បញ្ហាជីគីមីកសិកម្មឡើងថ្លៃ

បញ្ហាជីគីមីកសិកម្មឡើងថ្លៃ
ជីកសិកម្មជាផ្នែកដ៍សំខាន់មួយសំរាប់ដំណើរការបង្កើនផលិតកម្មនេះ។ដោយសារ
តំបន់ដីកសិកម្មថ្មីមានកម្រិត គេត្រូវបង្កើនផលិតផលស្បៀងនៅលើដីកសិកម្ម
ដែលមាននៅពេលសព្វថ្ងៃនេះ។ហើយការប្រើប្រាស់ជីត្រូវតែបង្កើនឡើងដោយ
ជៀសពុំរួច។ មានការរំពឹងថា គេប្រហែលជាបង្កើនការប្រើប្រាស់ជី រហូតដល់ចំនួន
ត្រីភាគ។​តំបន់អាស៊ីបានរំកឹលពីកសិកម្មដែលរំពឹងទៅលើជីធម្មជាតិរបស់ដីទៅ
កសិកម្មដែលរំពឹង​ទៅលើជីគីមីកសិកម្ម។ 07/04/2008
មជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មនិងជីជាតិដីអន្តរជាតិនិយាយថា តម្លៃជីគីមីកសិកម្ម
នៅលើពិភពលោក បានឡើងថ្លៃជាង២០០ភាគរយ នៅខណៈពេលដែលកសិករ
ស្វែងរក ការបង្កើនផលិតផលពោតឲ្យបានក្នុងកម្រិតអតិបរិមាដើម្បីយកទៅផលិត
ប្រេង អេតាណុល(Ethanol)។

មជ្ឈមណ្ឌនេះ និយាយថា ការកើនឡើងថ្លៃជីគីមីកសិកម្មនេះ បណ្តាលឡើងដោយ
សារកសិករ នៅក្នុងបណ្តាប្រទេសឧស្សាហកម្មទាំងឡាយបានប្រើប្រាស់ជីក្នុងកម្រិត
ដ៏ច្រើន ដើម្បីបង្កើនទិន្នផលគ្រាប់ធញ្ញជាតិ។

ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី ក្នុងនាទីកសិកម្ម បរិស្ថាននិងអភិវឌ្ឍនៈកម្មនៃវិទ្យុអូស្រ្តាលី
នៅថ្ងៃនេះ លោកសូ លឹមសេង សូមជំរាបជូនអំពីបញ្ហាជីកសិកម្មឡើងថ្លៃ។

កំណើនប្រជាពលរដ្ឋនៅក្នុងបណ្តាប្រទេសទាំងឡាយនៅអាស៊ី បានញ៉ាំងឲ្យមានការ
ចាំបាច់ក្នុង ការបង្កើនផលិតកម្មស្បៀង។ជីកសិកម្មជាផ្នែកដ៍សំខាន់មួយសំរាប់ដំណើរ
ការបង្កើនផលិតកម្មនេះ។ ដោយសារតំបន់ដីកសិកម្មថ្មីមានកម្រិត គេត្រូវបង្កើនផលិត
ផលស្បៀងនៅលើដីកសិកម្មដែលមាននៅពេលសព្វថ្ងៃនេះ។ហើយការប្រើប្រាស់ជីត្រូវ
តែបង្កើនឡើងដោយជៀសពុំរួច។ មានការរំពឹងថា គេប្រហែលជាបង្កើនការប្រើប្រាស់ជី
រហូតដល់ចំនួនត្រីភាគ។តំបន់អាស៊ីបានរំកឹលពីកសិកម្មដែលរំពឹងទៅលើជីធម្មជាតិរបស់
ដីទៅកសិកម្មដែលរំពឹងទៅលើជីគីមីកសិកម្ម។

របាយការណ៍ថ្មីៗនេះរបស់ អង្គការសហប្រជាជាតិ ឲ្យដឹងថា មានប្រទេសជាង៤០នៅ
លើពិភពលោកនេះ កំពុងប្រឈមមុខជាមួយនឹងបញ្ហាកង្វះស្បៀងអាហារ ដោយសារ
តម្លៃស្បៀងអាហារបានឡើងថ្លៃ នឹងថាស្ថានភាពនេះនឹងមានសភាព យ៉ាប់យឺនកាន់តែ
ខ្លាំងដោយសារតម្លៃជីនៅតែឡើងថ្លៃយ៉ាងខ្ពស់។

មជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មនិងជីជាតិដីអន្តរជាតិ ធ្វើកំណត់សម្គាល់ថា ចាប់ពីខែមករា
ឆ្នាំ២០០៧ដល់ខែមករាឆ្នាំ២០០៨ ជីដេអាប៉េ(DAP) បានឡើង ថ្លៃពីតម្លៃ២៥២ ដុល្លារអា
មេរិកទៅ៧៥២ដុល្លារអាមេរិក ក្នុងមួយតោន ហើយជីអ៊ុយរ៉េបានឡើងថ្លៃពី២៧២ដុល្លារអា
មេរិកទៅ៣៥២ដុល្លារអាមេរិកក្នុងមួយតោន។

នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាជីនិងស្បៀងអាហារសំរាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ឲ្យដឹងថា
ក្នុងឆ្នាំ២០០៧សេចក្តីត្រូវការជីកសិកម្មនៅក្នុងប្រទេសលូតលាស់និងប្រទេសកំពុងអភិវឌ្ឍន៍
បានប្រែក្រឡាស់យ៉ាងសំបើម ដែលបណ្តាលឡើងដោយសារកំណើនប្រជាពលរដ្ឋក្នុង
សកលលោក គួបផ្សំនឹងទំហំដីសំរាប់ដំណាំកសិកម្មមានកម្រិត។

លោកស្រី Ingrid Richardson និយាយថា តម្លៃជីកសិកម្មនៅបន្តឡើងថ្លៃជាបន្ត
ទៅទៀត ដោយសារឧស្សាហកម្មជីខ្លួនឯងផ្ទាល់ បានប្រឈមមុខជាមួយនឹងបញ្ហាថា
តើគេអាចបង្កើនផលិតកម្មជីកសិកម្មឲ្យបានលឿនរហ័ស ដើម្បីបង្កើនការផ្គត់ផ្គង់ជីទៅ
តាមតំរូវការនៅលើទីផ្សារដែរឬយ៉ាងណា។

Richardson: ឧហ្សាកម្មផលិតជីកសិកម្មខ្លួនឯងផ្ទាល់ មានបញ្ហាក្នុងការផលិតជីនេះ
សំរាប់ បំពេញសេចក្តីត្រូវការ។ វាមានការលំបាកក្នុងការផ្គត់ផ្គង់ និងបង្កើនជីកសិកម្មឲ្យ
បានឆាប់រហ័សក្នុងពេលដែលមានការកើនឡើងយ៉ាងលឿននូវតំរូវការជីកសិកម្ម។យើង
ត្រូវជីកថ្មហ្វូសស្វាតពីក្រោមដី។ជាប្រវត្តិសាស្ត្រ សេចក្តីត្រូវការជីកសិកម្ម ក្នុងចំនួនដ៏ច្រើន
បែបនេះពុំធ្លាប់មានដូច្នេះទេ។

ការផ្គត់ផ្គង់ជីមិនអាចតាមទាន់ជាមួយនឹងការប្រែប្រួលនូវតំរូវការជីកសិកម្មយ៉ាងលឿនដូច្នេះ
បានទេ ហើយគេក៏មិនអាចសងសង់រោងចក្រផលិតជីដែលមានតម្លៃរាប់ពាន់លានដុល្លារ
ក្នុងពេលតែមួយថ្ងៃបានឡើយ។

លោកស្រីបន្តថា នៅខណៈពេលកសិករក្នុងប្រទេសកំពុងលូតលាស់បង្ខំចិត្តកាត់បន្ថយ
ការប្រើប្រាស់ជីនោះ កសិករនៅក្នុងប្រទេសលូតលាស់នឹងនៅតែបន្តការទទួលផល
ចំណេញពីទំនិញឡើងថ្លៃ។

Richardson: ដោយសារថ្លៃទំនិញមានតម្លៃខ្ពស់ ហើយអ្នករកប្រាក់ចំណូលដោយ
ប្រកបមុខរបរ កសិកម្មជាជនក្រីក្រនៅក្នុងប្រទេសខ្លះដែលពឹងផ្អែកទៅលើមុខ របរ
កសិកម្មនោះ កសិករប្រហែលជាកម្រិតការប្រើប្រាស់ជីរបស់គេ ហើយចាប់ ផ្តើម
និយាយថា គេមិនអាចមានលទ្ធភាពចំណាយទៅលើថ្លៃជីបានទេ។ ពេលនោះ យើង
អាចឃើញមានការធ្លាក់ចុះនូវសេចក្តីត្រូវការជីនៅក្នុង ប្រទេសមួយ ចំនួន។

យ៉ាងណាមិញដូចដែលខ្ញុំបាននិយាយថា ដោយតម្លៃស្រូវសាឡី ពោត និងសណ្តែក
សៀង ឡើងថ្លៃយ៉ាងខ្ពស់នោះ វាធ្វើឲ្យកសិករខិតខំបង្កើនកសិផលទាំងនេះ ហើយ
ការនេះជំរុញឲ្យពួកគាត់ប្រើប្រាស់ជីកាន់តែច្រើន។

ការកើនឡើងនូវការប្រើប្រាស់ជីកាន់តែច្រើន ក៏ដោយសារមូលហេតុនៃសេចក្តីត្រូវ
ការជីវឥន្ធនៈ ដែលជាកត្តាជំរុញឲ្យកសិករបង្កើនទំហំដីសំរាប់ការផលិតស្បៀង
ជាពិសេសដូចជាដំណាំពោតដែលគេប្រើសំរាប់ផលិតប្រេងឥន្ធនៈអេតាណុល។
លោកស្រីRichardson និយាយថា ការនេះនឹងដាក់សម្ពាធទៅលើតម្លៃជីកសិកម្ម។

Richardson: វាមានការផលប៉ះពាល់យ៉ាងខ្លាំងទៅលើតម្លៃជីកសិកម្ម។ ពីព្រោះថា
ដើម្បីបង្កើនផលិតផលប្រេងអេតាណុល គេត្រូវការបង្កើនផលិតផលពោតពីព្រោះ
ប្រេងអេតាណុលធ្វើអំពីពោត ។ពោតជាដំណាំមួយដែលត្រូវការជីនិង ជីអាហ្សូតយ៉ាង
ច្រើនសំរាប់ការលូតលាស់របស់វា។ ដូច្នេះវាប៉ះពាល់ទៅលើតម្លៃជី។

លោកAnthony Banbury ជានាយកនៃកម្មវិធីស្បៀងពិពភលោកសំរាប់តំបន់អាស៊ី។
លោកមានប្រសាសន៍ថា ការបង្កើនទំហំដីកសិកម្ម សំរាប់ផលិតជីវឥន្ធនៈ នឹងញ៉ាំងឲ្យ
មានការកើនឡើងនូវថ្លៃទំនិញនៅអាស៊ីដោយជៀសពុំរួច។

លោកBanury : អ្នកជំនាញការទាំងឡាយមានការបារម្ភថា ការឡើងថ្លៃទំនិញនឹង
នៅមានជាបន្តទៀត។ អ្វីដែលបានប៉ះពាល់ទៅលើការឡើងថ្លៃទំនិញគឺការរីកដុះដាល
នូវការដំណាំពោតសំរាប់យកទៅផលិតជីវឥន្ធនៈ ។ ដូច្នេះកសិករបានងាកទៅរកការ
ដាំដំណាំនេះ។ ឧទាហរណ៍ដូចជានៅសហរដ្ឋអាមេរិក កសិករជាច្រើនបានដាំពោត
យកទៅ ផលិតជីវឥន្ធនៈ។សកម្មភាពនេះបានធ្វើឲ្យមានការធ្លាក់ចុះនូវការផ្គត់ផ្គង់ស្បៀង។

លោក Anthony Banbury និយយាថា បញ្ហាការឡើងថ្លៃស្បៀង និងការធ្លាក់ចុះនូវ
ការផ្គត់ផ្គង់ ស្បៀងក៏បណ្តាលឡើងដោយសារការកើនឡើងនូវប្រជាពលរដ្ឋដែលមាន
កំរិតជីវភាពមធ្យមនៅអាស៊ីដែរ។

លោក Anthony Banbury: យើងឃើញមានការកើនឡើងនូវចំនួនប្រជាពលរដ្ឋ មាន
ដូចជានៅប្រទេសចិន និងឥណ្ឌា។ ពលរដ្ឋទាំងនោះគេមិនបរិភោគស្បៀងអាហារច្រើនទេ
ប៉ុន្តែគេបរិភោគសាច់ច្រើន។ ហើយដើម្បីផលិតសាច់ យើងត្រូវការផលិតធញ្ញជាតិយ៉ាង
ច្រើនសំរាប់យកទៅធ្វើជាចំណីសត្វ ។ ដូច្នេះចំនួនធញ្ញជាតិសំរាប់ធ្វើជាស្បៀងមិនមាន
បរិមាណគ្រប់គ្រាន់ឡើយ។ ជាលទ្ធផលតំរូវការស្បៀងមានការកើនឡើង។ តំរូវការស្បៀង
មានការកើនឡើងនេះ នឹងបង្កឲ្យមានបញ្ហាដ៏ចំបងសំរាប់ប្រទេសមួយចំនួននៅអាស៊ី និង
ប្រទេសផ្សេងៗទៀត។

លោក Anthony Banbury ថ្លែងថា លោកមានការបារម្ភ កង្វះស្បៀងអាហារ នឹងក្លាយ
ជាភាព ពិតសំរាប់ប្រទេសដែលមិនមានលទ្ធភាពទប់ស្កាត់ការឡើងថ្លៃទំនិញ ដែលពុំធ្លាប់
មានពីមុនមក។

លោក Anthony Banbury: ខ្ញុំមានការបារម្ភអំពីផលប៉ះពាល់ទៅលើពលរដ្ឋក្រីក្រនៅ
ក្នុងប្រទេសទាំងឡាយជាពិសេសប្រទេសដែលពឹងផ្អែទៅលើការនាំទំនិញចូល។ភាពក្រីក្រ
របស់ពលរដ្ឋទាំងនោះអាចជាបន្ទុកដ៏ធ្ងន់ក្នុងការលៃលករកអាហារឲ្យបានគ្រប់គ្រាន់ ដើម្បី
ផ្គត់ផ្គង់ក្រុមគ្រួសារនិងកូនចៅរបស់គេសំរាប់ពេលជាច្រើនឆ្នាំទៅមុខទៀត។

នៅគ្រាជាមួយគ្នានេះ លោកRobert Zeigler អគ្គនាយកនៃវិទ្យាស្ថានស្រាវជ្រាវស្រូវ
អង្ករអន្តរជាតិ នៅប្រទេសហ៊្វីលីពីនឲ្យដឹងដែរថា ឧស្សាហកម្មជីវន្ធនៈ បានទាក់ទាញឲ្យ
កសិករដាំពោត និងសណ្តែកសៀង។ លោកថាដោយសារស្រូវមិនអាចប្រើដើម្បីផលិត
ប្រេងអេតាណុលបាននោះ ការងាកទៅដាំធញ្ញជាតិសំរាប់ផលិតប្រេងអេតាណុលអាច
ប៉ះពាល់ និងដាក់សម្ពាធកាន់តែធ្ងន់ថែមទៀតទៅលើការផ្គត់ផ្គង់ស្រូវអង្ករ។

លោកថា ដោយសារផលិតផលពោត និងសណ្តែកសៀងនៅអាមេរិកខាងត្បូងមានតម្លៃ
នឹងហ្ន កសិករបាននាំគ្នាដាំដំណាំទាំងពីរយ៉ាងច្រើន។លោកបន្តថា ដីស្រែមួយចំនួននៅ
អាស៊ីក៏ត្រូវបានគេកែប្រែទៅជាចំការដាំដូងយកប្រេងសំរាប់ផលិតជីវឥន្ធនៈដែរ។

លោកអ្នកនាងជាទីមេត្រី នាទីកសិកម្ម បរិស្ថាន និងអភិវឌ្ឍនកម្មនៃវិទ្យុអូស្ត្រាលី នៅពេល
នេះចូលដល់ទីបញ្ចាប់ហើយ។ សូមជំរាបថា លោកអ្នកក៏អាចស្តាប់នាទីនេះឡើងវិញបាន
ដែរ តាមរយៈ គេហទំព័រ www.radioaustralia.net.au/khmer

ហើយប្រសិនបើលោកអ្នកមានចម្ងល់ឬសំណួមពរណាមួយទាក់ទងនឹងបញ្ហាកសិកម្ម
និងបរិស្ថាននេះ សូមសរសេរសំបុត្រទៅវិទ្យុអូស្ត្រាលីខេមរៈភាសា ប្រអប់សំបុត្រលេខ
៤១៤ រាជធានីភ្នំពេញ។ នាទីយើង រង់ចាំទទួលលិខិតលោកអ្នកដោយក្តីរីករាយជាទី
បំផុត។ ខ្ញុំបាទសូ លឹមសេង សូមលំឱនកាយគោរពលាលោកអ្នកមួយរយៈសិន ៕


បញ្ចេញ មួយចំលើយតប