ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្ម

ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្ម

របាយការណ៍ចេញដោយការិយាល័យធនធានសេដ្ឋកិច្ចនិងកសិកម្មអូស្រ្តាលីបានឲ្យដឹងថា
ការធ្លាក់ចុះនូវបរិមាណផលិតកម្មកសិកម្មនេះអាចបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅ
លើវិស័យពាណិជ្ជកម្មអូស្តា្រលី ព្រមទាំងបានទទូចសុំឲ្យរដ្ឋាភិបាលជំរុញឲ្យកសិករបន្តការ
ដំឡើងប្រព័ន្ធដាំដុះដំណាំដោយប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធិភាព និងកាត់បន្ថយការ
បញ្ចេញឧស្ម័នបំពុលបរិស្ថាន។
02/06/2008

បាទ លោកអ្នកនាង និងប្រិយមិត្តអ្នកស្តាប់វិទ្យុអូស្រ្តាលីជាទីរាប់អាន នាទីកសិកម្ម
និងបរិស្ថាននៃវិទ្យុអូស្រ្តាលីរៀបចំដោយ ខ្ញុំបាទសូ លឹមសេង មានកិត្តិយស បាន
វិលមកជួប មិត្តអ្នកស្តាប់ជាថ្មីទៀតនៅពេលនេះ។ បាទនៅខណៈនេះនាទីយើង
សូមជំរាបជូនអំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុទៅលើផលិតផលកសិកម្ម។

មានការរំពឹងថា បរិមាណផលិតផលកសិកម្មអូស្រ្តាលី នឹងធ្លាក់ចុះដល់ទៅ១០ភាគរយ
មិនហួសឆ្នាំ២០៣០ ដោយសារការប្រែប្រួលអាកាសធាតុ។

របាយការណ៍ចេញដោយការិយាល័យធនធានសេដ្ឋកិច្ចនិងកសិកម្មអូស្រ្តាលីបានឲ្យដឹងថា
ការធ្លាក់ចុះនូវបរិមាណផលិតកម្មកសិកម្មនេះអាចបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅ
លើវិស័យពាណិជ្ជកម្មអូស្តា្រលី ព្រមទាំងបានទទូចសុំឲ្យរដ្ឋាភិបាលជំរុញឲ្យកសិករបន្តការ
ដំឡើងប្រព័ន្ធដាំដុះដំណាំដោយប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធិភាព និងកាត់បន្ថយការ
បញ្ចេញឧស្ម័នបំពុលបរិស្ថាន។

លោក DON GUNASEKERA នាយកការិយាល័យធនធានសេដ្ឋកិច្ចនិងកសិកម្មអូស្រ្តាលី
និយាយថា មានការរំពឹងថា បរិមាណផលិតផលកសិកម្មអូស្រ្តាលី នឹងធ្លាក់ចុះយ៉ាងសំបើម
សំរាប់រយៈពេលមធ្យម និងរយៈពេលយូរ ដោយសារការប្រែប្រួលអាកាសធាតុ។ លោកមាន
ប្រសាសន៍ថា គ្រឿងឧបភោគបរិភោគមានដូចជា ផលិតផលស្រូវសាលី សាច់ ម្ហូបអាហារ
ធ្វើអំពីទឹកដោះគោ និងស្ករ នឹងធ្លាក់ចុះពី៩ទៅ១០ភាគរយមិនហួសឆ្នាំ២០៣០ និងរវាងពី
១៣ទៅ១៩ភាគរយមិនហួសឆ្នាំ២០៥០ដោយសារការប្រែប្រួលអាកាសធាតុ។

បាទ តើការប្រែប្រួលអាកាសធាតុនឹងប៉ះពាល់ទៅលើបរិមាណផលិតផលកសិកម្ម ប្រទេស
ទាំងឡាយនៅលើពិភពលោកយ៉ាងដូចម្តេច?។ លោកDON GUNASEKERA មានប្រសាសន៍
ពន្យល់។

DON GUNASEKERA: នៅក្នុងប្រទេសនានាដទៃទៀតនៅលើពិភពលោក ប្រសិនបើយើង
ក្រឡេកមើលទៅលើប្រទេសកសិកម្មសំខាន់ៗមួយចំនួន មានដូច សហរដ្ឋអាមេរិក សហភាព
អឺរ៉ុប យើងឃើញថា បរិមាណផលិតកសិកម្មរបស់ប្រទេសទាំងនោះ ទំនងជាមានការធ្លាក់ចុះ
ប្រមាណជា៤ភាគរយ ក្នុងរយៈពេលមធ្យម និងរយៈពេលយូរ។

ប៉ុន្តែបើយើងពិនិត្យមើលទៅលើប្រទេសខ្លះនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំង
ប្រទេសឥណ្ឌាវិញនោះ យើងឃើញថា បរិមាណផលិតផលកសិកម្មរបស់ប្រទេសទាំងនោះ
នឹងធ្លាក់ចុះ រវាងពី១២ទៅ២៥ ភាគរយ ដោយសារការប្រែប្រួលអាកាសធាតុសំរាប់រយៈពេល
មធ្យម និងរយៈពេលយូរ។

ដូច្នេះបើប្រៀបធៀបជាមួយប្រទេសនានាក្នុងពិភពលោក តើការធ្លាក់ចុះនូវបរិមាណ
ផលិតផលកសិកម្មរបស់ប្រទេសអូស្រ្តាលីមានទំហំប៉ុណ្ណា?។លោក DON GUNASEKERA
ធ្វើការបកស្រាយ។

DON GUNASEKERA ការគណនា ដែលយើងបានបង្ហាញ បានឲ្យដឹងថា បណ្តាប្រទេស
កំពុងលូតលាស់ ទំនងជារងការបះពាល់ផ្ទុយគ្នាដោយសារការប្រែប្រួលអាកាសធាតុ។
ក្នុង ចំណោមប្រទេសអភិវឌ្ឍន៍ បរិមាណផលិតផលកសិកម្មរបស់ប្រទេសអូស្រ្តាលី
នឹងរងការប៉ះពាល់យ៉ាងច្រើនសំរាប់រយៈពេលយូរ និងមធ្យមដោយសារការប្រែប្រួល
អាកាសធាតុ។

ប្រទេសអូស្រ្តាលី ជាប្រទេសនាំចេញនូវផលិតផលកសិកម្ម និងគ្រឿងឧបភោគ បរិភោគដ៏
ធំបំផុតនៅលើពិភពលោក ។ តើការធ្លាក់ចុះថយនូវបរិមាណផលិតផលកសិកម្មអូស្រ្តាលីនឹង
ប៉ះពាល់ដល់វិស័យកម្មអូស្រ្តាលីយ៉ាងដូចម្តេចដែរ?

DON GUNASEKERA: ប្រទេសអូស្រ្តាលីនាំចេញផលិតផលកសិកម្មចំនួនជិត២ភាគបីនៃ
ផលិតផល កសិកម្មដែលខ្លួនបានផលិត។ការវិភាគដែលយើងធ្វើ បង្ហាញឲ្យឃើញ ថាការ
ធ្លាក់ចុះនូវបរិមាណផលិតផលកសិកម្មដោយសារ ការប្រែប្រួលអាកាសធាតុ បានញ៉ាំងឲ្យ
ការនាំចេញកសិផលអូស្ត្រាលីទំនងជាធ្លាក់ចុះរវាងពី១១ទៅ៦៣ភាគរយមិនហួសឆ្នាំ២០៣០
និងរវាងពី១៥ទៅ៧៩ភាគរយមិនហួសឆ្នាំ២០៥០ ដោយសារនៅពេលឥឡូវនេះបរិមាណ
ផលិតផលកសិកម្មអូស្ត្រាលីធ្លាក់ចុះ ដូច្នេះការនាំចេញផលិតផលនេះក៏ធ្លាក់ចុះទៅតាម
បរិមាណនោះដែរ។

លោកDON GUNASEKERA បន្តថានៅពេលបរិមាណផលិតផលកសិកម្មអូស្រ្តាលីធ្លាក់ចុះ
ដល់៧៩ភាគរយ មិនហួសឆ្នាំ២០៥០នោះ ផលទុនសរុបអូស្រ្តាលីក៏នឹងធ្លាក់ចុះប្រមាណ
ជា៥ភាគរយដែរ។ដូច្នេះប្រទេសអូស្រ្តាលីត្រូវធ្វើដូចម្តេចដើម្បីធានាថា ការប្រែប្រួលអាកាស
ធាតុមិនប៉ះពាល់ទៅលើវិស័យកសិកម្ម។ លោក DON GUNASEKERA មានប្រសាសន៍
ពន្យល់។

DON GUNASEKERA: ខ្ញុំគិតថា ចំណុចសំខាន់នោះ គឺថាតើយើងអាចបង្វែការប្រែប្រួល
អាកាសធាតុដូចម្តេច ដើម្បីឲ្យទៅជាឧកាសមួយសម្រាប់បង្កើនផលិតផលកសិកម្ម។ឆ្លើយ
តបទៅនឹងសំនួរនេះ កត្តាសំខាន់គឺការសម្របសម្រួលបន្សាំទៅនឹងការប្រែប្រួលអាកាស
ធាតុ។ យើងត្រូវតែកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិស្ថានតាមរយៈការប្រឹងប្រែង
បន្ថយឧស្ម័ននេះ។

វាជាការសំខាន់ណាស់សំរាប់យើងក្នុងការរក្សាសមត្ថភាពផលិត។ដូចយើងដឹងហើយថា
កសិករអូស្រ្តាលីមានសមត្ថភាពក្រៃលែងក្នុងការផលិតកសិផល។ដូច្នេះដើម្បីរក្សាសមត្ថ
ភាពនេះ យើងតម្រូវឲ្យមានការសិក្សានិងការអភិវឌ្ឍន៍ទៅលើវិធានការមាំមួនទាំងឡាយ
ដើម្បីសម្រប សម្រូលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។

កសិករអូស្រ្តាលីបានទទួលការព្រមានថា ប្រសិនបើគេមិនសម្របសម្រួលបន្សាំទៅនឹង
ការប្រែប្រួលអាកាសធាតុទេ កសិផលរបស់គេនឹងធ្លាក់ចុះដល់ទៅ១០ភាគរយ នៅពេល
២ទសវត្សរ៍ទៀតនេះ ។លោក Stuart Gall ជាកសិករម្នាក់ដាំស្រូវសាឡី និងចិញ្ចឹម
សត្វពាហនៈនៅ Moree ក្នុងតំបន់និរតីនៃរដ្ឋ New South Wales ជិតព្រំប្រទល់រដ្ឋ
Queensland ។

លោកជាកសិករមានសំណាងម្នាក់ក្នុងចំណោមកសិករដទៃទៀត ដោយលោកអាចប្រមូល
ភោគផលស្រូវសាលីបានបន្តិចបន្តួចនៅចុងឆ្នាំកន្លងទៅនេះ ទោះបីជាមានភាពរាំងស្ងួត
ក៏ដោយ។ប៉ុន្តែប្រសិនបើ ភាពរាំងស្ងួតបង្កឡើងដោយសារ ការប្រែប្រួលអាកាសធាតុនៅ
មានជាបន្តទៀតនោះ មានការព្យាករថា កសិផលរបស់លោកនឹងធ្លាក់ចុះ១០ភាគរយ ក្នុង
ពេល២៥ឆ្នាំទៀត។លោកថា លោកមិនប្រាកដថាតើនៅពេលនោះជីវភាពរស់នៅរបស់
លោកនឹងក្លាយទៅជាយ៉ាងណាឡើយ។

STUART GALL: ខ្ញុំមានការព្រួយបារម្ភ ។ខ្ញុំបានឆ្លងកាត់បទពិសោធន៍ភាពរាំងស្ងួត។
នៅពេលនោះកសិផលរបស់ខ្ញុំ បានធ្លាក់ចុះជាមធ្យមជាង៩ភាគរយ។ប្រសិនបើភាពរាំងស្ងួត
មានជាបន្តទៀតនោះ វានឹងជាការព្រួយបារម្ភមួយ។

ការព្រួយបារម្ភរបស់ពិភពលោកកាន់តែមានសភាពខ្លាំងក្លាឡើង ដែលថា ការប្រែប្រួល
អាកាសធាតុ អាចបណ្តាលឲ្យពលរដ្ឋជាច្រើនលាននាក់ស្ថិតក្នុងសភាពគ្រោះថ្នាក់ដែល
បណ្តាលឡើងដោយសារទឹកជំនន់ ភាពរាំងស្ងួត និងខ្យល់ព្យុះ។

របាយការណ៍ឲ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី មានដូចជាប្រទេសថៃ និង
ហ្វ៊ីលីពីនទំនងជារងការប៉ះពាល់ខ្លាំងក្លាបំផុតដោយសារឥទ្ធិពលនៃការឡើងកំដៅ
ពិភពលោក ដរាបណាគេមិនបានរិះរកមធ្យាបាយដោះស្រាយបញ្ហានេះឲ្យបានជា
បន្ទាន់ទេនោះ។

បណ្តាអ្នកវិទ្យាសាស្ត្រធាស៊ី បានបញ្ចេញឲ្យដឹងនូវការសិក្សា ដែលនិយាយ លម្អិតអំពីការ
ខាតបង់សេដ្ឋកិច្ចនៅក្នុងតំបន់ ព្រមទាំងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើ អាយុ
ជិវិតមនុស្សនិងបរិស្ថានបណ្តាលឡើងដោយសារ ការប្រែប្រួលអាកាសធាតុ។

ការសិក្សានោះ ឲ្យដឹងថា ប្រទេសថៃ បានខូតខាតសេដ្ឋកិច្ចក្នុងទឹកប្រាក់ប្រាក់ចំនួន
១ពាន់៧៥០លានដុល្លារបណ្តាលឡើងដោយសារ ទឹកជំនន់ ភាពរាំងស្ងួត និងខ្យល់ព្យុះ
ក្នុងអំឡុងឆ្នាំ១៩៨៩និង២០០២។ភាគច្រើននៃការខូចខាតនេះ ចេញមកពីវិស័យកសិកម្ម
ដែលការខូចខាតនេះមានចំនួនដល់ទៅ១២០០លានដុល្លារ ក្នុងអំឡុងឆ្នាំ១៩៩១និង
ឆ្នាំ២០០០។ការសិក្សានោះ ឲ្យដឹងថាការកើនឡើងនូវនីវ៉ូទឹកសមុទ្រ អាចបណ្តាលឲ្យ
រលាយសាបសូន្យនូវសត្វបក្សាបក្សី រស់នៅតាមឆ្នេរសមុទ្រ។

ការសិក្សាឲ្យដឹងថា តំបន់ឆ្នេរសមុទ្រនៃប្រទេសថៃ ជាតំបន់សេដ្ឋកិច្ចសំខាន់របស់ប្រទេស
ក្នុងផ្នែកនេសាទ ជំនួញ កន្លែងកំសាន្ត និងទេសចរណ៍ ប៉ុន្តែថាបើនីវ៉ូទឹក សមុទ្រកើន ឡើង
ជាបន្តទៀតតំបន់សេដ្ឋកិច្ចនោះនឹងរងការខូចខាត ។

ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី នាទីកសិកម្ម បរិស្ថាន និងអភិវឌ្ឍនៈកម្មនៃវិទ្យុអូស្រ្តាលី
នៅពេលនេះ បានចូលដល់ទីបញ្ចប់ហើយ ខ្ញុំបាទសូ លឹមសេង អ្នករៀបចំកម្មវិធីនេះ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តដាក់តាមដានស្តាប់របស់
លោកអ្នក។

បាទលោក អ្នកនាងជាទីមេត្រី នាទីកសិកម្ម បរិស្ថាន និងអភិវឌ្ឍនៈកម្មនៃវិទ្យុអូស្ត្រាលី
ដែលលោកអ្នកទើបបានស្តាប់អំបាញមិញនេះ ចប់តែប៉ុណ្ណេះ។

បាទសូមជំរាបថាផងដែរ លោកអ្នកក៏អាចស្តាប់នាទីកសិកម្មនិងបរិស្ថាននេះឡើងវិញ
បានដែរ តាមរយៈគេហទំព័ររបស់វិទ្យុអូស្រ្តាលីខេមរភាសា ដែលមានអសយដ្ឋាន
www.radioaustralia.net.au/khmer

បាទ ប្រសិនបើ លោកអ្នកមានចម្ងល់ឬសំណូមពរណាមួយទាំក់ទងនឹងបញ្ហាកសិកម្ម
និងបរិស្ថាន សូមលោកអ្នកសរសេរសំបុត្រទៅវិទ្យុអូស្រ្តាលី ខេមរភាសា ប្រអប់សំបុត្រ
លេខ ៤១៤ ក្រុងភ្នំពេញ។ នាទីយើងនឹងនៅរង់ចាំទទួលលិខិតរបស់លោកអ្នក ដោយ
ក្តីរីករាយជាទីបំផុត។


បញ្ចេញ មួយចំលើយតប