គុណប្រយោន៍សុខភាពបានមកពីការហូបបាយអង្ករសម្រូប

អង្ករសម្រូបនិងអង្ករសម្រិតដែលកិនឲ្យយ៉ាងសនោះមានភាពខុសប្លែកគ្នា មិនត្រឹមតែមាន
ព័ណ៌ក្រហមនិងសទេ គឺអង្ករសម្រូបមានផ្ទុកជីវជាតិទ្រទ្រង់សុខភាពរបស់លោកអ្នកច្រើន
ជាងអង្ករស។ រីឯតម្លៃនៃការទិញអង្ករសម្រូបគឺថោកជាងផង។ អង្ករសម្រូបមានផ្ទុកជីវជាតិ
ពពួក B ហើយកង្វះជីវជាតិបេ គឺធ្វើឲ្យកើតជំងឺហើមស្ពឹកនិងបញ្ហាសុខភាពផ្សេងៗ។
23/04/2008

បាទ សួស្ដីនិងជំរាបសួរ ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជាទីមេត្រី ខ្ញុំយុទ្ធ ឈាង វិទ្យុអូស្ដ្រាលី
ខេមរភាសាមានសេចក្ដីរីករាយនឹងនាំមកជូននូវនាទីសុខភាពនៅពេលនេះដែលនឹងនិយាយ
អំពីអង្ករសម្រូបផ្ដល់គុណប្រយោជន៍ល្អសម្រាប់សុភាពរបស់លោកអ្នក។

បាទ អង្ករសម្រូបនិងអង្ករសគឺមិនមែនតែមានភាពខុសប្លែកគ្នាត្រង់ព៌ណក្រហមនិងស
ប៉ុណ្ណោះទេ គឺខុសគ្នាទាំងតម្លៃតីញ ដែលទាបជាងអង្ករស ហើយជាងនេះទៅទៀតនោះ គឺវាមានគុណប្រយោជន៍បានពីធម្មជាតិសម្រាប់សុខភាពរបស់លោកអ្នកផង។ បើបាន
ស្រូវ​ថ្មីផងគឺមានរស់ជាតិយ៉ាងឆ្ងាញ់។ ហេតុអ្វីបានជាមនុស្សយ៉ាងច្រើនបែរជានិយម
ទទួលទានអង្ករដែលកិនឲ្យយ៉ាងសទៅវិញ? បាទគឺវាមានប្រវត្តិយ៉ាងខ្លីថា ក្នុងសតវត្សរ៍
ទី១៩ មនុស្សនៅក្នុងតំបន់អាស៊ីបានរកឃើញវិធីមួយដែលគេអាចកិនស្រូវធ្វើឲ្យទៅជា
អង្ករសរលូង ដោយពួកគេយល់ថាអង្ករសគឺមិនត្រឹមតែល្អមើលទេ គឺគេយល់ឃើញថា​វាថែមទាំងមានរស់ជាតិឆ្ងាញ់ផងដែរ ហើយក៏មានទម្លាប់ហូបអង្ករសជារហូតតមក។
ក៏ប៉ុន្តែមិនយូរប៉ុន្មាន ក៏មានការកើតឡើងនូវបញ្ហាសុខភាពជាច្រើន ដូចជាមានបញ្ហា
ក្នុងប្រព័ន្ធរំលាយអាហារ មានភាពខ្សោយកម្លាំង ឬមានការឈឺឆៀបៗតាមដៃជើងជាដើម
ជាមូលហេតុនៃជំងឺហើមស្ពឹក ដោយសារកង្វះជីវជាតិសំខាន់សម្រាប់ទ្រទ្រង់សុខភាព។
នៅពេលនោះពួកគេមិនយល់ទេថា ហេតុអ្វីបានជាអ្នកក្រគ្មានលទ្ធភាពទិញអង្ករសហូម​
នោះបែរជាមិនកើតជំងឺហើមស្ពឹកសោះ។ ក្រោយមកអ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវរក
ឃើញថា ការកិនស្រូវឲ្យអង្ករសរលូងនោះគឺបានយកចេញអស់សំបកក្រហមនៃគ្រាប់
អង្ករ​ដែលមានសមបូរទៅដោយជីវជាតិ ឬវតាមីនដ៏សំខាន់ៗសម្រាប់សុខភាពមនុស្ស។
ការកិនអង្ករឲ្យសនោះ គឺបាត់បង់នូវជីវជាតិ វិតាមីន បេ ចំនួនបីប្រភេទ។ ទាក់ទងនឹងការ​
ទទួលទានអង្ករសនៅប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្តនៃអង្គការរ៉ាក់ឬសមាគម
ថែទាំសុខភាពគ្រួសារកម្ពុជាដែលធ្លាប់បានចូលរួមក្នុងនាទីសុខភាពវិទ្យុអូស្រ្តាលីកាលពី
ពេលមុនៗស្ដីអំពីសុខភាពបន្ដពូជនោះ ក៏បានផ្ដល់ការចាប់អារម្មណ៍ផងដែរ អំពីអត្ថ​
ប្រយោជន៍សុខភាពដែលហុចឲ្យក្នុងការទទួលទានអង្ករសម្រូបនេះ ដោយមានប្រសាសន៍
យ៉ាងដូច្នេះថា៖

សម្លេង Dr. Var Chivorn

បាទ លោកអ្នកនាងកញ្ញាជាទីមេត្រី ដូចលោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្ត មានប្រសាសន៍ថាអម្បាញ់
មិញនេះហើយថា អង្គរសម្រូបមានផ្ទុកវិតាមីនបេ សម្រាបើផ្ដល់ភាពរឹងមាំដល់សរសៃបាសាទ
និងឆ្អឹង។ បាទ ការកិនយកអង្ករឲ្យយ៉ាងសនោះ គឺវាបាត់នូវជីវជាតិវិតាមីន បេទាំងបីប្រភេទ
ស្ទើរតែទាំងអស់ និងបាត់ជីវជាតិដែក ព្រមជីវជាតិសំខាន់ៗជាច្រើនទៀតយ៉ាងតិច១១ប្រភេទ
ដែលរាងកាយរបស់លោកអ្នកត្រូវការ និងការបង្ការជំងឺផ្សេងៗផងដែរ។ លោកវេជ្ជបណ្ឌិត វ៉ា
ជីវ័ន្ត ផ្ដល់ជាឱវាទថាលោកអ្នកគួរតែទទួលទានអង្ករសម្រូបជាប្រចាំដើម្បីឲ្យទទួលនូវគុណ​
ប្រយោជន៍សុខភាពទាំងឡាយ ដែលបានពីការហូបអង្ករសម្រូប បាទ។

(សម្លេង)

បាទ លោកអ្នកនាងជាទីមេត្រី បន្ថែមពីការបាត់បង់ជីវជាតិសំខាន់ៗដោយសារការកិនយក
អង្ករសនោះគឺម្យ៉ាងទៀតបងប្អូនខ្មែរយើងជាច្រើននិយមដាំបាយលាងអង្ករទោះបីជាអង្ករ
នោះមានការសម្រិតយ៉ាងស្អាតនិងច្រកការរ៉ុងហើយក្ដី។ ចំពោះខ្លួនខ្ញុំបាទផ្ទាល់វិញសព្វ
ថ្ងៃនេះ នៅពេលដែលខ្ញុំដាំបាយម្ដងៗ ខ្ញុំមិនដែលលាងអង្ករទាល់តែសោះ គឺគ្រាន់តែវាល់
អង្កររួចដាក់ទឹកស្មានល្មម ហើយដាក់ដាំដោយឆ្នាំងភ្លើងតែម្ដង ប៉ុន្ដែប្រពន្ធខ្ញុំដែលទម្លាប់
លាងអង្ករម្ដងបីទឹកនោះ ចូលចិត្តស្ដីបន្ទោសខ្ញុំថាគ្មានការអនាម័យសោះ។

ដូច្នេះហើយទើបខ្ញុំជំរាបសួរទៅលោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្ត ដើម្បីសុំការបំភ្លឺអំពីការខាតបង់​
ជីវជាតិល្អសម្រាប់សុខភាពក្នុងការលាងអង្ករសម្អាតចោលនូវជាតិបន្ទុកសៗចេញ៖

(សម្លេង)

លោកអ្នកនាងកញ្ញាជាទីមេត្រី ប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក គេហូបអង្ករ​សម្រិតដែលកិនដោយម៉ាស៊ីនឲ្យសរលូងដែរ ក៏ប៉ុន្ដែគេមានច្បាប់រដ្ឋដែលតម្រូវជាការ
ចាំបាច់ដែរ ឲ្យមានការដាក់បន្ថែមនូវជីវជាតិប្រភេទជីវជាតិបេទាំងបី។ កង្វះជីវជាតិបេ គឺបណ្ដាលកើតជាជំងឺហើមស្ដឹក។ លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន្តផ្ដល់ការពន្យល់អំពីជំងឺនេះ
ដូចតទៅ៖

(សម្លេង)

បាទ លោកអ្នកនាងកញ្ញាជាទីមេត្រី ទើបតែបានស្ដាប់ប្រសាសន៍លោក វេជ្ជបណ្ឌិត វ៉ា ជីវ័ន្ត នៃអង្គការថែទាំងសុខភាពគ្រួសារកម្ពុជា ហៅថា រ៉ាក់ ដែលបានជំរាបអំពីជំងឺហើមស្ពឹក
ដោយ​សារកង្វះជីវជាតិឬវិតាមីនបេ។ បាទ វិតាមីនបេទាំងបីប្រភេទនិងជីវជាតិសំខាន់ៗ
មួយចំនួនទៀត​គឺមាននៅក្នុងអង្ករសម្រូប។ ការកិនអង្ករឲ្យដោយគ្មានការដាក់បន្ថែមមកវិញ
នូវវិតាមីនបេ គឺជាការខាងបង់គុណប្រយោជន៍សុខភាពសរសៃប្រាសាទ សាច់ដុំ និងឆ្អឹង
ជាដើម។ ម្យ៉ាងវិញទៀតនោះ អង្ករសម្រូបមានតម្លៃថោកជាងអង្ករកិនស ហើយបើត្រូវថ្មី
ផងនោះ គឺអង្ករសម្រូបមានរស់ជាតិឆ្ងាញ់ពិសារ។ ការបុកស្រូវយកអង្ករដោយដៃគឺជាវិធី
បុរាណរបស់យើង ប៉ុន្តែលោកបានអង្ករទទួលសម្រូបល្អ។

សូមអញ្ជើញលោកអ្នកនាងរីករាយជាមួយបទចំរៀងមួយមានចំណងជើងថា អង្ករស្រូវថ្មី
ច្រៀងដោយលោកស៊ិន ស៊ីសាមុតនិងអ្នកស្រី ហួយមាសបន្តិចសិនបាទ៖

(ចំរៀង)

លោកអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រី នាទីសុខភាពវិទ្យុអូស្រ្តាលីខេមរភាសា
នៅពេលនេះ ចប់តែប៉ុណ្ណេះ។

ប្រសិនបើលោកអ្នកមានសំណួរឬសំណូមពរផ្សេងៗទាក់ទងនឹងសុខភាព លោកអ្នក​
នាងអាចទំនាក់ទំនងមកយើងខ្ញុំដោយផ្ញើលិខិតមកវិទ្យុអូស្រ្តាលី តាមប្រអប់សំបុត្រលេខ
៤១៤ ក្រុងភ្នំពេញ ឬក៏ផ្ញើសារមកអាសយដ្ឋានអ៊ិម៉ែល៖ khmer@radioaustralia.net.au។
តែនៅពេល ខ្ញុំបាទយុទ្ធ ឈាង សូមជំរាបលា៕


បញ្ចេញ មួយចំលើយតប