លំហាត់ប្រាណដើម្បីសុខភាពមាំមួន

សុខភាពល្អដោយគ្មានជំងឺដង្កាត់ផ្សេងៗមកបៀតបៀន គឺជាបំណងប្រាថ្នារបស់មនុស្ស
គ្រប់វ័យដោយ មិនប្រកាន់ថាជាមនុស្សចាស់ឬកេ្មងឡើយ។ មានវិធីច្រើនណាស់សម្រាប់​
ឲ្យមនុស្សយើងមានសុខភាពល្អក្នុងនោះការធ្វើលំហាត់ប្រាណជាប្រចាំជាវិធីមួយបែប
ដែលងាយស្រួលយកមកអនុវត្ត។

នៅក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន គេសង្កេតឃើញថា មានមនុស្សម្នាយ៉ាងច្រើន
បានភ្ញាក់រលឹកនាំគ្នាហាត់ប្រាណដើម្បីសុខភាពផ្ទាល់ខ្លួន។ ដើម្បីឲ្យជ្រួតជ្រាបថាការ
ធ្វើលំហាត់ប្រាណមានប្រយោជន៍យ៉ាងដូចម្តេចខ្លះចំពោះសុខភាព សូមស្តាប់ជា​
មួយនឹងបទយកការណ៍មួយរបស់លោក នី យូរ តាមរយៈកិច្ចសហប្រតិបត្តិការរវាង
អង្គការឆេមស៍ និង វិទ្យុអូស្រ្តាលី ដូចតទៅ៖ 30/04/2008

បទចំរៀងនេះមិនមែនជាចំរៀងដែលគេចាក់ស្តាប់នៅតាមផ្ទះ ឬចាក់រាំក្នុងពិធីអ្វីមួយ
ឡើយ តែជាចំរៀងមួយបទក្នុងចំណោមមចំរៀងជាច្រើនបទផ្សេងទៀត ដែលគេចាក់
រាំតាមក្បាច់ហាត់ប្រាណនៅពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងក្រុងភ្នំពេញ។

សព្វថ្ងៃមនុស្សកាន់តែច្រើនឡើងៗបានងាកមកគិតគូពីសុខភាពផ្ទាល់ខ្លួនតាមរយៈ
ការហាត់ប្រាណនេះ ជាមួយសំលៀកបំពាក់ជាឯកសណ្ឋានអ្នក ហឹ្វកហាត់កីឡា។
ក្នុងចំណោមមនុស្សរាប់រយនាក់ អ្នកមីង ជា ខេង កំពុងតែរាំតាមក្បាច់ហាត់ប្រាណ
អមដោយបទភ្លេងគាត់បានយល់ដឹងពីសារៈប្រយោជន៍នៃការហាត់ប្រាណ ហើយ
ទើបតែហាត់បានប្រាំឆ្នាំតែប៉ុណ្ណោះគាត់សង្កេតឃើញថាវាធ្វើឲ្យសុខភាពរបស់គាត់
មានភាពប្រសើរឡើងនិងជួយកាត់បន្ថយនូវជំងឺមួយចំនួនទៀត។

(សំលេងផ្ទាល់របស់អ្នកមីង ជា ខេង)
យើងចាប់អារម្មណ៍ថាហាត់ទៅវាស្រួលខ្លួនកាលពីដើមមួយអាទិត្យយើងធ្លាប់កោស
ខ្យល់មួយដងទាល់តែពេលយើងមកហាត់ប្រាណអញ្ចឹងមួយខែទើបកោសមួយដង
ហើយជួនកាលយូរទៅពីឬបីខែទើបមានផ្តាសសាយមួយដងអីអញ្ចឹងទៅ វាអត់មានអី
ឈឺធ្ងន់ពីមុនមកឧស្សាហ៍ឈឺ។

ក្រៅពីផ្តល់នូវសុខភាពល្អ ស្រី្តវ័យហាសិបមួយឆ្នាំរូបនេះបានបញ្ជាក់ថា រូបគាត់មាន​
ការសប្បាយចិត្តយ៉ាងខ្លាំងនៅពេលបានមកហាត់ប្រាណ ព្រោះគាត់អាចបន្ថូរអារម្មណ៍​
តាមរយះការស្តាប់ភ្លេងនិងជួបជាមួយមនុស្សយ៉ាងច្រើនដែលមកហាត់ជាមួយគ្នា។

(សំលេងផ្ទាល់របស់អ្នកមីង ជា ខេង)
ដំបូងយើងមានអារម្មណ៍ថាយើងឆ្គងខ្លាចហាត់ពុំបាន ប៉ុន្តែការពិតទៅហាត់ជាមួយគេ​
អាចហាត់បានព្រោះអីយើងអាចស្តាប់ភ្លេងហើយយើងហាត់តាមភ្េលងដូចថាមានអារម្មណ៍
ល្អហាត់ទៅបំបាត់ការនឿយហត់។

មិនខុសគ្នានិងអ្នកមីងជាខេងនេះដែរ យុវជនវីរះចាន់ឆពណ្ណអាយុដប់ប្រាំបីឆ្នាំជានិស្សិត
សកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញបានប្រាប់ពីចំនេះដឹងផ្ទាល់ខ្លួនទាក់ទងទៅនិង
ការហាត់ប្រាណនេះថា ការហាត់ប្រាណមានសារៈសំខាន់ណាស់ក្នុងការបង្កាជំងឺមួយ
ចំនួនហើយម្យ៉ាងទៀតវាបានធ្វើឲប្អូនមានអារម្មណ៍ជ្រះស្រឡះពីកង្វល់ទាំងឡាយ
ដែលកើតមានឡើងពីការធ្វើការងារជាពិសេសការសិក្សារាល់ថ្ងៃ។

ជាក់ស្តែងរូបឆពណ្ណផ្ទាល់សុខភាពរាងកាយមានការប្រសើរឡើងតាមរយៈការធ្វើលំ
ហាត់ប្រាណជាងមួយឆ្នាំនេះហើយកត្តាទាំងនេះបានជំរុញឲរូបគាត់បន្តហាត់ជាប្រចាំ
ពោលគឺក្នុងមួយថ្ងៃគាត់ចំណាយពេលពីសែសិបប្រាំនាទីទៅមួយម៉ោងនៅពហុកីឡា
ដ្ឋានជាតិអូឡាំពិក។

(សំលេងផ្ទាល់របស់ប្អូនប្រុស វីរៈ ចាន់ឆពណ្ណ)
ចំពោះខ្ញុំ ខ្ញុំគិតថាទាំងពីរណាមួយដើម្បីសុខភាពណាមួយដើម្បីឲមានអារម្មណ៍
សប្បាយផង ហាត់ប្រាណផ្តល់អត្ថប្រយោជន៍ណាស់ដូចជាធ្វើឲរាងកាយរបស់យើង
មាំមួន សុខភាពល្អចៀសផុតពីជំងឺដង្កាត់ដូចជាលើសឈាម ទឹកនោមផ្អែមជាដើម។

ពីមនុស្សដែលឧស្សាហ៍តែអស់កំលាំង ឆាប់ហត់និងមានជំងឺផ្តាសាយកើតញឹក
ញាប់នោះ។​ឆពណ្ណបានប្រែក្លាយជាមានរាងកាយមាំមួននិងមានសុខភាពល្អ
ឡើង ពេលដែលអនុវត្តនូវសកម្មភាពហាត់ប្រាណបានយ៉ាងខ្ជាប់ខ្ចួនមក។

(សំលេងផ្ទាល់របស់ប្អូនប្រុស វីរៈចាន់ឆពណ្ណ)
ពេលហាត់ដំបូងវារៀងនៅឈឺខ្លួនខ្លះៗដែរពីព្រោះយើងអត់ធ្លាប់ហាត់ពីមុនមក
តែដល់ពេលហាត់បានមួយរយះទៅគឺវាធម្មតា។ រាងកាយមាំមួនជាងមុនហើយ​
អត់សូវមានជំងឺទេពីមុនវាចេះតែឆាប់ហត់ឆាប់អីសូម្បីតែជំងឺផ្តាសាយងាកកើត
ងាកកើត ក៏ប៉ុន្តែឥឡូវបាត់តែម្តង។

នាពេលទាបភ្លឺនោតាមដងវិធីតាមសួនច្បារ និងតាមទីធ្លានៅក្នុងសកលវិទ្យាល័យ
មួយចំនួនក្នុងទីក្រុងភ្នំពេញមានមនុស្សម្នាកេ្មងចាស់ស្រីប្រុសជាច្រើនបាន
ចំណាយពេលទទួលទានដំណេកនាពេលព្រឹកព្រលឹមស្រាងៗរបស់ខ្លួនដើម្បី
ប្តូរយកសុខភាព តាមរយះការហាត់ប្រាណ។ អ្នកគ្រូបង្ហាត់ក្បាច់ហាត់ប្រាណនៅ
ពហុកីឡាដ្ឋានជាតិអូឡាំពិកឈួនស៊ីថាបានមានប្រសាសន៍ថាក្នុងមួយថ្ងៃៗមាន
មនុស្សរាប់រយនាក់បានមកហាត់ប្រាណនៅទីនេះ គាត់បន្តថាកន្លែងរបស់គាត់
បើកឲអ្នកហាត់ប្រាណពីរវេនគឺព្រឹកចាប់ពីម៉ោងប្រាំរហូតដល់ម៉ោងប្រាំពីរនិង
ល្ងាចពីម៉ោងប្រាំរហូតដល់ម៉ោងប្រាំមួយនិងសាបសិបនាទី។

ហើយកន្លែងនេះបានបង្ហាត់បង្រៀនក្បាច់ហាត់ប្រាណជាច្រើនតាមចំណង់
ចំណូលចិត្តរបស់ភ្ញៀវ។

(សំលេងផ្ទាល់របស់អ្នកមីង ឈួន ស៊ីថា)
បើនិយាយពីរឿងក្បាច់រាំយើងមិនអាចរៀបរាប់អស់ទេពីព្រោះយើងបែង
ដោយខ្លួនឯង ដល់អញ្ចឹងយើងពិបាកប្រាប់គ្រាន់តែដឹងថាក្បាច់ទីមួយអេរ៉ូប៊ិច
លាយរាំ ក្បាច់ទីពីឌីស្កូរបញ្ចប់។ ការហាត់ប្រាណនេះគឺថាភាគច្រើនជា​មនុស្សចាស់ដែលគាត់ចូលចិត្តហាត់ប្រាណ។ រឺឯកេ្មងជំទង់ៗវិញគាត់ចូល
ចិត្តរាំចង្វាក់ឌីស្កូរច្រើនជាង។

ការហាត់ប្រាណ ពិតជាមានសារៈសំខាន់ចំពោះសុខភាពរាងកាយ និងផ្លូវចិត្ត
នេះបើយោងតាមប្រសាសន៍របស់លោកនាយកប្រត្តិបត្តិអង្គការពន្លឺសុខភាព
និងជានិពន្ធនាយកទស្សនាវដ្តីសុខភាពលោកវេជ្ជបណ្ឌិត ឡាវ ចន្ថា។
លោកវេជ្ជបណ្ឌិតបានបន្តថាក្រៅពីផ្តល់នូវអារម្មណ៍ធូរស្បើយពី ភាពតានតឹង
លើបញ្ហាស្មុគ្រស្មាញក្នុងគ្រួសារ ឬការងារនោះ ការធ្វើលំហាត់ប្រាណក៏បាន​
ផ្តល់នូវប្រយោជន៍យ៉ាងច្រើនទៀតដូចជា ជួយពង្រឹងប្រពន្ធ័សាច់ដុំនិងឆ្អឹង
កាត់បន្ថយជំងឺមួយចំនួនតាមរយះការបង្កើតសង្វាក់បេះដូង សំរួលដល់លំហូរ
ឈាមទៅដល់សព្វសារពាង្គកាយ និងអាចកាត់បន្ថយជំងឺផ្សេងៗមួយចំនួនទៀត
ផង។

(សំលេងផ្ទាល់របស់លោកវេជ្ជបណ្ឌិត ឡាវចន្ថា)
វាអាចជួយកាត់បន្ថយជំងឺបេះដូងមួយចំនួន វាអាចជួយកាត់បន្ថយជំងឺលើស
ឈាម បញ្ចុះ ជាតិខ្លាញ់មិនល្អនៅក្នុងខ្លួន កាត់បន្ថយនូវកត្តាដែលនាំឲ្យយើង
មានការប្រឈមមុខនិងការកើតជំងឺទឹកនោមផ្អែមជួយត្រួតពិនិត្យទម្ងន់ខ្លួន
របស់យើងហ្នឹងមិនឲវាធាត់ពេកមិនឲវាលើសទម្ងន់ខ្លាំងពេក

ត្រង់ចំណុចនេះលោកវេជ្ជបណ្ឌិត ឡាវ ចន្ថា បានសង្កត់ធ្ងន់ថា ការហាត់​
ប្រាណដែលមានប្រសិទ្ធិភាពដូចអ្វីដែលបានរៀបរាប់ខាងលើ លុះត្រាតែអ្នក​
អនុវត្តហាត់ប្រាណទាំងនោះយល់ដឹងពីកត្តាមួយចំនួនដូចជាស្គាល់ពីស្ថានភាព
ជំងឺរបស់ខ្លួននិងអនុវត្តឲបានជាប្រចាំ។

(សំលេងផ្ទាល់របស់លោកវេជ្ជបណ្ឌិត ឡាវចន្ថា)
ទីមួយតើយើងធ្វើទៀងទាត់ញឹកញាប់ប៉ុន្មាន ទីពីរទម្ងន់នៃការហាត់ប្រាណ
មួយដងៗហ្នឹងប៉ុន្មាន ទីបីរយះពេលនៃការហាត់ប្រាណនោះមួយដងៗយូរ
ប៉ុន្មាន ប៉ុន្តែជារួមរយះពេលដែលល្អយ៉ាងហោចណាស់ក៏គួរឲបានសាមសិប
នាទីក្នុងមួយថ្ងៃ ហើយឲបានច្រើនថ្ងៃដែលអាចធ្វើទៅបាន ក្នុងមួយសប្តាហ៍​
ឬយ៉ាងហោចណាស់ក៏បានមួយរយហាសិបនាទីក្នុងមួយសប្តាហ៍ដែរ។

ថ្វីត្បិតតែការហាត់ប្រាណមានប្រយោជន៍យ៉ាងលើសលប់ក្តីក៏ប៉ុន្តែវាអាច
បង្កបញ្ហាបន្តិបន្តួចដែរលើអ្នកហាត់ប្រាណដូចជាដាច់រលាត់រឺរបួសដល់
សាច់ដុំនិងឆ្អឹងបញ្ហាទាំងនេះនិងកើតមានឡើងប្រសិនបើពួកគាត់ហាត់
ប្រាណហួសកំរិតរឺធ្វេសប្រហែសនោះ។ លោកវេជ្ជបណ្ឌិត ឡាវ ចន្ថា
បានលើកឡើងពីកត្តាចៀសវាងពីគ្រោះថ្នាក់ដែលបង្កពីការហាត់ប្រាណ
នេះថា អ្នកហាត់ប្រាណទូរទៅគួរតែស្វែងយល់ពីលក្ខ័ណ្ឌរាងកាយរបស់
ខ្លួន ដើម្បីហាត់ប្រាណឲមានសុវត្ថិភាព និងផ្តល់នូវសុខភាពល្អ។

(សំលេងផ្ទាល់របស់លោកវេជ្ជបណ្ឌិត ឡាវ ចន្ថា)
ខ្ញុំគិតថាមិនមានជំងឺណាដាច់ខាតថាមិនឲហាត់ប្រាណនោះទេប៉ុន្តែអ្វី
ដែលសំខាន់គឺថាការហាត់ប្រាណត្រូវតែហាត់ទៅតាមលក្ខ័ណ្ឌរាងកាយ
ទៅតាមប្រភេទជំងឺដែលយើងមានបើសិនជាអ្នកដែលមានជំងឺលើស
ឈាមតើគាត់គួរហាត់ប្រាណរបៀបណាក្នុងកំរិតទម្ងន់ប៉ុន្មាន។

ដោយមើលឃើញពីគុណប្រយោជន៍នៃការហាត់ប្រាណអ្នកមីងជាខេង
បានអំពាវនាវដល់ប្រជាជនទូរទៅគួរតែមកហាត់ប្រាណទាំងអស់គ្នា
ហើយកុំឲមានអារម្មណ៍អៀនខ្មាសចំពោះការហាត់ប្រាណនេះ។

(សំលេងផ្ទាល់របស់អ្នកមីង ជា ខេង)
សូមណែនាំដូចថា អ្នកដែលនៅក្នុងផ្ទះ ដែលថាអត់ដែលចេញមកក្រៅ
អត់ដែលឃើញគេហាត់ប្រាណគួរតែមក ហើយចូលហាត់នឹងងគេទៅ​
យើងកុំអៀនខ្មាសអីគេហាត់បានយើងក៏ហាត់បានដែរហាត់ទៅសុខភាព
ល្អស្រួលខ្លួន ដូចថាយើងចុកដៃចុកជើងអី វាអាចជួយរំសាយអស់ស្រួល
ខ្លួនដែរ។

ប្រសិនបើលោកអ្នកនាងកញ្ញាមានចម្ងល់ណាមួយទាក់ទងទៅនឹងបញ្ហា
សុខភាព ហើយចង់ឲកម្មវិធីរបស់យើងធ្វើការបកស្រាយជូន នៅក្នុងនាទី
សុខភាពរបស់វិទ្យុ​អូស្រា្តលី លោក លោកស្រីអ្នកនាងកញ្ញា អាចសរសេរ
ជាលិខិតផ្ញើមកកាន់អង្គការ ឆេមស៍ ដែលមានទីតាំងនៅផ្ទះលេខ170 ផ្លូវ
450 សង្កាត់ទួលទំពូង2 ខណ្ឌចំការមន រាជធានីភ្នំពេញឬក៏អាចទំនាក់ទំនង
តាមប្រពន័្ធ អ៊ីមែល chems@online.com.kh ។

ខ្ញុំ នី យូរ អង្គការឆេមស៍ រាយការណ៍ពីទីក្រុងភ្នំពេញ។

 


បញ្ចេញ មួយចំលើយតប