ភាពកខ្វក់នៃបន្ទះក្ដារចុចកុំព្យូទ័រ

នាទីឯកទេស

អត្ថបទជាលាយលក្សអក្សរ

ភាពកខ្វក់នៃបន្ទះក្ដារចុច​កុំព្យូទ័រ

ការ​រកឃើញថ្មី​ នៃ​ការសិក្សា​អំពី​ភាពកខ្វក់​នៃ​​ក្ដារ​ចុច​កុំព្យូទ័រ​នៅ​តាម​​បណ្ដា​ការិយា​ល័យ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ក្ដារ​ចុច​កុំព្យូទ័រ​ ឬ Keyboard អាច​មាន​ផ្ទុក​បាក់​តេរី​ច្រើន​ជាង​កៅអី​បង្គន់​ទៅ​ទៀត។ ការ​រក​ឃើញ​នេះ បាន​ធ្វើ​ឲ្យ​បុគ្គលិក​ការិ​យាល័យ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ​សោះ។ ការ​រក​ឃើញ​ថ្មី​នេះ បាន​ឲ្យ​ដឹង​ថា មេរោគ និង​បាក់​តេរី​ដែល​មាន​នៅ​ជាប់​នឹង​បន្ទះ​ក្ដារ​កុំព្យូទ័រ​នៅ​លើ​តុ​តាម​បណ្ដា​ការិយា​ល័យ ​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆ្លង​ជំងឺ​ផ្ដាសាយ ឬ​ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​ពោះ​​ជា​ដើម។ 22/05/2008

លោក លោកស្រី និង​ប្រិយមិត្ដ​​​អ្នក​ស្ដាប់​វិទ្យុ​អូស្រ្ដាលី​ខេមរ​ភា​សា​ជា​ទី​មេត្រី! ​នៅ​ថ្ងៃ​នេះ ​នាទី​វិទ្យា​សាស្រ្ដ ​និង​បច្ចេក​វិទ្យានៃ​វិទ្យុ​យើង​មាន​សេចក្ដី​សោមនស្ស​រីក​រាយ​ ដោយ​បាន​វិល​​មក​ជួប​ប្រិយ​មិត្ដ​ទាំង​អស់​ជាថ្មី​ម្ដ​ងទៀត។​ នៅ​ថ្ងៃនេះ យើង​នឹង​រាយ​ការណ៍​ជូន​អំពី​ភាព​កខ្វក់​នៃ​ក្ដារ​ចុចកុំព្យូទ័រ​ ឬ​ដែល​ភាសា​អង់គ្លេស​ថា Keyboard ដោយ​សារ​វា​​មាន​ផ្ទុក​ទៅ​ដោយ​បាក់​តេរី និង​​មេរោគ​យ៉ាង​ច្រើន​ដែល​យើង​មិន​នឹក​ស្មាន​ដល់​។ ​ចាស! ​តើ​ការ​រក​ឃើញ​ថ្មី​នេះ ​មាន​ប្រយោជន៍​យ៉ាង​ណា​ដល់​មិត្ដ​អ្នក​ស្ដាប់​នោះ ​តទៅ​ទៀត​នេះ លោក​ ឃុន អាឡិច សូម​ជំរាប​ជូន​នូវ​របាយ​ការណ៍​វិទ្យា​សាស្រ្ដ​ពិស្ដារ​ជុំវិញ​រឿង​នេះ​ចាស!

សម្លេងក្ដារចុចកុំព្យូទ័រ

បាទ! ​ការ​រកឃើញថ្មី​ នៃ​ការសិក្សា​អំពី​ភាពកខ្វក់​នៃ​​ក្ដារ​ចុច​កុំព្យូទ័រ​នៅ​តាម​​បណ្ដា​ការិយា​ល័យ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ក្ដារ​ចុច​កុំព្យូទ័រ​ ឬ Keyboard អាច​មាន​ផ្ទុក​បាក់​តេរី​ច្រើន​ជាង​កៅអី​បង្គន់​ទៅ​ទៀត។ ការ​រក​ឃើញ​នេះ បាន​ធ្វើ​ឲ្យ​បុគ្គលិក​ការិ​យាល័យ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ​សោះ។ ការ​រក​ឃើញ​ថ្មី​នេះ បាន​ឲ្យ​ដឹង​ថា មេរោគ និង​បាក់​តេរី​ដែល​មាន​នៅ​ជាប់​នឹង​បន្ទះ​ក្ដារ​កុំព្យូទ័រ​នៅ​លើ​តុ​តាម​បណ្ដា​ការិយា​ល័យ ​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆ្លង​ជំងឺ​ផ្ដាសាយ ឬ​ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​ពោះ​​ជា​ដើម។

បាទ! ចំពោះ​មិត្ដ​អ្នកស្ដាប់​ដែល​មាន​វ័យ​ក្មេង​ខ្លះ​ប្រាកដ​ជា​មាន​ម្ដាយ​/ឪពុក​ធ្លាប់​ណែ​នាំ​អប់​រំហើយ​ថា ក្រោយ​ពី​ទៅ​បង្គន់​ត្រូវ​លាង​សំអាត​ដៃ​នឹង​សាប៊ូ​ឲ្យ​ស្អាត។ ប៉ុន្ដែ​ឥឡូវ​នេះ នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​វិញ ​មាតា​បិតា​អាច​ត្រូវ​ណែនាំ​ប្រាប់​កូន​បន្ថែម​ទៀត​ថា ក្រោយ​ពី​ប្រើ​ប្រាស់​កុំព្យូទ័រ​រួច​ ក៏​ត្រូវ​ទៅ​លាង​សំអាត​ដៃ​ផង​ដែរ។ លោក John Boag ពី​ក្រុម​ហ៊ុន​​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុងឡុង​ដ៍ សិក្សា​អំពី​អតិថិជន​ បាន​ពន្យល់​អំពី​បាក់​តេរី​ដែល​កកើត​នៅ​លើ​ក្ដារ​ចុច​កុំព្យូទ័រ ប្រសិន​បើ​មិន​មាន​ការ​សំអាត​ជា​ទៀង​ទាត់​ទេ​នោះ។

សម្លេង​លោក​ John Boag ៖ ?បាទ! ប្រភេទបាក់​តេរី​ដែល​កកើត​ឡើង​នៅ​លើ​ក្ដារ​ចុច​កុំព្យូទ័រ​ដោយ​សារ​យើង​មិន​បាន​សំអាត​វា​នោះ មាន​ទម្រង់​ជា​បាក់​តេរី​ខូលី (coli) ដែល​មនុស្ស​ជា​ច្រើន​បាន​ស្គាល់​ដូច​ជា បាក់​តេរី​ប្រភេទ​អ៊ីខូឡាយ​​ និង​ប្រភេទ ​ស្ដាហ្វ៊ីឡូ​ខូខើស​ (staphylococcus)។ បាក់​តេរី​ទាំង​នេះ អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ដូច​ជា​ពុល​អាហារ​ជា​ដើម។​ អ្នក​ដឹង​ទេ​ ជំងឺ​ដូច​ជា​ការ​រាក​រូស ការ​ក្អួត​ចង្អោរ​ជា​ដើម។?

លោក John Boag មកពីក្រុមហ៊ុនសិក្សា​អំពីអតិថិជន​ ដែល​មានមូល​ដ្ឋាន​នៅ​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​បាន​ធ្វើ​តេស្ដ​នៅ​ការិយាល័យ​របស់​លោក​ ហើយ​​រក​ឃើញ​ថា ក្នុង​ចំណោម​ក្ដារ​ចុច​កុំព្យូទ័រ​ចំនួន​៣៣ មាន​ក្ដារ​ចុច​កុំព្យូទ័រ​ចំនួន​៤ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាង​ខ្លាំង។ ហើយ​ក្នុង​នោះ ​មាន​ក្ដារ​ចុច​កុំព្យូទ័រ​មួយ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​បាក់តេរី ​និង​មេរោគ​ច្រើន​ជាង​កៅអី​បង្គន់​ដល់​ទៅ​៥ដង​ ឯ​ណោះ។ ​មិត្ដ​អ្នក​ស្ដាប់​អាច​គិត​បន្ដិច ​ហើយ​ធ្វើ​ការសន្និដ្ឋាន​បាន​ទេ​ថា តើ​បញ្ហា​នេះ​បណ្ដាល​មក​ពី​អ្វី?​ ខ្ញុំ​ទុក​ពេល​ឲ្យ​មិត្ដ​អ្នក​ស្ដាប់​គិត​បន្ដិច​សិន ដើម្បី​ឲ្យ​ខ្ញុំ​អាច​មាន​ពេល​ទៅ​សំអាត​តុ ​និង​ក្ដារ​ចុចកុំព្យូទ័រ​ កុំឲ្យ​ឆ្លង​មេរោគ​ធ្វើ​ឲ្យ​ឈឺ​ពោះ ​ហើយ​ខ្ញុំ​ក៏​នឹង​ទៅ​​​ផ្ញើ​អ៊ីមែល​ឆ្លើយ​ឆ្លង​ទៅ​មិត្ដ​អ្នក​ស្ដាប់​វិទ្យុ​អូស្រ្ដាលី​ផង​ដែរ​ ​ដែល​បាន​ផ្ញើ​អ៊ីមែល​មក​ឲ្យ​វិទ្យុ​យើង​ខ្ញុំ។

សម្លេងក្ដារចុចកុំព្យូទ័រ

ឥឡូវ​នេះ សូមផ្ទៀង​ការ​គិត​របស់មិត្ដអ្នកស្ដាប់​នឹង​មូល​ហេតុ​ដែល​គេ​បាន​រក​ឃើញ​។ បាទ​! មូល​ហេតុ​ដែល​ក្ដារ​ចុច​កុំព្យូទ័រ​នេះ មាន​បាក់តេរី ​និង​មេរោគ​ច្រើន​គឺ​មួយ​ផ្នែក​ដោយ​សារ​តែ​ការ​មិន​បាន​លាង​សំអាត​ដៃ​ត្រឹម​ត្រូវ​ តែ​មួយ​ផ្នែក​ធំ​ទៀត​នោះ ​គឺ​ថា​អ្នក​ធ្វើ​ការ​ដែល​ប្រើ​ប្រាស់​កុំព្យូទ័រ​បាន​យក​ម្ហូប​អាហារ​មក​ទទួល​ទាន​នៅ​កន្លែង​តុ​ធ្វើ​ការ។ ហើយ​នេះ​ គឺ​ជា​ប្រសាសន៍​របស់​លោក John Boag ដែល​បាន​ធ្វើ​ការ​អត្ថា​ធិប្បាយ​ពន្យល់​។

សម្លេង​លោក​ John Boag ៖ ?បាទ! បញ្ហា​នោះគឺបណ្ដាល​មក​ពី​អ្នក​ធ្វើ​ការ​បាន​កំពប់​អាហារ​ដូច​ជា​កំទេច​នំប៉័ង​ជា​ដើម​ហ្នឹង​ចូល​ទៅ​ក្នុង​រន្ធ​តូចៗ​ជា​ច្រើន​នៅ​តាម​ក្ដារ​ចុច​កុំព្យូទ័រ​។​ ដូច្នេះ​វា​ហាក់​ដូច​ជា​កន្លែង​មួយ​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួ​ល​ឲ្យ​បាក់​តេរី​ និង​មេរោគ​ បង្ក​បង្កើត​កូន​ចៅ។ ដូច្នេះ​វិធី​ល្អ​បំផុត​ដើម្បី​ចៀង​វៀង​បញ្ហា​បែប​នេះ ​គឺ​ថា​ប្រសិន​បើ​អ្នក​នឹង​ញ៉ាំ​អាហារ​នៅ​លើ​តុ​ធ្វើ​ការ​នោះ ​ត្រូវ​ដាក់​ក្ដារ​ចុច​កុំព្យូទ័រ​ទៅ​ឲ្យ​ឆ្ងាយ​ ដើម្បី​កុំ​ឲ្យ​​អាហារ​កំពប់​ធ្លាក់​ទៅ​លើ។​?

បើតាមការសិក្សា​ស្រាវជ្រាវ​ធំដុំមួយមាន​លក្ខណៈទូលំ​ទូលាយ​ជាង​នេះ​ នៅ​សកល​វិទ្យា​​​ល័យ Arizona នៅ​សហ​រដ្ឋ​អាម៉េរិក​កាល​ពី​ឆ្នាំ​ទៅ​មិញ​បាន​ឲ្យ​ដឹង​ថា ​គេ​បាន​រក​ឃើញ​​លទ្ធ​ផល​មិន​ល្អ​ដូច​គ្នា​ដែរ។ លោក Chuck Gerba សាស្រ្ដា​ចារ្យ​ខាង​ជីវ​វិទ្យា​បរិស្ថាន​នៅ​សកល​វិទ្យាល័យ Arizona បាន​ឲ្យ​ដឹង​ថា៖

សម្លេង​លោក​ Chuck Gerba ៖ ?នៅក្នុង​ការសិក្សា​នោះ យើង​បាន​កត់​សម្គាល់​ឃើញ​ថា​ បណ្ដា​អ្នក​ប្រើ​ប្រាស់​ក្ដារ​ចុច​កុំព្យូទ័រ​ មិន​ចាប់​ផ្ដើម​ធ្វើ​ការ​សំអាត​ក្ដារ​ចុច​នោះ​ឡើយ​រហូត​ទាល់​តែ​គេ​ប៉ះ​វា​ទៅ​ស្អិត​តតាត់​។ តាម​ពិត​ទៅ​បណ្ដា​ជន​ហាក់​ដូច​ជា​មិន​សូវ​គិត​គូរ​ច្រើន​ឡើយ​អំពី​អនាម័យ​នៅ​តាម​ការិយាល័យ។ ហើយ​មិន​តែ​ប៉ុណ្ណោះ​នៅ​តាម​តុការិ​យាល័យ​នីមួយៗ​ ដោយ​សារ​បណ្ដា​ជន​មាន​ការ​យល់​ឃើញ​ថា វា​ជា​កន្លែង​បុគ្គល​ម្នាក់​ៗ​រៀង​ៗខ្លួន​។​ ដូច្នេះ​ហើយ​អ្នក​ដទៃ ដូច​ជា​អ្នក​បោស​សំអាត​ជា​ដើម​មិន​ហ៊ាន​ទៅ​ប៉ះ​ពាល់​កន្លែង​ធ្វើ​ការ​ងារ​របស់​បុគ្គលិក​នីមួយៗ​ឡើយ​។ ដូច្នេះ ​ប្រសិន​បើ​បុគ្គលិក​ខ្លួន​ឯង​ហ្នឹង​មិន​សំអាត​ខ្លួន​ឯង​ទេ​នោះ​ គ្មាន​នរណា​គេ​មក​សំអាត​ឲ្យ​នោះ​ឡើយ។ ខ្ញុំ​គិត​ថា​ វា​ពិត​ជា​សំខាន់​ណាស់​ចំពោះ​មនុស្ស​ច្រើន​នាក់​ប្រើ​ប្រាស់​កន្លែង​ធ្វើ​ការ ឬ​កុំព្យូទ័រ​រួម​គ្នា​នោះ។ អ្នក​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អនាម័យ​ផង​ដែរ ​ពី​ព្រោះ​អ្នក​ក៏​អាច​ឆ្លង​មេរោគ​រួម​គ្នា​​ដែរ។​ ដូច្នេះ​ប្រសិន​បើ​អ្នក​ញ៉ាំ​អាហារ​នៅ​កន្លែង​តុ​ធ្វើ​ការងារ​នោះ ​អ្នក​ត្រូវ​តែ​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​​​ដើម្បី​សំអាត​បាក់​តេរី ឬ​មេរោគ​នៅ​លើ​តុ ​ឬ​ក្ដារ​ចុច​កុំព្យូទ័រ​នោះ។?

ម្យ៉ាង​វិញទៀត​នោះ មនុស្ស​ភាគច្រើន​មាន​ការ​យល់​ច្រឡំ​ថា ​ស្រ្ដី​ភាគ​ច្រើន​​មាន​អនា​ម័យ​ជាង​បុរស​។ ​តែ​បើ​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត ​Chuck Gerba ពី​សកល​វិទ្យា​ល័យ Arizona នៅ​សហ​រដ្ឋ​អាម៉េរិក​បាន​ឲ្យ​ដឹង​ថា តុ​ធ្វើ​ការ​របស់​ស្រ្ដី​មាន​បាក់តេរី ​និង​មេ​រោគ​ច្រើន​ជាង​តុរបស់​បុរស​ដល់​ទៅ​៣​ដង​ឯ​ណោះ​។

សម្លេង​លោក Chuck Gerba​ ៖ ?​បាទ! ស្រ្ដីមានទំនោរ​ច្រើន​តែ​ទុក​អាហារ​ផ្លែ​ឈើ​នៅ​លើ​​តុ​របស់​គេ ច្រើន​ជាង​បុរស​។ មាន​ស្រ្ដី​ប្រមាណ​៧០% ទុក​អាហារ​ផ្លែ​ឈើ​នៅ​លើ​តុ​របស់​គេ​ ប្រើ​ប្រៀប​ធៀប​នឹង​បុរស​វិញ​មាន​តែ​៥០%​ប៉ុណ្ណោះ។ ដូច្នេះ​ មេរោគ​ និង​បាក់​តេរី​មាន​ចំណី​អាហារ​​ស៊ី​ច្រើន​ នៅ​លើ​តុ​ស្រ្ដី ​ជាង​នៅ​លើ​តុបុរស។?

បាទ! ឥឡូវ​នេះ សូម​ខាង​ស្រ្ដីកុំបារម្ភ និង​អាក់អន់ចិត្ដ​អី ពី​ព្រោះ​ថា​ បើ​តាម​អ្នក​ឯកទេស​ គេ​បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ ​គេ​អាច​ដោះ​ស្រាយ​បាន​យ៉ាង​ងាយ​។​ លោក​បណ្ឌិត Chuck Gerba បាន​បន្ដ​ផ្ដល់​ការ​បក​ស្រាយ​ជុំវិញ​ការ​មាន​អនាម័យ​យ៉ាង​ដូច្នេះ​ថា៖

សម្លេង​លោក Chuck Gerba​ ៖ ?​ការមានទម្លាប់​សំអាតដៃគឺ​ជា​ការ​ល្អ​។ អ្នក​ត្រូវ​សំអាត​​ដៃ​ឲ្យ​បាន​ទៀង​ទាត់​ ដើម្បី​ឲ្យ​ជា​ទម្លាប់​ ហើយ​ប្រសិន​បើ​អាច​ធ្វើ​បាន​ ប្រើ​ថ្នាំ​សម្លាប់​​​មេរោគ​ដើម្បី​សំអាត​ដៃ។ បាទ! ​តាម​ពិត​ទៅ​អ្នក​ក៏​អាច​ប្រើ​ថ្នាំ​កំចាត់​មេរោគ​បាន​ដែរ​ ដើម្បី​ជូត​សំអាត​តុ​ ទូរ​ស័ព្ទ ​សំអាត​ក្ដារ​ចុច​កុំព្យូទ័រ​ជា​ដើម​ ពី​ព្រោះ​របស់ទ​ាំង​នេះ​មាន​កាន់​បាក់តេរី និង​មេរោគ​ច្រើន​ជាង​គេ។?

កល្យាណមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី ​ប្រទេស​អូស្រ្ដាលី ​អង់គ្លេស ឬ​អាមេរិក​មាន​ការ​ជឿន​លឿន​បែប​នេះ​ទៅ​ហើយ គេ​នៅ​តែ​មាន​បញ្ហា​​អនាម័យ​នៅ​តាម​តុ​ការិយា​ល័យ​។ ដូច្នេះ​វា​គឺ​ជា​ទម្លាប់​ល្អ​ដែល​យើង​ជា​អ្នក​ប្រើ​ប្រាស់​របស់​ទាំង​នោះ ​ទម្លាប់​មាន​អនា​ម័យ​​​​ខ្លួន​ឯង​ដើម្បី​ជា​ប្រយោជន៍​ការ​ពារ​សុខភាព​រៀង​ៗ​ខ្លួន។ ពី​ព្រោះ​ថា ​បើ​ឈឺ​ទៅ​គ្មាន​​នរណា​​គេ​មក​ឈឺ​ជំនួស​យើង​នោះ​ទេ។ ដូច្នេះ​ការ​ចាត់​វិធាន​ការ​មាន​ទម្លាប់​អនា​ម័យ​​​ល្អ​ខ្លួន​ឯង​គឺ​ជា​ការ​ប្រសើរ។​ បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ទាំង​ឡាយ​ មាន​១០% មិន​ដែល​សំអាត​​ក្ដារ​ចុច​កុំព្យូ​ទ័រ​​​របស់​ខ្លួន​ឡើយ។ ហើយ​​​មាន​​ ២០% មិន​ដែល​សំអាត​ឧបករណ៍​កណ្ដុរ ឬ​​​អង់គ្លេស​ហៅ​ថា Mouse នោះ​ឡើយ៕

​ប្រិយ​មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ទី​មេត្រី! ​នាទី​វិទ្យា​សាស្រ្ដ ​និង​បច្ចេក​វិទ្យា​នៃ​វិទ្យុ​អូស្រ្ដាលី​ខេមរ​ភាសា​របស់​យើង​ទើប​ជំរា​ប​ជូន​ដោយ​ខ្ញុំ​បាទ​ ឃុន អាឡិច ​នៅ​ពេល​នេះ​ ត្រូវ​ដល់​ពេល​ចប់​តែ​ត្រឹម​នេះ។ នៅ​សប្ដាហ៍​​ក្រោយ​ ខ្ញុំ​នឹង​វិល​មក​ជួប​មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ថ្មី​ម្ដ​ងទៀត​ដោយ​នឹង​មាន​ជូន​ប្រធាន​បទ​វិទ្យា​សាស្រ្ដ​​ថ្មី​ទាក់ទង​នឹង​ការ​វិវឌ្ឍនៃ​វិស័យ​នេះ​។ ​​​ហើយ​សូម​ជំរាប​ផងដែរ​ថា ប្រិយ​មិត្ដ​ក៏​អាច​​ចូល​ស្ដាប់​​​​កម្ម​វិធី​​ផ្សាយ​របស់​យើង​​នៅលើ​​វ៉ិប​សាយ​ត៍រ​បស់​វិទ្យុ​អូស្រ្ដាលី​បាន​ដែរ​​​នៅ​​​​ radioaustralia.net.au/khmer។ ​សូម​អរគុណ​ចំពោះ​ការ​តាម​ដាន​ស្ដាប់​៕​

(រៀបចំផលិតកម្មវិធី​ដោយ ឃុន អាឡិច)


បញ្ចេញ មួយចំលើយតប