បញ្ហាស្រូវអង្ករនៅលើពិភពលោក
ខ្វាយខ្វល់អំពីការផ្គត់ផ្គង់ស្បៀង និង ស្រូវអង្ករឡើងថ្លៃ។ បញ្ហានេះបណ្តាលឡើង
ដោយសារគ្រោះរាំងស្ងួត ទឹកជំនន់ និង ការរីកចំរើនក្នុងការកែប្រែដីស្រែចំការសំរាប់
ការអភិវឌ្ឍន៍។ 04/04/2008
ខ្វាយខ្វល់អំពីការផ្គត់ផ្គង់ស្បៀង និង ស្រូវអង្ករឡើងថ្លៃ។ បញ្ហានេះបណ្តាលឡើង
ដោយសារគ្រោះរាំងស្ងួត ទឹកជំនន់ និង ការរីកចំរើនក្នុងការកែប្រែដីស្រែចំការសំរាប់
ការអភិវឌ្ឍន៍។
នៅសប្តាហ៍មុននេះ អង្គការស្បៀងនិងកសិកម្មពិភពលោកនៃអង្គការសហប្រជាជាតិ
បានធ្វើការអំពាវនាវដែលមិនធ្លាប់មានពីមុនមក ស្នើសុំជំនួយថវិកាចំនួន ៥០០លាន
ដុល្លារ ដើម្បីជួយដោះស្រាយបញ្ហាភាពទុរ្ភឹក្ស។
លោកអ្នកនាងជាទីមេត្រី ក្នុងនាទីព្រឹត្តិការណ៍ជុំវិញតំបន់នៃវិទ្យុអូស្រ្តាលីនៅថ្ងៃនេះ ខ្ញុំ
សូលឹមសេង សូមជំរាបជូនអំពីបញ្ហាស្រូវអង្ករនៅលើពិភពលោក។
មានរបាយការណ៍ច្រើនឡើងរាយការណ៍អំពីបញ្ហាទំនិងសព្វសារពើឡើងថ្លៃ ជា
ពិសេសស្បៀងអាហារ។ គេឃើញមានទំហំដី កម្លាំងពលកម្ម និង ទឹក កាន់តែតិច
ទៅ សម្រាប់ការដាំដំណាំស្រូវ។ ដោយស្រូវជាដំណាំមួយដែលត្រូវការ ពលកម្ម និង
ទឹកច្រើនដើម្បីផលិតនោះ ហើយគួបផ្សំជាមួយនឹងអាកាសធាតុមិនអំណោយផល
មានដូចជា ភាពរាំងស្ងួតនៅប្រទេសអូស្ត្រាលី ព្យុះព្រិលនៅប្រទេសចិន និងទឹកជំនន់
នៅតំបន់ដទៃទៀតនោះ បណ្តាប្រទេសជាច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានចាត់
វិធានការរៀងៗខ្លួន ដើម្បីទប់ស្កាត់អង្ករឡើងថ្លៃ។
នៅប្រទេសកម្ពុជាប្រមុខរដ្ឋាភិបាលខ្មែរបាននិយាយថា អង្ករឡើងថ្លៃនៅកម្ពុជា
ដោយសារមានជនខិលខូចមួយចំនួនដើរបំផុសបំផុលថាមានការខ្វះអង្ករ។ ប៉ុន្តែ
លោកថាកម្ពុជាមិនទាន់មានបញ្ហាការខ្វះអង្ករទេ ហើយអង្ករនៅលើទីផ្សារកម្ពុជា
មានតម្លៃថោកជាងនៅលើទីផ្សារក្នុងពិភពលោក។
សម្លេងហ៊ុនសែនៈ
យ៉ាងណាមិញក្នុងវិធានការទប់ស្កាត់អង្ករឡើងថ្លៃនេះ រាជរដ្ឋាភិបាលខ្មែរបានចេញ
សេចក្តីប្រកាសនៅចុងខែមីនាថា កម្ពុជាផ្អាកការនាំចេញអង្ករនិងសុវត្ថិភាពស្បៀង
អាហារផងដែរ ហើយជាមួយគ្នានេះដែរ បានបញ្ចេញអង្កររដ្ឋលក់ជូនប្រជាពលរដ្ឋ
ក្នុងតម្លៃថោកជាងទីផ្សារ។ លោកហ៊ុនសែន មានប្រសាសន៍ថា មានការធ្លាក់ចុះតម្លៃ
អង្ករនៅក្រោយពេលលោកបានចេញបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ស្រទាប់ជាន់ថ្នាក់
ចាត់វិធានការទប់ស្កាត់ការឡើងថ្លៃអង្ករនេះ។
សម្លេងហ៊ុនសែនៈ
ទោះបីជាប្រទេសកម្ពុជាអះអាងថា ខ្លួនមិនមានបញ្ហាខ្វះអង្ករនិងតម្លៃអង្ករមានកម្រិត
ទាបជាងតម្លៃទីផ្សារក្នុងពិភពលោកក៏ដោយ ក៏បណ្តាប្រទេសជាច្រើន នៅក្នុងតំបន់
អាស៊ី និង ប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀតបានជួបប្រទះនឹងបញ្ហាខ្វះ អង្ករ និងអង្ករ
ឡើងថ្លៃនេះដែរ។
លោក Robert Zeigler អគ្គនាយកនៃវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវនៅប្រទេស
ហ្វ៊ីលីពីន និយាយថា ការឡើងថ្លៃអង្ករនាំឲ្យមានបញ្ហាសម្រាប់ពលរដ្ឋក្រីក្រ។
លោក Robert Zeigler: ស្រូវអង្ករជាស្បៀងអាហារដ៏សំខាន់សម្រាប់ប្រជាពល
រដ្ឋជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុបនៅលើពិភពលោក ដែលពលរដ្ឋទាំង
នោះជាជនក្រីក្រ។ ដូច្នេះបើសិនជាមានការកើនឡើងនូវថ្លៃស្រូវអង្ករនោះ វានឹងនាំឲ្យ
មានបញ្ហាសម្រាប់ពលរដ្ឋក្រីក្រ។
លោក Robert Zeigler បន្តថា សព្វថ្ងៃនេះពិភពលោកបរិភោគអង្ករច្រើនជាងខ្លួន
ផលិត។
លោក Robert Zeigler: ប្រសិនបើយើងពិនិត្យមើលស្រូវអង្ករស្តុកទុកក្នុងឃ្លាំង
យើងឃើញថា កម្រិតស្រូវអង្ករបានធ្លាក់ចុះលមកនៅក្នុងកម្រិតទាបដែលមិនធ្លាប់មាន
ចាប់តាំងពីទសវត្សរ៍១៩៧០។ សព្វថ្ងៃនេះយើងបរិភោគអង្ករច្រើនជាងយើងផលិត។
បច្ចុប្បន្ននេះយើងមិនបានផលិតស្រូវគ្រប់គ្រាន់សម្រាប់បរិភោគទេ។
អង្ករនៅអាស៊ីបានឡើងថ្លៃទ្វេភាគចាប់តាំងពីដើមឆ្នាំនេះ។ នៅសប្តាហ៍មុនអង្ករគុណ
ភាពមធ្យមបានឡើងថ្លៃទៅដល់៧៦០ដុល្លារក្នុងមួយតោន ដែលនៅឆ្នាំមុនមានតម្លៃ
តែ៣៦០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ។
ប្រទេសហ្វ៊ីលីពីន ពេលបច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងបញ្ហាខ្វះអង្ករ។ ក្រុមប្រឹក្សា
កសិករផលិតស្រូវអង្ករជាតិហ្វ៊ីលីពីននិយាយថា ការប្រមូលភោគផលស្រូវនៅពេល
ខាងមុខនេះមិនគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ស្បៀងនៅក្នុងប្រទេសហ្វ៊ីលីពីនឡើយ។
លោក Jimmy Tadeo កសិករដាំស្រូវអស់ពេល៤៤ឆ្នាំមកហើយ ព្យាករណ៍ថា
ភោគផលស្រូវប្រមូលនៅពេលខាងមុខនេះបានប្រហែលជា ២លានតោនប៉ុណ្ណោះ
ដែលអាចផ្គត់ផ្គង់ស្បៀងបានរយៈពេលតែ២ខែប៉ុណ្ណោះ។ លោកបានរិះគន់រដ្ឋាភិបាល
ហ្វ៊ីលីពីនក្នុងការពឹងផ្អែកទៅលើការនាំស្រូវអង្ករពីបរទេស។
លោក តាដេអូៈ ការខ្វះអង្ករនៅហ្វ៊ីលីពីនដោយសារចំនួនប្រជាពលរដ្ឋកើនឡើង និងដី
មានប្រព័ន្ធស្រោចស្រពត្រូវបានគេកែប្រែទៅជាតំបន់អភិវឌ្ឍន៍។ ដូច្នេះហើយ បានជា
យើងខ្វះអង្ករ។ នៅឆ្នាំនេះយើងខ្វះអង្ករ២លានតោន។ នេះជាវិបត្តិដ៏ធ្ងន់ធ្ងរមួយ។
រដ្ឋាភិបាលហ្វ៊ីលីពីនកំពុងព្យាយាមនាំស្រូវអង្ករចូលពីប្រទេសវៀតណាម និងថៃ។
នៅថ្ងៃសុក្រមុន រដ្ឋាភិបាលហ្វ៊ីលីពីនឲ្យដឹងថា ខ្លួននឹងនាចូលអង្ករ១លាន៥សែនតោន
ពីប្រទេសវៀតណាម។ ក្នុងវិធានការទប់ស្កាត់កង្វះស្រូវអង្ករនេះ លោកស្រី ប្រធានា
ធិបតី Gloria Arroyo កំពុងពិចារណាទៅលើការផ្អាកមួយរយៈនូវការកែប្រែ
ដីកសិកម្មដើម្បីយកទៅសង់គេហដ្ឋាន តំបន់អភិវឌ្ឍន៍ និងកន្លែងវាយកូនគោល។
រដ្ឋាភិបាលនៃបណ្តាប្រទេសនានានៅក្នុងតំបន់បានដាក់បំរាមការនាំចេញស្រូវអង្ករ
របស់ខ្លួនទៅប្រទេសជិតខាង ដើម្បីធានាការផ្គត់ផ្គង់ស្បៀងក្នុងស្រុក។ ការនេះបាន
ដាក់សម្ពាធកាន់តែខ្លាំងថែមទៀតទៅលើតម្លៃអង្ករ និងធ្វើអោយប្រទេសខ្វះស្រូវអង្ករ
មិនអាចនាំស្រូវអង្ករចូលបាន និងជួបវិបត្តិខ្វះស្បៀងកាន់តែធ្ងន់ធ្ងរ។
ការដាក់បម្រាមនាំចេញស្រូវអង្កររបស់ប្រទេសឥណ្ឌាបានធ្វើឲ្យប្រទេសបង់ក្លាដេស្ហ
ដែលនៅជាប់នោះជួបនឹងវិបត្តិកង្វះអង្ករ ដោយសារដំណាំស្រូវរបស់ប្រទេសនេះបាន
រងការបំផ្លាញដោយសារខ្យល់ព្យុះស៊ីក្លូននៅខែធ្នូឆ្នាំមុន។ ហើយសូម្បីតែរដ្ឋាភិបាល
នៅកោះសូឡូម៉ុងក៏បានបង្ខំចិត្តលុបបំបាត់ថ្លៃពន្ធដារលើការនាំចូលស្រូវអង្ករដែរ។
លោក Snyer Rini រដ្ឋមន្រ្តីហិរញ្ញវត្ថុកោះសូឡូម៉ុងនិយាយថា ថវិកាជាតិនឹងបែរ
ទៅរកការយកថ្លៃពន្ធដារទៅលើ ថ្នាំជក់ បារី សុរា និង ល្បែងស៊ីសង។
សម្លេង រីនីៈ
វិធានការរបស់រដ្ឋាភិបាលនេះផ្តល់នូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់យើង
ជាពិសេសដល់ពលរដ្ឋក្រីក្រ ដែលត្រូវចំណាយប្រាក់កាសច្រើនគួរសមទៅលើស្រូវ
អង្ករ។
ប្រទេសមួយទៀតក្នុងតំបន់ប៉ាស៊ីហ្វិក គឺប្រទេសហ្វីជី ក៏បានជួបប្រទះនឹងបញ្ហាកង្វះ
ស្រូវអង្ករដែរ។លោក Sanjay Punja នាយកប្រតិបត្តិម៉ាស៊ីនកិនស្រូវហ្វីជីនិយាយ
ថា ការឡើងថ្លៃអង្ករនៅលើពីភពលោកបានប៉ះពាល់យ៉ាងខ្លាំងទៅលើប្រទេសហ្វីជី។
សម្លេង Punja:
តម្លៃអង្ករដែលធ្លាប់មានតម្លៃតែ៣០០ដុល្លារក្នុងមួយតោននៅឆ្នាំមុន ឥឡូវនេះឡើងថ្លៃ
ជិត៨០០ដុល្លារក្នុងមួយតោន។ ការឡើងថ្លៃអង្ករនេះបានប៉ះពាល់ ដល់រដ្ឋហ្វីជីយ៉ាង
ខ្លាំង។ ជាធម្មតាយើងទិញអង្ករស្ទើរតែទាំងអស់ពីបរទេស ជាពិសេសពីអូស្រ្តាលី
បន្ទាប់មកយើងងាកទៅទិញពីប្រទេសចិន ឥឡូវនេះប្រទេសចិនបានដាក់បំរាមទៅ
លើការនាំចេញអង្ករ។ ដូច្នេះយើងបែរទៅទិញពីប្រទេសថៃ និងពីឆ្នេរសមុទ្រខាង
កើតនៃទ្វីបអាមេរិក។
ប្រទេសវៀតណាមក៏មានការបារម្ភអំពីសន្តិសុខស្បៀងនៅក្នុងប្រទេសខ្លួនដែរ។
ក្រសួងកសិកម្មវៀតណាមនិយាយថាដីស្រែចំការមួយចំនួនបានបាត់បង់ដោយសារ
ការអភិវឌ្ឍន៍ទីក្រុង។វៀតណាមជាប្រទេសនាំស្រូវចេញធំទីពីរនៅលើពិភពលោក។
ប៉ុន្តែដោយសារដីស្រែចំការបាត់បង់មួយចំនួននោះ ផលិតកម្មស្រូវនៅវៀតណាម
ត្រូវគេរំពឹងថានឹងធ្លាក់ចុះប្រមាណ១លានតោនក្នុងមួយឆ្នាំ។ ប្រទេសអូស្រ្តាលីនឹង
មិនមានការនាំចេញស្រូវអង្ករទេ។ ជាធម្មតា ៨៥ភាគរយនៃផលិតផលស្រូវអង្ករ
អូស្រ្តាលីបាននាំចេញទៅបរទេស ប៉ុន្តែទិន្នផលស្រូវបានធ្លាក់ចុះ៩០ភាគរយដោយ
សារភាពរាំងស្ងួតរយៈពេលជិត១ឆ្នាំនេះ។ លោក Robert Zeigler និយាយថា
ភាពរាំងស្ងួតធ្វើឲ្យវិនាសដល់ផលិតកម្មស្រូវ។
លោក Robert Zeigler: ជាការពិតណាស់ភាពរាំងស្ងួតជាបញ្ហាដ៏ចំបងក្នុងការ
ផលិតស្រូវអង្កររបស់កសិករ។ ការស្រាវជ្រាវរបស់យើងនៅវិទ្យាស្ថានស្រាវជ្រាវ
អង្ករអន្តរជាតិបានបង្ហាញឲ្យឃើញថា ភាពរាំងស្ងួតនៅភាគខាងកើតប្រទេសឥណ្ឌា
បានបណ្តាលឲ្យគ្រួសារពលរដ្ឋឥណ្ឌាចំនួន១៣លានគ្រួសារធ្លាក់ទៅក្នុងភាពក្រីក្រ។
ការនេះញ៉ាំងឲ្យពួកគេលក់គោ ក្របី សត្វពាហនៈ និងបញ្ឍប់កូនចៅមិនឲ្យទៅរៀន។
ការបញ្ឍប់កូនចៅមិនឲ្យទៅសិក្សានេះ ញ៉ាំងអោយមានភាពក្រីក្រដល់កូនចៅជំនាន់
ក្រោយ។
តើពិភពលោកអាចបង្កើនផលិតកម្មស្រូវបានទេ?
លោក Robert Zeigler យើងអាចបង្កើនផលិតកម្មស្រូវ ប៉ុន្តែមានបញ្ហាជាច្រើន
ដែលជួបប្រទះដូចជា បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធស្រោចស្រព ការពង្រីកទីក្រុង
និង តំបន់អភិវឌ្ឍន៍ បានទាញយកដីស្រែចំការនៅអាស៊ីដែលមានជីជាតិសម្រាប់ដាំ
ដំណាំស្រូវ។ យើងមានបញ្ហាក្នុងការប្រកួតប្រជែងការប្រើប្រាស់ទឹកពីផ្នែកឧស្សាហ
កម្ម។ បញ្ហាទាំងអស់នេះជាកត្តារារាំងក្នុងការផលិតស្រូវ។ ដូច្នេះយើងត្រូវតែគិតគូរ
បង្កើនទិន្នផលស្រូវក្នុងទំហំដីដែលយើងមាននៅគ្រាបច្ចុប្បន្ន។

បញ្ចេញ មួយចំលើយតប