ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុទៅលើបរិស្ថាន

ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុទៅលើបរិស្ថាន

របាយការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី The Nature និយាយថា ការប្រែប្រួលអាកាសធាតុ
បង្កឡើងដោយមនុស្សលោក បានជះឥទ្ធិពលទៅលើបរិស្ថានធម្មជាតិលឿនជាង ពេលដែល
អ្នកវិទ្យាសាស្រ្តបានព្យាករណ៍ទុកជាមុន។
26/05/2008

របាយការណ៍ថ្មីមួយចេញផ្សាយដោយទស្សនាវដ្តី The Nature ឲ្យដឹងថា នៅជុំវិញ
ពិភពលោក ផ្ទាំងទឹកកកកំពុងរលាយ បុប្ផារីកខុសរដូវ សត្វបក្សា បក្សី ដែលសម្រាក
ក្នុងរដូវត្រជាក់ បានចេញដើររកចំណីអាហារមុនពេលកំណត់។

បណ្តាអ្នកវិទ្យាសាស្រ្ត បានភ្ជាប់ការជាប់ពាក់ព័ន្ធដោយផ្ទាល់រវាងការប្រែប្រួល ទាំងអស់
នេះទៅនឹងការឡើងកំដៅពិភពលោក។ អ្នកវិទ្យាសាស្ត្រកំពូលៗជាង២ពាន់៥រយនាក់
បាននិយាយដូចៗគ្នាថា មនុស្សលោកជាអ្នកធ្វើឲ្យកំដៅពិភពលោកកើនឡើង។

លោកអ្នកនាងជាទីមេត្រី ក្នុងនាទីកសិកម្ម បរិស្ថាន និងអភិវឌ្ឍនៈកម្មនៃវិទ្យុអូស្ត្រាលីនៅ
ពេលនេះ លោកសូ លឹមសេង សូមជំរាបជូនអំពីឥទ្ធិពលនៃការប្រែប្រួលអាកាធាតុទៅលើ
បរិស្ថាន។

របាយការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី The Nature និយាយថា ការប្រែប្រួលអាកាសធាតុ
បង្កឡើងដោយមនុស្សលោក បានជះឥទ្ធិពលទៅលើបរិស្ថានធម្មជាតិលឿនជាង ពេលដែល
អ្នកវិទ្យាសាស្រ្តបានព្យាករណ៍ទុកជាមុន។

យោងទៅតាមលោកស្រីបណ្ឌិត CYNTHIA ROSENZWEIG នាយកនៃក្រុមអ្នកវិភាគការ
ប្រែប្រួល អាកាសធាតុនៃអង្គការ NASA ក្នុងក្រុងញ៉ីវយ៉ក នៃសហរដ្ឋអាមេរិក ឲ្យដឹងថា
នៅពេល៣០ឆ្នាំកន្លងទៅនេះ សីតុណ្ហភាពសកលលោក បានកើនឡើង ០,៥ អង្សាសេ
ហើយនៅពេលឥឡូវនេះ ការឡើងកំដៅពិភពលោកនេះ កំពុងជះឥទ្ធិពលទៅលើបរិស្ថាន
ធម្មជាតិ។

CYNTHIA ROSENZWEIG : ជាបឋម ខ្ញុំសូមអនុញ្ញាតនិយាយថា នៅប្រទេសអូស្ត្រាលី
គេឃើញមាន ការធ្វើដំណើរនៃបក្សាបក្សីមកពីទីឆ្ងាយៗបានទៅដល់ប្រទេសអូស្រ្តាលីមុន
កាលកំណត់។ មានការធ្លាក់ចុះនូវនីវ៉ូទឹកក្នុងតំបន់ខាងលិចរដ្ឋវិចតូរីយ៉ា ហើយនៅប្រទេស
នូវ៉ែលហ្ស៊េឡង់មានការរលាយផ្ទាំងទឹកកក។មានភ័ស្តុតាងយ៉ាងច្រើនមកពីទ្វីបអឺរ៉ុប និង
អាមេរិកខាងជើងឲ្យដឹងថា ទឹកទន្លេ ស្ទឹង បឹងបួរ ឡើងកំដៅ បុប្ឆារីកមុនរដូវ និងមាន ការ
ប្រែប្រួលបរិយាកាសជាច្រើនទៀត។

ការសិក្សានេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី The Nature ដោយរួមបញ្ចូល ទាំង
ការសិក្សារបស់បណ្តាអ្នកវិទ្យាសាស្រ្តមួយចំនួនដែលពាក់ព័ន្ធក្នុងរបាយការណ៍នៅឆ្នាំមុន
ចេញផ្សាយដោយអង្គការអន្តររដ្ឋាភិបាលទទួលបន្ទុកកិច្ចការការប្រែប្រួលអាកាសធាតុ។

លោកស្រីបណ្ឌិត CYNTHIA ROSENZWEIG និងអ្នកវិទ្យាសាស្រ្តមួយក្រុម បានប្រមូល
ភ័ស្តុតាងពីការសិក្សាជិត៣ម៉ឺនករណី ហើយបានរកឃើញថា ជាង៩០ភាគរយនៃការ
ប្រែប្រួលទាំងនោះ បណ្តាលឡើងដោយសារមនុស្សលោក។

CYNTHIA ROSENZWEI : អង្គការអន្តររដ្ឋាភិបាលស្តីអំពីការប្រែប្រួលអាកាសធាតុ
និយាយថា គេឃើញមានការប្រែប្រួលសីតុណ្ហភាពដែលបង្កឡើងដោយមនុស្សលោក
ដែលបានជះឥទ្ធិពលទៅលើប្រព័ន្ធបរិស្ថាន និងមនុស្សលោក នៅទូទាំងពិភពលោក។

ជាមួយគ្នានេះដែរ លោកស្រី Suzan Solomon មកពីកម្មវិធីបរិស្ថាននៃអង្គការសហ
ប្រជាជាតិ និយាយថាបណ្តាអ្នកវិទ្យាសាស្រ្ត បានឯកភាពគ្នាថា ភពផែនដីបានកើន
កំដៅឆាប់ជាងការដែលគេបានរំពឹងទុក និងថាសកម្មភាពរបស់មនុស្សលោក ជាកត្តា
ធ្វើឲ្យមានកំណើនកំដៅនៅលើពិភពលោក។

Suzan Solomon :ការឡើងកំដៅនៃប្រព័ន្ធអាកាសធាតុ នៅពេលឥឡូវនេះ មាន
យ៉ាង ជាក់ច្បាស់។ មានភ័ស្តុតាងយ៉ាងច្បាស់ អំពីការឡើងកំដៅនៅមហាសាគរ ការ
រលាយផ្ទាំងទឹកកក ការរលាយព្រឹល ការឡើងកំដៅពិភពលោក នីវ៉ូទឹកសមុទ្ទឡើង
កំពស់ អាកាសធាតុប្រែប្រួល រួមមានភាពរាំងស្ងួត ទឹកជំនន់ រលកកំដៅ និងខ្យល់
ព្យុះស៊ីក្លូន។

លោក David Karoly ជាសាស្រ្តាចារ្យម្នាក់ផ្នែកឧតុនិយមនៅសកល វិទ្យាល័យ
ម៉ែលប៊ិននិងជាសហអ្នកនិពន្ធនៃទស្សនាវដ្តីThe Nature ។ លោកមាន ប្រសាសន៍
ថាការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលទៅលើប្រព័ន្ធបរិស្ថាននៅជុំវិញពិភពលោក។

DAVID KAROLY: អ្វីដែលការសិក្សា បានរកឃើញគឺថា ការប្រែប្រួលអាកាសធាតុ
បង្ក ឡើងដោយសារមនុស្សលោក បានជះឥទ្ធិពលទៅលើប្រព័ន្ធធម្មជាតិនៅទូទាំង
សកលលោក។ ការប្រែប្រួលអាកាសធាតុ មិនមែនជារឿងរ៉ាវមួយ ដែលនឹងប៉ះ ពាល់
មកលើយើងនៅពេលអនាគតនោះទេ ។

ការប្រែប្រួលអាកាសធាតុមិនគ្រាន់តែជះឥទ្ធិពលមកលើតែប្រទេសអូស្រ្តាលីប៉ុណ្ណោះទេ
ប៉ុន្តែបានជះឥទ្ធិពលទៅលើប្រទេសទាំងអស់នៅលើពិភពលោកទាំងមូលរួចស្រេចទៅ
ហើយ។

លោកសាស្ត្រាចារ្យ DAVID KAROLY មានប្រសាសន៍ថា ការសិក្សាបានរកឃើញថា
កត្តាផ្សេងៗទៀតបង្កឡើងដោយមនុស្សលោក ដែលបានជះឥទ្ធិពលទៅលើរុក្ខជាតិ
សត្វ បក្សា បក្សី មានដូចជាការកាប់ព្រៃឈី ឬការបំពុលទឹក។លោកថ្លែងថា ការសិក្សា
រកឃើញថា ការប្រែប្រួលដែលគេបានសង្កេតឃើញនោះ មិនមែនបណ្តាល មកពីការ
ប្រែប្រួលអាកាសធាតុធម្មជាតិនោះទេ។

DAVID KAROLY:អាកាសធាតុមានការប្រែប្រួលតាមបែបធម្មជាតិ ប៉ុន្តែជាការចម្លែក
ណាស់ក្នុងការមានការប្រែប្រួលសីតុណ្ហភាព ដែលកើតមានឡើងនៅទូទាំងពិភពលោក
ទាំងមូល ក្នុងវិធីដូចគ្នា និងក្នុងទំហំនិងអត្រាដូចគ្នា។

អង្គការសហប្រជាជាតិ ព្យាករណ៍ថា ការបំពុលបរិស្ថានដោយសារការដុតឥន្ធនៈហ្វូស៊ីល
នឹងធ្វើឲ្យស្ថានភាពទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យុះស៊ីក្លូននិងការរលាយផ្ទាំងទឹកកក
មានសភាពរឹតតែធ្ងន់ធ្ងរ។ អង្គការសហប្រជាជាតិព្រមានថា ការប្រែប្រួលនេះមិនអាច
បញ្ឈប់បានឡើយ ព្រមទាំងបានបណ្តាលឲ្យសីតុណ្ហភាពពិភពលោកកើនឡើងដល់
ទៅ៤អង្សាសេក្នុងសតវត្សរ៍នេះ ហើយនីវ៉ូទឹកសមុទ្ទនឹងកើនឡើងជាងកន្លះម៉ែត្រ។

លោកស្រី Stephanie Tunmore មកពីអង្គការការពារបរិស្ថាន ឈ្មោះ Greenpeace
International និយាយថាការព្រមាននេះរបស់អង្គការសហប្រជាជាតិនេះ នឹងជា
ការក្រើនរំលឹកមួយ ហើយលោកស្រីមានក្តីសង្ឃឹមថាអ្នកនយោបាយទាំងឡាយនឹងធ្វើ
សកម្មភាពទប់ទល់ នឹងបញ្ហាការប្រែប្រួលអាកាសធាតុនេះ។

លោកកូហ្វីអាណាន់ អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យ\
មានសកម្មភាពរួមមួយ ដើម្បីជួយពលរដ្ឋក្រីក្របំផុតនៅលើពិភពលោកឲ្យសម្របសម្រួល
បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។លោកមានប្រសាសន៍ថា ពលរដ្ឋក្រីក្រ ដែល
មានចំណែកតិចបំផុតក្នុងការធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ បានរងគ្រោះខ្លាំងក្លា
ជាងគេ។ លោកកូហ្វី អាណាន់ នៅពេលឥឡូវនេះដឹកនាំអង្គការថ្មីមួយហៅថា Global
Humanitarian Forum ឬវេទិការមនុស្សធម៌សកលលោក។ការប្រជុំទីមួយរបស់អង្គ
ការនេះ នៅខែក្រោយ នឹងផ្តោតការយកចិត្តទុកដាក់ទៅលើការប្រែប្រួលអាកាសធាតុ
និងដើម្បីរិះរកវិធីជួយជនដែលរងគ្រោះខ្លាំងក្លាបំផុតដោយសារការប្រែប្រួលអាកាសធាតុ។

លោកកូហ្វីអាណាន់ ថ្លែងថាការប្រែប្រួលអាកាសធាតុ ជាមូលហេតុនាំឲ្យមានការ គំរាម
កំហែងគ្រប់បែបទាំងអស់មានដូចជា ការគំរាមកំហែងទៅលើផ្នែកសុខភាព សន្តិសុខ
ស្ថិរភាពនយោបាយ និងសង្គម។

Kofi Annan : យើងអាចស្រមៃឃើញអំពីស្ថានភាពរស់នៅ នៅកន្លែងដែល
ក្សត់ប្រភពធនធាន ហើយពលរដ្ឋកំពុងពុះពារដើម្បីគ្រប់គ្រងស្ថានភាពរស់នៅ នៅ
កន្លែងដែលគេមិនអាចរស់នៅបាននៅលើដីសល់ពីជីដូនជីតារបស់គេ និងស្ថានភាព
រស់នៅរបស់ពលរដ្ឋរស់នៅក្នុងតំបន់ទំនាបដែលអាចមានទឹកជំនន់ ប្រសិនបើនីវ៉ូ
ទឹកសមុទ្រនៅតែកើនកំពស់។ ខ្ញុំមានជំនឿថា ពិភពលោកត្រូវការផ្តោតការយកចិត្ត
ទុកដាក់ទៅលើបញ្ហានេះ។

បណ្តាថ្នាក់ដឹកនាំ និងអ្នកជំនាញការលើពិភពលោក មានផ្នែកពាណិជ្ជកម្ម វិទ្យាសាស្រ្ត
បច្ចេកវិទ្យាព័ត៌មាន យោធា និងសហគមន៍អភិវឌ្ឍន៍ នឹងចូលរួមក្នុងការប្រជុំ ដែលនឹង
ប្រព្រឹត្តនៅចុងខែមិថុនាខាងមុខនេះ ដើម្បីរកដំណោះស្រាយជួយដល់ពលរដ្ឋដែល អាច
រងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការប្រែប្រួលអាកាសធាតុ។

លោកកូហ្វីអាណាន់ ព្រមានថា ការប្រែប្រួលអាកាសធាតុ អាចធ្វើឲ្យគោល ដៅអភិវឌ្ឍន៍
សំរាប់សហសវត្សរ៍ថ្មីរបស់អង្គការសហប្រជាជាតិបរាជ័យ ជាពិសេសការកាត់ បន្ថយភាព
ក្រីក្រឲ្យបានចំនួនពាក់កណ្តាលមិនឲ្យហួសឆ្នាំ២០១៥។លោកថ្លែងថា ការប្រមូលកសិផល
មិនបានល្អ ដោយសារការប្រែប្រួលអាកាសធាតុបានកាត់បន្ថយភោគផលស្បៀងក្នុងតំបន់។
ហើយលោកថាការនេះអាចនាំឲ្យមានការរីកសាយភាយនូវភាពទុរ្ភឹក្ស។

Kofi Annan : យើងឃើញថាក្នុងបញ្ហាការប្រែប្រួលអាកាសធាតុ ពលរដ្ឋក្រីក្ររង
ការលំបាកយ៉ាងពេញបន្ទុក។ ពួកគេបំពុលបរិស្ថានតិចបំផុត ប៉ុន្តែពួកគេរងគ្រោះយ៉ាង
ធ្ងន់ធ្ងរបំផុត ។ខ្ញុំគិតថាត្រូវមានសមភាព និងយុត្តធម៌ ហើយអ្នកបំពុលបរិស្ថានត្រូវតែ
ទទួលខុសត្រូវក្នុងបញ្ហានេះ។
លោកកូហ្វី អាណាន់ មានប្រសាសន៍ថា រដ្ឋាភិបានៅជុំវិញពិភពលោក ត្រូវតែរកឲ្យ

ឃើញនូវប្រព័ន្ធមួយសម្រាប់ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយមិន
គ្រាន់តែមានប្រសិទ្ធិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមភាពផង។លោកបន្តថា ការ
ប្រជុំរបស់អង្គការ Global Humanitarian Forum អាចជួយផ្ចង់អារម្មណ៍ ទៅ
លើអ្វីដែលត្រូវធ្វើដើម្បីជួយពលរដ្ឋក្រីក្រ និងអ្នកដែលងាយរងគ្រោះបំផុតដោយសារ
ការប្រែប្រួលអាកាសធាតុ។

នៅប្រទេសអូស្រ្តាលី រដ្ឋាភិបាលសហព័ន្ធ ដឹកនាំដោយលោក ខេវិន រ៉ាដ្ត បានទុក
បំរុងថវិកា២ពាន់៣រយលានដុល្លារសម្រាប់ចំណាយទៅលើការសិក្សាស្រាវជ្រាវ
អាកាសធាតុ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុល និងដើម្បីជួយដល់ការបន្សាំ
ដល់ការប្រែប្រួលអាកាសធាតុ៕

(សូ លឹមសេង )


បញ្ចេញ មួយចំលើយតប