ការពិនិត្យស្បូនទប់ស្កាត់ជំងឺមហារីកមាត់ស្បូន
សញ្ញានៃជំងឺមហារីកមាត់ស្បូនដែលអាចសម្លាប់ស្រ្តីបាន ដើម្បីការពារនិងព្យាបាល
ទាន់ពេលវេលា។ ស្បូនជាសរីរាង្គសម្រាប់កកើតនិងចិញ្ចឹមទារកក្នុងផ្ទៃ អាចឆ្លងរោគ
ផ្សេងៗបានដោយងាយគ្រប់ពេលវេលា។ ក្នុងនាទីសុខភាពថ្ងៃនេះ លោកវេជ្ជបណ្ឌិត
វ៉ា ជីវ័ន្ត នៃអង្គកាថែទាំសុខភាពគ្រួសារកម្ពុជានឹងធ្វើការបកស្រាយជុំវិញភាពចាំបាច់
ដែលស្រ្តីគួរតែពិនិ្យស្បូនហើយលោកក៏នឹងជំរាបអំពីសេវាឥតគិតថ្លៃសម្រាប់ស្រ្តីមួយ
ចំនួន៕ 26/03/2008
(អ្នកនាង ស៊ូ ភនី)
ច៎ា អប្បាញ់នេះគឺជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្ត នៃអង្គការថែទាំសុខភាព
គ្រួសារកម្ពុជាឬហៅថា រ៉ាក់ដែរនោះ។ លោកបានមានប្រសាសន៍អំពី ភាពចាំបាច់ដែល
ស្រ្តីគួរតែទៅពិនិត្យមាត់ស្បូនឲ្យបានទៀតទាត់ដើម្បីរុករកជាមុននូវរោគសញ្ញានៃជំងឺមហារីកមាត់ស្បូនដែលអាចសម្លាប់ស្រ្តីបាន។ ហើយលោកអ្នកនឹងបានជ្រាបជាបន្ថែមទៀត
នៅក្នុងពេលបន្ដិចទៀតនេះ។ តែជាដំបូងនេះ សូមលោកអ្នកនាងជួបជាមួយលោក យុទ្ធ
ឈាង ដែលជាអ្នករៀបចំផលិតនាទីសុខភាពវិទ្យុអូស្រ្តាលី ដែលនឹងជូនសេចក្ដីណែនាំ
និងពិភាក្សាអំពីប្រធានបទនេះ ជាមួយលោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្ត ដូចតទៅ៖
បាទ! តែខ្ញុំសូមអនុញ្ញាតិសួរអ្នកនាង ស៊ូ ភនីបន្តិច គឺថាតើអ្នកនាងទៅពិនិត្យមាត់ស្បូន
បានទៀងទាត់ដែរឬទេហ្នឹង?
ច៎ាស ចំពោះការពិនិត្យស្បូនហ្នឹងគឺសំខាន់ណាស់ច៎ា ខ្ញុំមិនដែលខានទាល់តែសោះ ឲ្យ
តែដល់ថ្ងៃដល់ខែ ខ្ញុំទៅជួបគ្រូពេទ្យហើយ គឺថា២ឆ្នាំម្ដងយ៉ាងតិច។
ដូច្នេះឃើញថាអ្នកនាង សួ ភនី មានការប្រុងប្រយ័ត្នមែន! បាទ សូមអរគុណ!
លោកអ្នកនាងកញ្ញាជាទីមេត្រី ក្នុងនាទីសុខភាពវិទ្យុអូស្រ្តាលីដែលនៅថ្ងៃនេះ ខ្ញុំ យុទ្ធ
ឈាង សូមលើកយកប្រធានបទសុខភាពមួយ ដែលនឹងផ្ដល់ជូនលោកអ្នកនាងជាព័ត៌មាន
សំខាន់ៗអំពីផលប្រយោជន៍នៃការពិនិត្យមាត់ស្បូន។ វិទ្យុអូស្រ្តាលីមានកិត្ដិយសនឹង
អញ្ជើញលោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្តនៃអង្គការថែទាំសុខភាពគ្រួសារកម្ពុជាដែលហៅកាត់
ជាភាសាអង់គ្លេសថា រ៉ាក់ នោះ ដើម្បីមកជម្រាបបំភ្លឺប្រិយមិត្តយើងទាំងអស់បានស្គាល់
ថាតើ ការពិនិត្យមាត់ស្បូនគឺជាអ្វី និងតើធ្វើដើម្បីអ្វី ហើយនិងថាតើគេធ្វើទៅដោយបែប
ណាខ្លះ?
ជាដំបូងបង្អស់នេះ ចូរយើងស្វែងយល់ថាតើស្បូនជាអ្វីសិន។ បាទ ចំពោះប្រិយមិត្តដែល
មិនទាន់ស្គាល់ ហើយនិងនិយាយឲ្យងាយស្រួលយល់នោះស្បូនគឺសរីរាង្គមួយស្ថិតក្នុង
ផ្នែកពោះនៃខ្លួនប្រាណស្រ្តី។ បាទ សូមអញ្ជើញជួបជាមួយលោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្ត ដែលនឹងពន្យល់បន្ថែមតាមទូរស័ព្ទដែលខ្ញុំបានជួបមុននេះបន្ដិច៖
(សម្លេងនៃការបំភ្លឺរបស់លោក វ៉ា ជីវ័ន្ដ)
បាទ លោកអ្នកនាងជាទីមេត្រី ដូចលោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្ត ជំរាបអម្បាញ់មិញនេះគឺថា ស្បូនមានតួនាទីក្នុងការកកើតនិងចិញ្ចឹមទារក។ ប៉ុន្តែតាមរយៈស្បូននេះ ក៏មានការឆ្លង
រោគនិងជំងឺផ្សេងៗដែរជាពិសេសមហារីកមាត់ស្បូនតែម្ដង ដែលវាអាចសម្លាប់ស្រ្តីបាន។
លោកអ្នកនាងកញ្ញាជាទីមេត្រី យោងតាមក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
ដែលយើងខ្ញុំធ្លាប់បានអញ្ជើញចូលរួមក្នុងនាទីសុខភាពវិទ្យុអូស្រ្តាលីក្នុងពេលថ្មីៗនេះ
គឺថា ?ជំងឺមហារីកមាត់ស្បូនគឺជាប្រភេទមហារីកទី១ដែលនិយមកើតទៅលើស្រ្តីនៅកម្ពុជា?
ហើយនិងជាលំដាប់ទី២សម្រាប់ពិភពលោកទាំងមូល ដែលសម្លាប់ស្រ្តីអស់រាប់សែននាក់ទូ
ទាំងសកលលោក។ អ្នកវិទ្យាសាស្រ្តបានរកឃើញ ថ្នាំចាក់ការពារជំងឺមហារីកមាត់ស្បូន
ហើយប៉ុន្ែតនៅប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះគឺមិនទាន់មានថ្នាំចាក់បង្ការជំងឺមហារីក
មាត់ស្បូនដូចនៅប្រទេសជឿនលឿនដូចជាអូស្រ្តាលី ដូច្នេះមានតែវិធីពិនិត្យ ផែបស្មៀរនេះ
ឯង គឺជាវិធីងាយស្រួលមួយ។
ក្នុងការពិនិត្យមាត់ស្បូន គ្រូពេទ្យឬអ្នកជំនាញ កៀរបៀកយករំអិលពីមាត់ស្បូនទៅពិសោធ
ដែលពាក្យបច្ចេកទេស ជាភាសាអង់គ្លេសហៅថា ផាប់ស្មៀរ (pap smear)។ ការធ្វើតេស្ត
ផែបស្មៀរគឺជាវីធីមួយដែលអាចឲ្យគ្រូពេទ្យឬអ្នកជំនាញអាចពិនិត្យបញ្ជាក់រោគសញ្ញាដែល
អាចនាំឲ្យកើតមហារីកមាត់ស្បូន។ សូមអញ្ជើញលោកអ្នកនាង ជួបជាមួយលោកវេជ្ជ វ៉ា ជីវ័ន្ត
ជាបន្តទៀត ដែលលោកនឹងការពន្យល់អំពីការពិនិត្យមាត់ស្បូន។
(សម្លេងលោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្ត)
លោកអ្នកនាងទើបតែបានស្ដាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្តនៃអង្គការរ៉ាក់ដែល
លោកបានជំរាបអំពីរបៀបនៃការពិនិត្យមាត់ស្បូនដើម្បីបញ្ជាក់អំពីរោគសញ្ញាដែលអាចនាំ
ឲ្យកើតជំងឺមហារីកមាត់ស្បូន។ ក្នុងការពិនិត្យមាត់ស្បូនលោកអ្នកអាចអញ្ជើញទៅមន្ទីរព្យាបាល
រោគ មន្ទីរពេទ្យឬក៏មជ្ឈមណ្ឌលសុខភាពសហគមន៍របស់លោកអ្នកដើម្បីសាកសួរនិងពិគ្រោះ
យោបល់អំពីពិនិត្យមាត់ស្បូន។ ចំពោះអង្គការរ៉ាក់ជាអង្គការផ្ដល់ការថែទាំសុខភាពគ្រួសារ មានទីតាំងនៅជាច្រើនកន្លែងទូទាំងប្រទេសកម្ពុជា ហើយអង្គការរ៉ាក់ក៏មានផ្ដល់សេវាពិនិត្យ
មាត់ស្បូនរកមើលរោគសញ្ញាមហារីកមាត់ស្បូន ដល់ស្រ្តីជាទូទៅផងដែរ។ លោកវេជ្ជបណ្ឌិត វ៉ា
ជីវ័ន្តនៃអង្គការរ៉ាក់នឹងជម្រាបលោកអ្នកនាងអំពីសេវារបស់រ៉ាក់ដែលមានតម្លៃអនុគ្រោះនិងមិយក
ថ្ងៃចំពោះស្រ្តីមួយចំនួន ដូចជាសិស្ស ស្រ្តីរកស៊ីផ្លូវភេទ និងស្រ្តីក្រីក្រ ដែលមានខ្លឹមសារដូចតទៅ៖
(សម្លេងលោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្ត)
បាទ លោកអ្នកនាងបានជ្រាបហើយអំពីទីតាំងរបស់និងសេវារបស់អង្គការរ៉ាក់ដែលនៅជិត
កន្លែងរស់នៅរបស់លោកអ្នក ដែលលោកអ្នកអាចទៅទទួលការពិនិត្យមាត់ ស្បូនបាន។
បាទ លោកអ្នកនាងប្រហែលជាកំពុងតែគិតថា ការទៅពិនិត្យមាត់ស្បូននេះ ធ្វើឲ្យស្រ្តីមាន
ការអៀនខ្មាស់ពេទ្យ ហើយមើលទៅ ប៉ុន្តែចូរគិតថា គ្រូពេទ្យមានការគិតគូរណាស់ចំពោះ
បញ្ហានេះ ហើយក៏មានមធ្យោបាយសម្រាប់ជួយក្នុងបញ្ហាខ្នាស់អៀននេះដែរ ដោយមាន
ពេទ្យស្រីដូចគ្នាធ្វើការពិនិត្យ។លោក វេជ្ជបណ្ឌិត វ៉ាជីវ័ន្ត ជម្រាបបញ្ជាក់យ៉ាងដូច្នេះ៖
(សម្លេងលោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្ត)
លោកអ្នកនាងកញ្ញា ទើបតែបានស្ដាប់លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្ត នៃអង្គការថែទាំសុខ
ភាពគ្រួសារកម្ពុជា ហៅកាត់ថារ៉ាក់ ដែលបានផ្ដល់ព៌ត៌មានសំខាន់ៗជុំវិញការពិនិត្យមាត់
ស្បូន ជាការរុករកសញ្ញារោគនៃជំងឺមហារីកមាត់ស្បូន។ លោកបានជូនជាឱវាទថាស្រ្តី
គួរទៅតែពិនិត្យឲ្យបានទៀងទាត់ មួយឆ្នាំម្ដងជាមួយគ្រូពេទ្យជំនាញ។ អង្គការ៉ាក់មានទី
តាំងនៅច្រើនខេត្តទូទាំងប្រទេសកម្ពុជាហើយមានផ្ដល់ជូនសេវាពិនិត្យមាត់ស្បូនដល់
ស្រ្តីគ្រប់រូប។
លោកអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រី នាទីសុខភាពវិទ្យុអូស្រ្តាលីខេមរភាសា
នៅពេលនេះ ស្ដីអំពីការពិនិត្យមាត់ស្បូន ឈាង ចប់តែប៉ុណ្ណេះ ហើយនាទីសុខភាពនឹង
វិលត្រឡប់មកជួបបម្រើលោកអ្នកនាងសាជាថ្មីម្ដងទៀតនៅថ្ងៃពុធក្រោយ ក្នុងកម្មវិធីផ្សាយ
ប្រចាំថ្ងៃរបស់វិទ្យុអូស្រ្តាលីខេមរភាសា ។ សូមអរគុណលោកអ្នកដែលតាមដានស្ដាប់។
តែនៅពេលខ្ញុំបាទ យុទ្ធ ឈាង សូមគោរពលា៕
———————————————————–
ច៎ា!
ប្រសិនបើលោកអ្នកមានសំណួរឬសំណូមពរផ្សេងៗទាក់ទងនឹងសុខភាព លោកអ្នកនាង
អាចទំនាក់ទំនងមកយើងខ្ញុំដោយផ្ញើលិខិតមកវិទ្យុអូស្រ្តាលី តាមប្រអប់សំបុត្រលេខ ៤១៤
ក្រុងភ្នំពេញ ឬក៏ផ្ញើសារមកអាសយដ្ឋានអ៊ិម៉ែល៖ khmer@radioaustralia.net.au៕

បញ្ចេញ មួយចំលើយតប