បច្ចេកវិទ្យាថ្មីក្នុងការដុតធ្យូងថ្មដោយមិនបំពុលបរិស្ថាន
នាទីឯកទេស
អត្ថបទជាលាយលក្សអក្សរ
បច្ចេកវិទ្យាថ្មីក្នុងការដុតធ្យូងថ្មដោយមិនបំពុលបរិស្ថាន
កម្មវិធីយើងនៅពេលនេះ នឹងមានជូនអំពីបច្ចេកវិទ្យាថ្មីក្នុងការដុតធ្យូងថ្មនៅតាមរោងចក្រផលិតអគ្គិសនី ដោយមិនបំពុលបរិស្ថាន។ ចាស! នៅក្នុងប្រទេសអូស្រ្ដាលីដែលមានការវិវឌ្ឍជឿនលឿន មានក្រុមហ៊ុនមួយបានព្យាយាមជួយប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសចិន ឥណ្ឌា និងឥណ្ឌូណេស៊ីបង្កើតថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការខ្លាំងក្នុងប្រទេសទាំងនោះ ដោយមិនបំពុលបរិស្ថាន។ ក្រុមហ៊ុនថាមពល Exergen បានរកឃើញបច្ចេកវិទ្យាថ្មីក្នុងការដុតធ្យូងថ្មដោយមិនបំពុលបរិស្ថាន ហើយបច្ចុប្បន្ននេះក្រុមហ៊ុនអូស្រ្ដាលីមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍ និងទុនវិនិយោគពីក្រុមហ៊ុនធំៗ២។ សូមតាមដានស្ដាប់! 15/05/2008
លោក លោកស្រី និងប្រិយមិត្ដអ្នកស្ដាប់វិទ្យុអូស្រ្ដាលីខេមរភាសាជាទីមេត្រី! នៅថ្ងៃនេះ នាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យានៃវិទ្យុអូស្រ្ដាលីខេមរភាសាមានសេចក្ដីសោមនស្សរីករាយ ដោយបានវិលមកជួបប្រិយមិត្ដទាំងអស់ជាថ្មីម្ដងទៀតដែលនិយមចូលចិត្ដស្ដាប់ការផ្សាយរបស់វិទ្យុយើង។ កម្មវិធីយើងនៅពេលនេះ នឹងមានជូនអំពីបច្ចេកវិទ្យាថ្មីក្នុងការដុតធ្យូងថ្មនៅតាមរោងចក្រផលិតអគ្គិសនី ដោយមិនបំពុលបរិស្ថាន។ ចាស! នៅក្នុងប្រទេសអូស្រ្ដាលីដែលមានការវិវឌ្ឍជឿនលឿន មានក្រុមហ៊ុនមួយបានព្យាយាមជួយប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសចិន ឥណ្ឌា និងឥណ្ឌូណេស៊ីបង្កើតថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការខ្លាំងក្នុងប្រទេសទាំងនោះ ដោយមិនបំពុលបរិស្ថាន។ ក្រុមហ៊ុនថាមពល Exergen បានរកឃើញបច្ចេកវិទ្យាថ្មីក្នុងការដុតធ្យូងថ្មដោយមិនបំពុលបរិស្ថាន ហើយបច្ចុប្បន្ននេះក្រុមហ៊ុនអូស្រ្ដាលីមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍ និងទុនវិនិយោគពីក្រុមហ៊ុនធំៗ២។ ហើយតទៅទៀតនេះ លោក ឃុន អាឡិច សូមជំរាបជូននូវរបាយការណ៍វិទ្យាសាស្រ្ដពិស្ដារជុំវិញរឿងនេះ។
តែទោះបីជាយ៉ាងដូចេ្នះក្ដី ក្រុមអ្នកអភិរក្សបរិស្ថាននៅមានមន្ទិលសង្ស័យនៅឡើយចំពោះការអះអាងនេះ ដោយពួកគេនិយាយថា គេមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេអំពីបច្ចេកវិទ្យាកែច្នៃធ្យូងថ្មនេះ ហើយកំពុងត្អូញត្អែថាគេកំពុងតែបង្វែថវិកា និងជំនាញការចេញពីយុទ្ធសាស្រ្ដក្នុងការបង្កើតថាមពលអគ្គិសនីចេញពីប្រភពធម្មជាតិផ្សេងៗដែលអាចប្រើប្រាស់ឡើងវិញបានដោយមិនបំពុលបរិស្ថាន។ ក្រុមអ្នកបរិស្ថាននេះ បានចោទប្រកាន់រដ្ឋាភិបាលអូស្រ្ដាលីថាបានប្រើយុទ្ធសាស្រ្ដយកលេសអំពីតម្រូវការថាមពលខ្លាំងពីប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីពង្រីកឧស្សាហកម្មធ្យូងថ្មក្នុងស្រុករបស់ខ្លួន។ សូមជំរាបថា ប្រទេសអូស្រ្ដាលីសម្បូទៅដោយធនធានធម្មជាតិធ្យូងថ្មយ៉ាងច្រើនសន្ធឹកសន្ធាប់កប់ក្នុងដី ហើយនៅក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ អូស្រ្ដាលីមានការពិភាក្សាតស៊ូមតិយ៉ាងខ្លាំងស្ដីអំពីវិធីសាស្រ្ដក្នុងការបង្កើតថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់ដោយមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ ក្នុងនោះគេបានពិភាក្សាអំពីការប្រើថាមពលនុយក្លេអ៊ែរដើម្បីធ្វើអគ្គិសនី ការចង់បំបាត់វិធីដុតធ្យូងថ្មតាមបែបចាស់ ព្រោះវិធីនេះបញ្ចេញឧស្ម័នការបូនឌីអុកស៊ីតច្រើនពេក ហើយមិនតែប៉ុណ្ណោះ គេក៏បានពិភាក្សាអំពីវិធីប្រើខ្យល់ រលកសមុទ្ទធំៗ និងការបូមយកកំដៅក្នុងស្រទាប់ផែនដី ជាដើម។ល។ ដើម្បីយកមកធ្វើជាអគ្គិសនីប្រើប្រាស់ជំនួសវិញ។
នៅពេលថ្មីៗនេះ លោក Martin Ferguson រដ្ឋមន្រ្ដីក្រសួងធនធាននៃប្រទេសអូស្រ្ដាលីមានក្ដីសង្ឃឹមយ៉ាងមុតមាំចំពោះការរកឃើញថ្មីរបស់ក្រុមហ៊ុនអូស្រ្ដាលីឈ្មោះ Exergen អំពីបច្ចេកវិទ្យាថ្មីក្នុងការដុតធ្យូងថ្មដោយមិនបំពុលបរិស្ថាន។ លោក Martin Ferguson មានប្រសាសន៍ថា បច្េចកវិទ្យាថ្មីនេះមានសារសំខាន់ណាស់ក្នុងការជួយដល់ប្រទេសអូស្រ្ដាលីកាត់បន្ថយឧស្ម័នបំពុលបរិស្ថាន។ លោករដ្ឋមន្រ្ដីក្រសួងធនធានបានចុះទៅពិនិត្យរោងចក្ររបស់ក្រុមហ៊ុន Exergen ដែលបានសាកល្បងបច្ចេកវិទ្យាថ្មីនេះដោយជោគជ័យនៅក្នុងរដ្ឋ Tasmania ភាគខាងត្បូងប្រទេសអូស្រ្ដាលី។ លោករដ្ឋមន្រ្ដីក៏បានប្រកាសឲ្យដឹងនូវគម្រោងការងារដែលមានទឹកប្រាក់រាប់លានដុល្លារអូស្រ្ដាលីផងដែរ ដែលបានបណ្ដាក់ទុនដោយក្រុមហ៊ុនអន្ដរជាតិឥណ្ឌាឈ្មោះ Tatar និងក្រុមហ៊ុនវិស្វកម្មអូស្រ្ដាលីមួយទៀត។ លោករដ្ឋមន្រ្ដីក្រសួងធនធានក៏បានមានចំណាប់អារម្មណ៍ខ្លាំងដែរចំពោះបច្ចេកវិទ្យាថ្មីនេះដើម្បីនាំចេញនិងផ្គត់ផ្គង់ធ្យូងថ្មថ្មីនេះទៅបណ្ដាប្រទេសអាស៊ីដែលត្រូវការថាមពលខ្លាំង។ ហើយនេះគឺជាប្រសាសន៍របស់លោករដ្ឋមន្រ្ដីក្រសួងធនធានអូស្រ្ដាលី៖
សម្លេងលោករដ្ឋមន្រ្ដីក្រសួងធនធាន៖ ?បច្ចេកវិទ្យាថ្មីនេះមកដល់ចំពេលនឹងស្ថានភាពត្រូវការរបស់ប្រទេសអូស្រ្ដាលីតែម្ដង នៅក្នុងការកាត់បន្ថយឧស្ម័នបំពុលបរិស្ថាន។ ហើយបញ្ហាបរិស្ថាននេះ ក៏ជាផ្នែកមួយនៃដំណោះស្រាយរបស់សហគមន៍អន្ដរជាតិយ៉ាងជាក់ច្បាស់ដែរ ដែលប្រទេសជឿនលឿនរីកចម្រើនដូចជាប្រទេសអូស្រ្ដាលី ត្រូវរួមដៃជាមួយនឹងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដូចជាប្រទេសចិន ឥណ្ឌា និងឥណ្ឌូណេស៊ី ក្នុងការធ្វើយុទ្ធនាការកាត់បន្ថយឧស្ម័នបំពុលបរិស្ថាន។?
របៀបដែលបច្ចេកវិទ្យាថ្មីក្នុងការដុតធ្យូងថ្មនេះដំណើរការគឺថា គេដាក់ធ្យូងថ្មចុះទៅក្នុងរន្ធក្រោមដីជម្រៅ ៧០០ ម៉ែត្រ ជាទីដែលកំដៅ និងសម្ពាធក្រោមដីបឺតយកសំណើមដែលចេញពីធ្យូងថ្ម។ ហើយបន្ទាប់មក នៅពេលដែលគេដុតធ្យូងថ្មនេះ វាកាត់បន្ថយឧស្ម័នការបូនដែលបញ្ចេញទៅក្នុងបរិយាកាសដល់ទៅ៤០% ។ លោក Greg Kukla អគ្គនាយកទូទៅនៃក្រុមហ៊ុនថាមពល Exergen របស់អូស្រ្ដាលីមានប្រសាសន៍ដោយមានជំនឿទុកចិត្ដថា ក្រុមហ៊ុនរបស់លោកអាចនាំចេញធ្យូងថ្មប្រភេទថ្មីនេះទៅបរទេសក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ៖
សម្លេងលោក Greg Kukla ៖ ? ឥឡូវយើងបានធ្វើការបញ្ជាក់ដោយការបង្ហាញអំពីបច្ចេកវិទ្យាថ្មីនេះហើយ។ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ខាងយើងខ្ញុំបានធ្វើការសាកល្បងការដុតធ្យូងថ្មថ្មីនេះ ជាច្រើនលើកច្រើនសាមកហើយ។ ឥឡូវយើងមានជំនឿទុកចិត្ដអំពីបច្ចេកវិទ្យានេះ ហើយចង់ចាប់យកការសិក្សាមួយជាក់លាក់អំពីភាពដែលអាចធ្វើទៅបាន។ ការសិក្សានេះ នឹងចំណាយពេល ៨ខែទៀត ហើយបន្ទាប់មក ខាងយើងខ្ញុំនឹងធ្វើការសាងសង់រោងចក្រមួយសម្រាប់ជាការបង្ហាញឲ្យជាក់ច្បាស់ជាងនេះទៀតនូវបច្ចេកវិទ្យាដុតធ្យូងថ្មថ្មីដែលមិនបំពុលបរិស្ថាន។ ហើយបន្ទាប់មកនឹងមានរោងចក្រអគ្គិសនីខ្នាតពាណិជ្ជកម្មនៅជ្រលង La Trobe ក្នុងរដ្ឋវិចតូរិយ៉ានៃប្រទេសអូស្រ្ដាលី។?
តំបន់ជ្រលងភ្នំ La Trobe ស្ថិតនៅក្នុងរដ្ឋវិចតូរិយ៉ាជាទីកន្លែងដែលមានបង្កប់ទៅដោយធនធានធម្មជាតិធ្យូងថ្មពណ៌ត្ដោតយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយវាក៏ជាទីដែលមានរោងចក្រអគ្គិសនីប្រើធ្យូងថ្ម ដែលផ្គត់ផ្គង់តម្រូវការចំនួន ៨៥% នៃតម្រូវការអគ្គិសនីសរុបក្នុងរដ្ឋវិចតូរិយ៉ាផងដែរ។ នៅគ្រាដំណាលគ្នានេះដែរ រដ្ឋាភិបាលរដ្ឋវិចតូរិយ៉ាបានប្រកាសឲ្យដឹងថា រដ្ឋនឹងបណ្ដាក់ទុនជិត១២០លានដុល្លារនៅក្នុងគម្រោងការជាច្រើនដើម្បីកែច្នៃធ្យូងថ្ម នៅតំបន់ជ្រលងភ្នំ La Trobe នេះ។ លោក Martin Ferguson រដ្ឋមន្រ្ដី ក្រសួងធនធានអូស្រ្ដាលីមានប្រសាសន៍ថា ការចំរាញ់បង្កើតធ្យូងថ្មថ្មីនេះ គឺជាការឆ្លើយតបមួយយ៉ាងសំខាន់របស់អូស្រ្ដាលីទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុលើសកលលោក ដោយមិនប្រើធនធានធម្មជាតិដែលបំផ្លាញបរិស្ថាន។ តែទោះជាយ៉ាងដូច្នេះក្ដី លោក Mark Wakeham នាយកចាត់ចែងយុទ្ធនាការការពារបរិស្ថានរដ្ឋវិចតូរិយ៉ាមានប្រសាសន៍ទុទិដ្ឋិនិយមចំពោះចំណាត់កាត់នេះ៖
សម្លេងលោក Mark Wakeham ៖ ?សូមជំរាបថា នៅពេលដែលយើងនិយាយអំពីគម្រោងការងារផលិតអគ្គិសនីតាមការដុតធ្យូងថ្មប្រភេទថ្មីនេះ មានក្រុមហ៊ុនច្រើនណាស់ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ ហើយភាគច្រើនក្រុមហ៊ុនទាំងនោះ ទទួលបានថវិកាយ៉ាងច្រើនពីរដ្ឋាភិបាល។ ប៉ុន្ដែតាមពិតទៅ មកទល់នឹងពេលនេះ មានគម្រោងការងារបែបនេះតិចតួចណាស់ដែលដំណើរការ។ អ្វីដែលជាកង្វល់របស់យើងគឺថា ប្រសិនបើបច្ចេកវិទ្យាថ្មីនេះ នាំទៅរកការបណ្ដាក់ទុនលើការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធដែលប្រើធ្យូងថ្មពណ៌ត្នោតនៅនៅក្នុងរដ្ឋវិចតូរិយ៉ា ហើយប្រសិនបើយើងដឹងអំពីផលប៉ះពាល់នៃការដុតធ្យូងថ្មថ្មីនេះទៅលើបញ្ហាបន្លាស់ប្ដូរអាកាសធាតុនោះ យើងត្រូវតែងាកចេញពីការប្រើប្រាស់ធ្យូងថ្មឲ្យបានឆាប់រហ័សដែលអាចធ្វើទៅបាន ទើបជាការត្រឹមត្រូវ។?
លោក Mark Wakeham មានប្រសាសន៍ទទួលស្គាល់ចំពោះសក្កានុពលនៃការនាំចេញធ្យូងថ្មរបស់អូស្រ្ដាលីទៅទីផ្សារបរទេសដូចជាទៅប្រទេសចិនជាដើម។ កំណើននៃការប្រើប្រាស់ធ្យូងថ្មនៅប្រទេសចិនបានមានការកើនឡើងចំនួន១៤%ក្នុងមួយឆ្នាំៗកាលពីពេល២ឆ្នាំកន្លងទៅនេះ។ ហើយប្រទេសចិនបានសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មជាច្រើនកន្លែងបន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការអគ្គិសនីក្នុងស្រុក។ ចំណែកឯប្រទេសឥណ្ឌាវិញ ក៏កំពុងសាងសង់រោងចក្រអគ្គិសនីប្រើធ្យូងថ្មជាច្រើនកន្លែងទៀតដែរ។ ក្នុងនោះក្រុមហ៊ុនថាមពលរបស់ឥណ្ឌាឈ្មោះ Tatar បានរួមដៃជាមួយក្រុមហ៊ុន Exergen របស់អូស្រ្ដាលី ទើបបានប្រកាសឲ្យដឹងថា ក្រុមហ៊ុន Tatar នឹងសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មដែលកម្លាំង៤ពាន់មេហ្កាវ៉ាត្រ។ ហើយឥណ្ឌាបានថវិកាសម្រាប់ការសាងសង់រោងចក្រអគ្គិសនីដ៏ធំនេះ ពីធនាគារពិភពលោក។ ដូច្នេះប្រសិនបើគេពិនិត្យមើលអំពីតម្រូវការធ្យូងថ្មពីបណ្ដាប្រទេសធំៗដូចជាប្រទេសចិន និងឥណ្ឌាបែបនេះ មិត្ដអ្នកស្ដាប់ប្រាកដជាយល់ឃើញថា វាជាដំណឹងដ៏ល្អគួរឲ្យចង់បានសម្រាប់ប្រទេសអូស្រ្ដាលីជាមិនខានទេ? ចុះហេតុអ្វី បានជាលោក Mark Wakeham ពីអង្គការការពារបរិស្ថានអូស្រ្ដាលីជំទាស់នឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីនៃការផលិតធ្យូងថ្មីនេះទៅវិញ? តទៅនេះគឺជាការពន្យល់របស់លោក Mark Wakeham ៖
សម្លេងលោក Mark Wakeham ៖ ? មកទល់នឹងពេលនេះមានតែរដ្ឋាភិបាលទេ ទាំងរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលថ្នាក់រដ្ឋ ដែលបានចំណាយប្រាក់លើបច្ចេកវិទ្យាទាំងនេះ ពីព្រោះរដ្ឋាភិបាលបានកាត់បន្ថយចំណាយនៃការបណ្ដាក់ទុនទៅលើបច្េចកវិទ្យាបង្កើតថាមពលដែលអាចប្រើប្រាស់ឡើងវិញបាន និងបច្ចេកវិទ្យាដែលប្រើប្រាស់ថាមពលតិចតួច។ ប្រទេសដូចជាចិន និងឥណ្ឌា ព្រមទាំងប្រទេសជាច្រើនទៀត បច្ចុប្បន្នកំពុងតែដុងធ្យូងថ្មក្នុងបរិមាណខ្ពស់ ហើយប្រសិនបើបច្ចេកវិទ្យាដុតធ្យូងថ្មថ្មីនេះមានសក្កដានុពលកាត់បន្ថយឧស្ម័នបំពុលបរិស្ថានមែននោះ គេគួរតែសាកល្បងបច្ចេកវិទ្យានេះនៅតាមប្រទេសទាំងនោះ។ ប៉ុន្ដែប្រទេសអូស្រ្ដាលីនៅតែមានបំណងចង់សាងសង់រោងចក្រអគ្គិសនីថ្មីទៀតដែលដើរដោយបច្ចេកវិទ្យានេះ ហើយបែរជាប្រើលេសថា ខ្លួនបង្កើតបច្ចេកវិទ្យាថ្មីនេះសម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិស្ថាននៅបរទេសទៅវិញ។ ដូច្នេះប្រសិនបើបណ្ដាក្រុមហ៊ុនអូស្រ្ដាលីមានការខ្វល់ខ្វាយមែនចំពោះ កាត់បន្ថយឧស្ម័នបំពុលបរិស្ថានបញ្ចេញឡើងដោយឥណ្ឌា និងចិនមែននោះ គេគួរតែសាកល្បងបច្ចេកវិទ្យាថ្មីនេះនៅប្រទេសទាំងនោះវិញទើបជាការប្រសើរ។?
អំបាញ់មិញនេះ គឺជាប្រសាសន៍របស់លោក Mark Wakeham ពីអង្គការក្រៅរដ្ឋាភិបាលអភិរក្សបរិស្ថាននៅក្នុងរដ្ឋវិចតូរិយ៉ា។ ហើយប្រិយមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! នាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យានៃវិទ្យុអូស្រ្ដាលីខេមរភាសារបស់យើងទើបជំរាបជូនដោយខ្ញុំបាទ ឃុន អាឡិច នៅពេលនេះ ត្រូវដល់ពេលចប់តែត្រឹមនេះ។ នៅសប្ដាហ៍ក្រោយ ខ្ញុំនឹងវិលមកជួបមិត្ដអ្នកស្ដាប់ទាំងអស់ជាថ្មីម្ដងទៀតដោយនឹងមានជូនប្រធានបទវិទ្យាសាស្រ្ដថ្មីទាក់ទងនឹងការវិវឌ្ឍនៃវិស័យនេះ។
ហើយសូមជំរាបផងដែរថា ប្រិយមិត្ដក៏អាចចូលស្ដាប់កម្មវិធីផ្សាយរបស់យើងនៅលើវ៉ិបសាយត៍របស់វិទ្យុអូស្រ្ដាលីបានដែរនៅ radioaustralia.net.au/khmer។ សូមអរគុណចំពោះការតាមដានស្ដាប់៕
(រៀបចំផលិតកម្មវិធីដោយ ឃុន អាឡិច)

បញ្ចេញ មួយចំលើយតប