ធគួរអោយកត់សំគាល់នៅក្នុងរយៈកាល ប៉ុន្មានឆ្នាំចុង ក្រោយនេះ។ ប៉ុន្តែ
ទន្ទឹមនឹងការរីកចំរើននេះដែរ ការទុកដាក់និងគ្រប់ គ្រងសំរាមគឺនៅតែ ជាបញ្ហា
ប្រឈមមួយសំរាប់ទីក្រុងនេះ។ តើបញ្ហាសំរាមនេះបាននឹងកំពុង ប៉ះពាល់អ្នក
ដែលរស់នៅក្នុង ទីក្រុងនេះដូចមេ្តចខ្លះ? ហើយតើអាជ្ញាធ័រក្រុង មានចំនាត់ការ
ដូចមេ្តច ដែរក្នុងការដោះស្រាយបញ្ហានេះ?

ថ្ងៃនេះ លោក សាយ មុន្នី នឹងជំរាបជូនពិស្តារអំពី បញ្ហាប្រមូលនិងទុកដាក់សំរាម
នេះ ពីទីក្រុងភ្នំពេញ។

ប្រិយមិត្តអ្នកស្តាប់វិទ្យុអូស្រ្តាលីជាទីមេត្រី!

ខណៈដែលសំណង់អាគារធំៗ ខ្ពស់ៗ បានកំពង់ដុះលូតលាស់ និងបង្ហាញរូបរាង
ឡើង នៅពាសពេញទីក្រុងភ្នំពេញនោះ សត្វរុយទាំងហ្វូងៗកកកុញគ្នាក៏បានកំពុង
ហើរឆ្វេចឆ្វាចនៅលើគំនរសំរាម ដែលគេគរទុកចោលនៅតាមទី សាធារណៈនានា
នៅក្នុងទីក្រុងនេះផងដែរ។

គំនរសំរាមទាំងនេះដែលខ្លះត្រូវគេដាក់ចោលផ្ទាល់នឹងដីដោយគ្មានធុងសំរាមផង
នោះ ត្រូវគេមើលឃើញមាននៅតាមទីផ្សារ មន្ទីរពេទ្យ រោងចក្រនិងផ្លូវថ្នល់នានា
នៅជំវិញទីក្រុងនេះតែម្តង។

ប្រជាជនដែលកំពុងរស់នៅក្បែរគំនរសំរាមទាំងនោះ ទាំងអ្នកដែលរស់នៅកណ្តាល
ទីក្រុង ទាំងអ្នករស់នៅតាមជាយក្រុង ជានិច្ចជាកាលតែងតែ រអូររទាំអំពីក្លិនស្អុយ
ដែលភាយចេញពីគំនរសំរាមទាំងនោះ។

អ្នកស្រី សៀង សេង ដែលជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងខ័ណ្ឌដង្កោជាយ ក្រុង
ភ្នំពេញ បានសំដែងការមិនពេញចិត្តរបស់អ្នកស្រីចំពោះ គំនរសំរាមដែលគេយក
មកគរចោលនៅប្រមាណជា៥ម៉ែត្រពីមុខផ្ទះរបស់អ្នកស្រីយ៉ាងដូច្នេះថា៖
សម្លេងអ្នកស្រី សៀង សេង ៖ “សំរាមអីហ្នឹង ក្រុមហ៊ុនស៊ិនទ្រីអោយទាក់ទង ជួយ
ម៉ិចបានអោយយកសំរាមចេញ ព្រោះក្មួយឯងពិនិត្យមើលឃើញដឹងហើយ
ទោះខំសំអាតយ៉ាងណាក៏សុទ្ធតែរុយឡើងដូចអាដិញរុញយើងគរ ជើងលើគ្នាអញ្ចឹង”

ដូចអ្នកស្រី សៀង សេងដែរ ប្រជាពលរដ្ឋខ្លះទៀតដែលរងផលប៉ះ ពាល់ផ្ទាល់
ពីក្លិនស្អុយដែលចេញពីគំនរសំរាមនោះតែងស្តីបន្ទោស ក្រុមហ៊ុន ស៊ិនទ្រីថា
ក្រុមហ៊ុននេះមានការយឹតយ៉ាវរឺខកខានមិនបាន ប្រមួលសំរាមចេញពីតំបន់
ដែលពួកគេរស់នៅ។

ប៉ុន្តែ លោក សេង ចំរើន អនុប្រធានក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី បានបដិសេធ
ចំពោះការលើកឡើងនេះ ដោយលោកបានមានប្រសាសន៍ថា លោកតែង ត្រួត
ពិនិត្យមើលនិងតាមដានសេវាកម្មប្រមូលសំរាមរបស់លោកតាមការរិះគន់នោះ
ប៉ុន្តែលោកថា ភាគច្រើនលោកពុំបានរកឃើញ ភាពអវិជ្ជមានដូចការចោទប្រកាន់
នោះឡើយ។

សម្លេងលោក សេង ចំរើន៖ “ខ្ញុំបានទទួលការរិះគន់នៅលើបញ្ហាមួយនេះហើយ
ខ្ញុំបានfeedback ទៅអោយគេវិញហើយឆែកមើលសព្វបែបយ៉ាង ឃើញថាអត់
មានការពិត ១% ខ្ញុំទទួលស្គាល់ ក្រៅពីហ្នឹងវាពិបាក”

តែទោះជាយ៉ាងនេះក្តី លោកបានទទួលស្គាល់ថាសេវាកម្មប្រមួលសំរាមដែល
ក្រុមហ៊ុនរបស់លោកផ្តល់ជូនគឺពិតជាពុំទាន់បានគ្របដណ្តប់ទីក្រុងទាំងមូលនោះទេ
\ ហេតុដូច្នេះហើយ លោកថាការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋដែលមិនទាន់
ទទួលបានសេវាកម្មនេះ តែងកើតមាន ជាធម្មតាទេ។

សម្លេងលោក សេង ចំរើន៖ “ជាធម្មតាទីមួយយើងជាសេវាសាធារណៈទូទាំង
រាជធានីភ្នំពេញ វាមិនមែនជារឿងធម្មតាទេ ទោះបីជាយើងធ្វើអោយ ទៅជាលក្ខណៈ
មួយ ក៏យើងនៅមានប៉ះទង្គិចដែរ គឺខ្លួនឯងរបស់ស៊ិនទ្រី នេះធ្វើតែម្នាក់ឯងអត់មាន
អ្នកណាចូលរួម ករណីដែលរដ្ឋាភិបាលចូលរួម ជាពិសេសសាលាក្រុងគឺមានកំរិត
តិចតួច”

គួរបញ្ជាក់ថាក្រុមហ៊ុនស៊ិនទ្រីគឺជាក្រុមហ៊ុនប្រមូលសំរាមឯកជនមួយដែលធ្វើប្រតិ
បត្តិការរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ។ បើតាមការអោយដឹងរបស់ក្រុម ហ៊ុននេះ
ទីក្រុងភ្នំពេញទាំងមូលផលិតសំរាមចំនួនជាង ១០០០ តោន ក្នុងមួយថ្ងៃ ដែល
បរិមាណនេះស្មើនឹងចំណុះប្រហែលជាជាង ១០០ ឡានកុង ទឺន័រធំៗ ហើយ សំរាម
ទាំងអស់នេះត្រូវបានដឹកយកទៅចាក់ចោលនៅកន្លែងចាក់សំរាម ស្ទឹងមានជ័យ។

លោក វ៉ា មឿន ប្រធានអង្គការម្លប់បៃតងដែលធ្វើការងារលើការអប់រំអំពីបរិស្ថាន
ដែរនោះបានមើលឃើញថាការប្រមួលនិងទុកដាក់សំរាមនៅក្នុងទីក្រុងនេះគឺពុំទាន់
មានលក្ខណៈល្អប្រសើរនៅឡើយដោយសាកង្វះធុងសំរាមនៅក្នុងទីក្រុង និងកង្វះ
ការយល់ដឹងរបស់ប្រជាជនអំពីបរិស្ថាននេះឯង។

សម្លេងលោក វ៉ា មឿន ៖ “ ការគ្រប់គ្រងសំរាមនេះគឺថាពុំសូវជាបានល្អទេ សំរាម
តាមផ្ទះ សំរាប់ក្រុមហ៊ុនស៊ិនទ្រីដែលទៅយកហ្នឹងវាចេះតែបាន ហើយ ប៉ុន្តែការ
ដែលប្រជាពលរដ្ឋយើងពង្រាយសំរាមតាមទីសាធារណៈ តាមសួនច្បារ តាមស្អីៗនេះ
ទោះបីជាថាមានដាក់ធុងសំរាមមានដាក់អីខ្លះ មែនប៉ុន្តែការដាក់ហ្នឹងវាមិនទាន់គ្រប់
គ្រាន់ហើយការអប់រំរបស់ប្រជាពលរដ្ឋយើងហ្នឹងគឺដូចជានៅទាបមែនទែនដែល
ទាក់ទងនឹងបរិស្ថានទីក្រុងហ្នឹង ជាពិសេសគឺរឿងបញ្ហាសំរាមហ្នឹងតែម្តង”។

ទាក់ទងទៅនឹងការទុកដាក់សំរាមនេះដែរ លោក សាស្រ្តាចារ្យ ហម គឹមគង់
ដែលបង្រៀនផ្នែកបរិស្ថាននៃសកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៏ថា
ប្រជាជននៅតាមផ្ទះភាគច្រើនពុំទាន់ចេះទុកដាក់សំរាមអោយបាន ត្រឹមត្រូវឡើយ
ដោយលោកថាពួកគេទាំងនោះពុំទាន់យល់ពីសារប្រយោជ នីនៃសំរាមទាំងនោះ
នៅឡើយ។

សម្លេងលោក ហម គឹងគង់ ៖” ភាគច្រើនប្រជាជនគាត់អត់អោយតំលៃទៅលើសំរាម
ហ្នឹងផង គាត់អត់គិតថាសំរាមគឺជាលុយហា៎ អញ្ចឹងគាត់ដាក់ ច្របូក ច្របល់ ចូលគ្នា
តែម្តងតាំងពីសំរាមដែលយើងអាចកែឆ្នៃឡើងវិញបានរឺក៏សំរាមណាដែលយើងអាច
យកធ្វើជាជីកំប៉ុសអីបានអីអញ្ចឹងគឺគាត់អត់ ទាន់មាន ភាគច្រើនគឹយើងមើលឃើញ
តាមផ្ទះតាមអីទៅគឺយើងឃើញអត់ ទាន់មានទេគឺអាចថាការទុកដាក់ហ្នឹងវាមិនទាន់
បានជ្រាបដល់គំនិតរបស់ គាត់ប៉ុន្មានដែលគាត់គិតដល់ថាសំរាមហ្នឹងមានប្រយោជន៏
ដែរ”

លោក ហេង យ៉ុនគូរ៉ា នាយកកម្មវិធីនៃអង្គការកែច្នៃនិងអនាម័យសហគមន៍ ដែល
ហៅកាត់តាមភាសាអង់គ្លេសថា CSARO បានមានប្រសាសន៍ ថាថ្វីត្បិត តែប្រជាជន
ខ្លះមានអារម្មណ៍ខ្ពើមរអានឹងសំរាមក៏ដោយ ក៏ធាតុពិតសំរាមប្រភេទខ្លះអាចត្រូវ បាន
យកទៅកែច្នៃធ្វើជាឧបករណ៍និងគ្រឿងលំអផ្សេងៗ បាន។

សម្លេងលោក ហេង យ៉ុនគូរ៉ា៖”របស់ដែលយើងអាចច្នៃបានដូចជាថង់ ប្លាស្ទិក
អីហ្នឹងយើងច្នៃទៅជាកន្រ្តករឺក៏មួក រឺក៏កន្តាបអីអញ្ចឹងហា៎ អាហ្នឹងថង់ ប្លាស្ទិក
ដល់ពេលក្រដាសដូចជាក្រដាសMagazineរឺក៏ Posterអីក្រាសៗ មានជាតិ
ធម្មជាតិអីពីដើមមក យើងអាចវេញធ្វើជាគ្រាប់ៗ ធ្វើជាខ្សែដៃរឺក៏ ខ្សែកអីពាក់
លំអដែរអាហ្នឹងសំរាប់ស្រ្តី ហើយកាសែតអី យើងអាចមូរធ្វើ ជាប្រអប់ដាក់ សំភារៈ
ផ្សេងៗរឺក៏ធ្វើជាធុងសំរាមអីផ្សេងៗក៏បានដែរ ក្រដាសហ្នឹង ហើយមួយផ្នែកទៀត
ធ្វើជាស្រោមសំបុត្រប្រើប្រាស់ ឡើងវិញ”លោកបានបន្តទៀតថា ប្រភេទសំរាមខ្លះ
ទៀតដូចជាសំបកកង់ឡាននិងកាកសំណល់ផ្ទះបាយក៏អាចយកទៅកែច្នៃអោយ
ទៅជាប្រយោជន៍ផ្សេងៗបានផងដែរ។

សម្លេងលោក ហេង យ៉ុនគូរ៉ា៖”ផ្នែកដូចជាកង់ឡានអីចាស់ៗយើងយកមក កាត់
ធ្វើជាថូផ្កាបានដាក់ដាំផ្កាបាន កង់ឡានប្រភេទតូចប្រភេទធំអីយើង ច្នៃតាមហ្នឹង
ហើយហ្នឹងសំណល់ Organic Waste គេហៅថាសំណល់ផ្ទះ បាយដូចជា
បាយសល់ដូចជាប្រឡែប្រឡុកដែលគាត់ចិតហើយលែងត្រូវការអីហ្នឹង យើងមិន
ចង់អោយគាត់ចោលទេ អោយគាត់ធ្វើជាជីកំប៉ុស។ កំប៉ុសហ្នឹងយើងអាចប្រើក្នុង
សួនច្បារផ្ទះគាត់ក៏បាន ដាំផ្កាអីបន្តិចបន្តួច មួយថូរពីរថូរនៅមុខផ្ទះដោយប្រើ
អាជីកំប៉ុសហ្នឹង”។

តែទោះជាយ៉ាងនេះក្តី លោកទទួលស្គាល់ថាវាមានការលំបាកក្នុងការអោយ
ប្រជាពលរដ្ឋបែងចែកសំរាមទៅតាមប្រភេទដែលអាចកែច្នៃបាននិងប្រភេទ ដែល
មិនអាចកែច្នៃបាននេះ។ ដូច្នេះ លោកថា មានតែអាជ្ញាធ័រដែលពាក់ ព័ន្ធ បញ្ហា
សំរាមនេះទេដែលអាចដោះស្រាយបញ្ហានេះបាន ដោយបង្កើត អោយ មាន
មណ្ឌលបែងចែកសំរាមដែលលោកហៅជាភាសាអង់គ្លេងថា Processing
Centre នៅតាមកន្លែងចាក់សំរាមនោះ។

សម្លេងលោក ហេង យ៉ុនគូរ៉ា៖” ធម្មតាអ្នកស្រុក ទាំងគេទាំងយើងមិនធ្វើ ការ
រឿងសំរាម យើងរអើមសំរាមហើយ យើងញ៉ុកសំរាមគ្រប់ប្រភេទក្នុង ថង់មួយ
តែយើងជាអ្នកធ្វើការងាររឿងសំរាមដូចជាខាងសាលាក្រុងនិង ក្រុមហ៊ុនប្រមួល
សំរាមសព្វថ្ងៃហ្នឹង គាត់គួរតែបង្កើតកន្លែងណាមួយដែលគេហៅថា Processing
Centre ប្រសិនបើយើងអត់បានបែងចែក កន្លែងហ្នឹងគឺ១០០ គឺទៅទាំង១០០
មួយថង់គឺទៅទាំងមួយថង់ គឺវាអត់មាន ថាមួយថង់ហ្នឹងយើងបែងចែករបស់ខ្លះ
ដែលយើងអាចប្រើបានអញ្ចឹងទៅ វាបានទៅជាកន្លះថង់រឺតិចជាងកន្លះថង់ដែល
យើងចោល”

ឆ្លើយតបទៅនឹងបញ្ហានេះ លោក ម៉ាន់ ឈឿន អភិបាលរងក្រុងភ្នំពេញបាន មាន
ប្រសាសន៍ថា សាលាក្រុងគ្រោងនឹងបិទកន្លែងចាក់សំរាមនៅស្ទឹងមាន
ជ័យចោលហើយបើកកន្លែងចាក់សំរាមនៅទីតាំងថ្មីវិញដោយរៀបចំអោយ
មានកន្លែងបែងចែកសំរាមនេះអោយស្របទៅតាមបទដ្ឋានអន្តរជាតិ។

សម្លេងលោក ម៉ាន់ ឈឿន៖”កន្លងមកសំរាមអីគឺថាបញ្ចុះជ្រុមតែម្តង ចង់
សឺរាងក្តី ស្អីៗណារបស់ពេទ្យរបស់អីហ្នឹងទៅ ឥឡូវយើងចាប់ដៃគ្នា បណ្តើរៗ
គឺថា យកទៅទីលានថ្មីហ្នឹង យើងមានគេហៅថាចូលក្នុងស្តង់ដា គេហៅថា
International standard គឺថាមិនមែនយកសំរាមទៅបញ្ចុះជ្រុម
ដូចមុនទៀតទេគឺយើងបំបែកចេញថាសំរាមនេះគឺសំរាមផ្ទះបាយ សំរាមនេះ
គឺសំរាមគ្រោះថា្នក់ សំរាមនេះគឺសំរាមថ្មពិល ថ្មពិលគឺយើងបាន ធ្វើបណ្តើរៗ
ទៅហើយ អោយប្រមូលថ្មពិលដាក់ម្តុំនិងប្រភេទសំណល់ ដែលវាប៉ះពាល់
ដល់វិទ្យុសកម្មអីៗហ្នឹងយើងបំបែក អញ្ចឹងជឿថាទីតាំង ថ្មីនេះវាមិនដូចពី
មុខពេកទេ ទីតាំងដែលវាមានស្រាប់អញ្ចឹង ពិបាកកែ សំរួល តែទីតាំងថ្មីយើង
នឹងធ្វើ អោយត្រូវតាមក្បួនខ្នាតរបស់អារ្យ ប្រទេសហើយ”

លោកបានអោយដឹងផងដែរថា ទីតាំងនៃទីលានចាក់សំរាមថ្មីនេះគឺស្ថិតនៅ
ជិតវាលពិឃាត ហើយគ្រោងនឹងបើកនៅឆ្នាំ២០០៩ ខាងមុខនេះ។

ប្រិយមិត្តអ្នកស្តាប់វិទ្យុអូស្រ្តាលីជាទីមេត្រី នាទីកម្រងសង្គមរបស់វិទ្យុ យើង
នៅថ្ងៃនេះចប់តែប៉ុណ្ណេះ។ ខ្ញុំបាទ សាយ មុន្នី អ្នករៀបរៀង នាទីនេះ សូមអរគុណ

ចំពោះការយកចិត្តទុកដាក់តាមដានស្តាប់របស់លោកអ្នកនាងតាំងពីដើម
រហូតមក។ បើលោកអ្នកនាងកញ្ញានិងប្រិយមិត្តមានមតិយោបល់រឺការរិះ
គន់ណាមួយមកលើនាទីនេះ ខ្ញុំនឹងរង់ចាំទទួលស្វាគមន៏ដោយ
សោមនស្ស រីករាយ។

តែពេលនេះ ខ្ញុំសូម គោរពលាលោកអ្នកនាង និងប្រិយមិត្តទាំងអស់ដែលនិយម
ស្តាប់វិទ្យុអូស្រ្តាលី តែត្រឹមនេះសិន។ ខ្ញុំនឹងវិលមកជួបលោកអ្នកនាង កញ្ញាជាថ្មី
ម្តងទៀតនៅសប្តាហ៍ក្រោយ។ សូមអរគុណ។ សូមជំរាបលា។

បាទ!/ចាស៎! កល្យាណមិត្តអ្នកស្តាប់វិទ្យុអូស្រ្តាលីជាទីមេត្រី បើលោក
អ្នកនាងខកខានមិនបានស្តាប់នាទីនេះតាំងពីដើមដំបូងមកទេនោះ លោកអ្នក
នាងអាចបើកស្តាប់នាទីនេះបានតាម វេបសាយ របស់ វិទ្យុ យើងដែលមាន
អាសយដ្ឋាន អ៊ីនធើណិត radioaustralia.net.au/khmer ។ សូមអរគុណ!


បញ្ចេញ មួយចំលើយតប