ជំងឺក្រពះ

ជំងឺក្រពះ

ក្រពះគឺជាអ្នកដែលទទួលចំណីអាហារដំបូងគេបង្អស់ បើប្រៀបធៀបទៅនឹងសរីរាង្គផេ្សង
ទៀតក្នុងខ្លួនរបស់យើងសុខភាពល្អរបស់សរីរាង្គក្រពះមានសារៈសំខាន់ខ្លាំងណាស់ចំពោះ
មនុស្សយើងគ្រប់គ្នាប៉ុន្តែប្រសិនបើក្រពះរបស់យើងមានបញ្ហាមិនប្រក្រតីវិញនោះ តើនឹង
មានអ្វីកើតឡើងចំពោះសុខភាពយើងគ្រប់គ្នា? សូមតាមដានស្តាប់នូវបទយកការណ៍
មួយរបស់លោក នី យូរ អង្គការផ្សព្វផ្សាយអប់រំសុខភាពកម្ពុជា​(ឆែមស៍)ក្រោមកិច្ច
សហការគ្នារវាងវិទ្យុអូស្រ្តាលី។
28/05/2008

ការបរិភោគចំណីអាហារមិនមានអនាម័យ ពោលចំណីអាហារដែលមានជាតិពុលឬគីមី
ទឹកមិនស្អាតការពិសារជាតិស្រវឹង និង ការគិតច្រើនពីបញ្ហាអ្វីមួយជាប្រចាំនោះ សុទ្ធសឹង
តែជាកត្តា ដែលនាំឲមានការប្រឈមមុខនឹងជំងឺក្រពះ។ បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត
សុង សេងច័ន្ទ ជំនាញផ្នែកក្រពះពោះវៀន និង ថ្លើម នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
បានមានប្រសាសន៍ថា មនុស្ស ដែលមានជំងឺក្រពះតែងមានអាការៈឈឺចាប់នៅចុងដង្ហើម
ស្គម និង អស់កម្លាំង។

(សមេ្លងផ្ទាល់របស់លោកវេជ្ជបណ្ឌិត ស៊ុង សេងចន្ទ័)៖

(ជំងឺក្រពះវាមានរោគសញ្ញារបស់វា ទីមួយវាឈឺចុកចាប់នៅចុងដង្ហើមការឈឺចាប់របស់វា
នេះ គឺវាមានជារបៀបចុករមួល ចុកក្រហាយផ្សា ឬក៏ក្តៅនៅចុងដង្ហើមហ្នឹងតែម្តង ទីពីរវា
អាចចង់ ក្អួតចង្អោរទីបីវាអាចស្គមអស់កម្លាំងល្ហិតល្ហៃ អាហ្នឹងជារោគសញ្ញាមួយទៀតដែរ
ហើយទីបួនអ្នកជំងឺទទួលទានអាហារមិនសូវបានច្រើនគឺគាត់ញុំបាយបន្តិចទៅគាត់ឆាប់
ពេញពោះ ក្រៅពីហ្នឹងវាអាចមានរោគសញ្ញាផ្សេងៗទៀតដូចឈឺក្បាលវិលមុខ។)

ដូចដែលសំដីលោកវេជ្ជបណ្ឌិត សុង សេងចន្ទ័ មានប្រសាសន៍ លោក សុផល អាយុ៣៦
ឆ្នាំ ដែលជាអ្នករត់ម៉ូតូឌុបបាននិយាយថា រូបគាត់សង្ស័យមានជំងឺក្រពះជាងបីឆ្នាំមកហើយ
ពីព្រោះ បុរសរូបនេះមានអាការៈ ចុកចាប់នៅចុងដង្ហើម ក្រោយពេលពិសារបាយរួច និង
ឧស្សាហ៍ភើ។

(សម្លេងផ្ទាល់របស់លោក សុផល អាយុ 36ឆ្នាំ ជាអ្នករត់ម៉ូតូឌុប)៖
(ភើហូបអីឆ្អែតទៅចេះតែចុកចុងដង្ហើម ដល់ពេលឆ្អល់អញ្ចឹងខ្ងុំទៅពេទ្យសួរទៅពេទ្យគេថា
អាហ្នឹងជំងឺក្រពះពោះវៀនវាទាក់ទងគ្នា ខ្ញុំកាលហ្នឹងយកអកឌឺណង់ពេទ្យយកមកទិញថ្នាំ
អញ្ចឹងទៅ ក៏ប៉ុន្តែទិញមកលេបមិនបានស្ថិតស្ថិរ។)

ពេលមានបញ្ហាក្រពះម្តងៗ ប្រជាពលរដ្ឋជាច្រើនបានទៅទិញថ្នាំពេទ្យតាមឱសថស្ថានតាម
ផ្សារឬភូមិឃុំជិតកន្លែងដែលពួកគាត់រស់នៅ។ អ្នកស្រីឱសថការី ជួន នារី នៅទល់មុខផ្សារ​
ទួលទំពូងក្រុងភ្នំពេញបានឲដឹងថា គាត់មើលឃើញពីភាពចន្លោះប្រហោងរបស់ប្រជាពល
រដ្ឋខ្មែរ ដែលមកទិញថ្នាំនៅកន្លែងរបស់គាត់ដោយគ្មានវិជ្ជបញ្ជាត្រឹមត្រូវ។

(សម្លេងផ្ទាល់របស់អ្នកលក់ថ្នាំពេទ្យ)៖
(ក្នុងមួយថ្ងៃៗខ្ងុំសង្កេតឃើញថា អ្នកដែលមកទិញហ្នឹងភាគច្រើនអត់សូវមានវេជ្ជបញ្ជា
ត្រឹមត្រូវទេគាត់មកទិញខ្លួនឯង ហើយនិងភាគច្រើនឲខ្ងុំផ្សំឲ្យ។)

ជាក់ស្តែងស្រ្តី គឹម នី អាយុ ៣៨ឆ្នាំរស់នៅសង្កាត់ទួលសង្កែររាជធានីភ្នំពេញ បានទៅ
ទិញថ្នាំនៅឱសថស្ថានមកព្យាបាលតែជំងឺរបស់គាត់មានអាការៈកាន់តែធ្ងន់ធ្ងរឡើងៗ។
ដោយមើលឃើញ ពីផលវិបាកនេះទើបគាត់សំរេចចិត្ត ទៅមន្ទីរពេទ្យឆ្លុះរកអាការៈរោគ
ឲ្យបានច្បាស់ពីគ្រូពេទ្យជំនាញ។

(សម្េលងផ្ទាល់របស់អ្នកស្រី គឹម នី អាយុ ៣៨ឆ្នាំ រស់នៅសង្កាត់ទួលសង្កែរ)៖
(មុនដំបូងវាចេះតែក្តៅក្នុងពោះ ហើយទិញថ្នាំលេបអត់បាត់ បើយើងចេះតែទិញថ្នាំលេប
ផ្សេងៗ​យើងអត់ដឹងរោគសញ្ញាអីយើងអស់លុយច្រើន ម្ល៉ោះហើយខ្ងុំទៅមន្ទីរពេទ្យដើម្បី
ឲ្យគេមើលទៅ គេថាទាល់តែលូកទុយោឆ្លុះបានគេបញ្ជាក់ថាយើងរលាកក្រពះហើយ បានជាគេចេញអកឌឺណង់អោយយើងទិញថ្នាំលេបមានថ្នាំលេបមានថ្នាំច្របាច់ជាតិស្អិតៗ)

ដោយសារតែប្រជាពលរដ្ឋខ្មែរមានជំនឿលើការប្រើប្រាស់ថ្នាំបុរាណនៅឡើយ ទើបមាន
មនុស្សម្នារយ៉ាងច្រើនបានងាកទៅរកសេវាព្យាបាលមួយនេះ។ លោកស្រី ឈាង នី អាយុ
៥៣ឆ្នាំ ជាអ្នកលក់ថ្នាំបុរាណខ្មែរនៅម្តុំផ្សារអូរឫស្សីក្រុងភ្នំពេញបាននិយាយថា មានអ្នក
ជំងឺក្រពះយ៉ាងច្រើន បានមកជាវថ្នាំបុរាណនៅកន្លែងគាត់។ អ្នកលក់ថ្នាំបុរាណរូបនេះ
ថែមទាំងបានបញ្ជាក់ថា ហាងរបស់ គាត់បានវេចខ្ចប់ថ្នាំបុរាណទាំងនេះទៅលក់នៅតាម
ខេត្តនានាទូរទាំងប្រទេស និង នៅតាមបណ្តារប្រទេសមួយចំនួនទៀតផង។

(សំឡេងផ្ទាល់របស់អ្នកលក់ថ្នាំខ្មែរ)៖
(បើនិយាយជាខ្ងុំចេញកញ្ចប់មួយខែរាប់ចង់មួយម៉ឺនកញ្ចប់ មិនធម្មតាទេ ខ្ងុំបោះគ្រប់ខេត្ត
តែម្តងតាំងពីកម្ពុជាក្រោម វៀតណាម ទៅអាមេរិចក៏គេយករបស់ខ្ងុំទៅដែរ។)

ទោះបីជាយ៉ាងនេះក្តី អ្នកលក់ថ្នាំខ្មែរដែលមានបទពិសោធន៍ជាង២០ឆ្នាំរូបនេះ នៅតែមិន
ហ៊ានធានាបានឡើយ ថាតើថ្នាំរបស់គាត់អាចព្យាបាលឲ្យជាសះស្បើយឬយ៉ាងណានោះ
ឡើយ។ គាត់បញ្ជាក់ថា បើចង់ដឹងអ្នកជំងឺគួរតែសាកល្បងប្រើមើល ព្រោះបច្ចុប្បន្ននេះ
មានមនុស្សជាច្រើន បានមកទិញថ្នាំរបស់គាត់។

(សំឡេងផ្ទាល់របស់អ្នកលក់ថ្នាំខ្មែរ)៖

(ខ្ងុំអត់មានធានាគេទេប្រហែល ជាពេទ្យមិនហ៊ានធានាផងត្រូវទេ? ប៉ុន្តែបើចង់ដឹងសាក
មើលបើផឹកត្រូវចាំមកទៀត ហើយគេយកទៅដូចគេកាក់កបគេចេះតែមករកខ្ងុំទៀតខ្ងុំ
ដឹងថាប្រហែលជា ត្រូវមែនទែនហើយបានគេចេះតែមក យើងមិនបាច់អួតទេ និយាយ
ត្រង់អញ្ចឹងតែម្តង។)

ថ្វីត្បិតតែជំងឺក្រពះនៅដំណាក់កាលដំបូង ពុំសូវបង្ករការគ្រោះថ្នាក់ដល់សុខភាពក៏ដោយ
តែបើគេនៅតែបន្តមិនរវីរវល់ការព្យាបាលនោះ ជំងឺមួយនេះនឹងវិវឌ្ឍន៍ទៅជាជំងឺមួយផ្សេង
ទៀតដែលបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិត សុង សេងច័ន្ទ បានសង្កត់ធ្ងន់
ថា អ្នកជំងឺក្រពះ នឹងប្រឈមមុខជំងឺធ្លាក់ឈាមឬមហារីក។

(សមេ្លងផ្ទាល់របស់លោកវេជ្ជបណ្ឌិត ស៊ុង សេងច័ន្ទ)

(កាលណាកើតជំងឺក្រពះហើយ ដូចជារលាកក្រពះ ដំបៅក្រពះអញ្ចឹងយើងមិនបាន
ព្យាបាល វាអាចវិវឌ្ឍន៍ទៅជំងឺផ្សេងៗទៀតដែលធ្ងន់ធ្ងរ ជួនកាលអាចប៉ះពាល់ដល់ជីវិត
យើងក៏មាន ហើយគ្រោះថ្នាក់ដែលធ្ងន់ធ្ងរនោះ ទីមួយគឺអាចធ្លាក់ឈាមដាច់សរសៃឈាម
ហើយទីពីរគឺធ្លាយ ក្រពះ ហើយទីបីវាវិវឌ្ឍន៍ទៅជាមហារីក ទាំងបីនេះហើយដែលសំខាន់
ជាងគេ។)

ជាឧទាហរណ៍ស្រាប់ អ្នកស្រី ឡារី អាយុ ៥០ឆ្នាំ រស់នៅខណ្ឌដង្កោ បានកើតជំងឺក្រពះនេះ
ជាយូរឆ្នាំមកហើយ ហើយបន្តរហូតដល់រូបគាត់ត្រូវធ្លាយក្រពះ ស្រ្តីរូបនេះបានបញ្ចាក់ថា
ការធ្លាយក្រពះនេះបណ្តាលមកពីគាត់ព្យាបាលមិនបានត្រឹមត្រូវ។ ជាភ័ព្វសំណាងរូបគាត់
បានរួចផុតពីគ្រោះ ថ្នាក់ដល់ជីវិត ដោយសារតែគាត់មកមន្ទីរពេទ្យទាន់ពេលវេលា។

(សំឡេងផ្ទាល់របស់អ្នកស្រី ឡារី)៖

(ខ្ញុំឈឺសន្លាក់ដៃ សន្លាក់ជើង ពេទ្យនៅទីនោះគេថាសន្លាក់ដៃសន្លាក់ជើង វាប៉ះពាល់នឹង
ក្រពះហើយ មិនចាប់អារម្មណ៍ថាខ្លួនអី ថ្នាក់ឈឺក្រពះដល់ធ្លាយអញ្ចឹងទេ ហើយខ្ញុំធ្លាយក្រ
ពះនេះគឺ បណ្តាលមកពីខ្ញុំហ្នឹងលេបថ្នាំសរសៃច្រើនពេក។)

ការព្យាបាលជំងឺក្រពះឲបានត្រឹមត្រូវ គឺអ្នកជំងឺគ្រប់រូបត្រូវតែមកជួបជាមួយគ្រូពេទ្យជំនាញ នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត សុង សេងចន្ទ័។ លោកវេជ្ជបណ្ឌិតបានបន្តថា មាន
តែគ្រូពេទ្យជំនាញទេ ដែលអាចកំនត់រោគវិនិច្ឆ័យបានច្បាស់ត្រឹមត្រូវ តែបើគេព្យាបាលដោយ
មិនមានជំនាញច្បាស់លាស់នោះ ការព្យាបាលនឹងមិនទទួលបានផលប្រយោជន៍អ្វីទាំងអស់។

ដើម្បីបង្កាខ្លួនកុំឲ្យកើតជំងឺក្រពះ លោកវេជ្ជបណ្ឌិត សុង សេងច័ន្ទបានអំពាវនាវឲប្រជាពល
រដ្ឋខ្មែរគ្រប់រូប ត្រូវយល់ដឹងពីអត្ថប្រយោជន៍មូលដ្ឋានគ្រឹះនៃអនាម័យល្អ គឺបរិភោគស្អាត
ទទួលទាន ទឹកស្អាត និងរស់នៅស្អាត លើសពីនេះទៀតពួកគាត់ត្រូវចៀសវាងការពិសារ
គ្រឿងស្រវឹងបើពុំសូវ ជាចាំបាច់នោះ។

ក្នុងនាមជាអ្នកលក់ថ្នាំពេទ្យមួយរូប អ្នកស្រី ជួន នារី បានសំណូមពរឲ្យអ្នកជំងឺទូទៅមិនថា
ជំងឺក្រពះឡើយ គួរតែទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យពីអាការៈរោគរបស់ខ្លួនឲ្យ
បានត្រឹមត្រូវជាមុនសិន ទើបយកវេជ្ជបញ្ជាទាំងនោះ មកឱសថស្ថានទិញថ្នាំជាក្រោយ។
គាត់បន្តថា គាត់ពិតជាចង់បានលុយ តែរូបគាត់ក៏គិតគូពីសុខភាពរបស់អ្នកជំងឺដែរ។

(សំឡេងផ្ទាល់របស់អ្នកលក់ថ្នាំពេទ្យ)៖
(អ្នកជំងឺទាំងអស់ដែលចង់ព្យាបាលជំងឺមួយៗឲដាច់ មិនថាជារោគក្រពះទេ រោគអីផ្សេងក៏
ដោយគួរណាស់ទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យវិញ ហើយគ្រូពេទ្យចេញវេជ្ជបញ្ជាមក យើង
ខ្ញុំជាអ្នកលក់ថ្នាំក៏តំរូវតាមវេជ្ជបញ្ជានោះ អាចដាក់ថ្នាំទៅតំរូវទៅតាមវេជ្ជបញ្ជាដែរ អញ្ចឹង
ពួកខ្ញុំអ្នកលក់ថ្នាំ មិនអាចជំនួសថ្នាំរបស់គ្រូពេទ្យបានដែរ។)

ប្រសិនបើលោកអ្នកនាងកញ្ញាមានចំងល់ណាមួយទាក់ទងទៅនឹងបញ្ហាសុខភាព ហើយចង់
ឲ្យកម្មវិធីរបស់យើងធ្វើការបកស្រាយជូននៅក្នុងនាទីសុខភាពរបស់វិទ្យុ អេ ប៊ី ស៊ី អូស្រា្តលី
លោក លោកស្រីអ្នកនាងកញ្ញា អាចសរសេរជាលិខិតផ្ញើរមកកាន់អង្គការ ឆេមស៍ ដែលមាន
ទីតាំងនៅផ្ទះ លេខ ១៧០ ផ្លូវ៤៥០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ​
ឬក៏អាចទំនាក់ទំនងតាមប្រពន័្ធអ៊ីមែល chems@online.com.kh ។

ខ្ញុំ នី យូរ អង្គការឆេមស៍ រាយការណ៍ពីទីក្រុងភ្នំពេញ៕


បញ្ចេញ មួយចំលើយតប