១ – មជ្ឈដ្ឋានភូមិសា្រស្រ្ដ និងដើមកំនើតជាតិខ្មែរ

ក.មជ្ឈដ្ឋានភូមិសាស្រ្ដ
ក្នុងសម័យដែលរុងរឿងបំផុត ទឹកដីខ្មែរបានលាតសន្ធឹងទៅលើភូមិភាគធំនៃអាស៊ីអគ្នេយ៍ដីគោក។ ក្រៅពីប្រទេ
សខ្មែរបច្ចុប្បន្ន ទឹកដីកូសាំងស៊ីនទាំងមូល ផ្នែកខាងត្បូង និងកន្ដាលនៃប្រទេសលាវ និងផ្នែកខាងកើតនៃប្រទេស
ថៃ ក៏ជារបស់ខ្មែរដែរ។ ហើយមានពេលខ្លះ អំនាចខ្មែរបានលាតសន្ធឹងរហូតដល់ជ្រោយម៉ាលាយូ និងប្រទេស
ភូមាថែមទៀតផង។
ពីស.វ. ទី១៣ ដល់ ១៩ ទឹកដីខ្មែរត្រូវរួញបន្ដិចម្ដងៗ ដោយសារអំពើរុករានរបស់ជនជាតិសៀម និងជនជាតិ
យួន ដែលមានបំនងយកទន្លេមេគង្គធ្វើជាព្រំដែនរួមរបស់គេ។ ដោយមានការស្នើសុំពីសំនាក់ស្ដេចខ្មែរ ហើយ
ដែលស្របនឹងប្រយោជន៍គេផងនោះ បារាំងបានធ្វើអន្ដរាគមចូលមកក្នុងនយោបាយខ្មែរ ហើយប្រហែលដោយ
សារនោះ ជាតិខ្មែរយើងក៏អាចនៅគង់វង់រហូតដល់សព្វថ្ងៃ ព្រមទាំងអាចថែរក្សាទឹកដី ដែលខ្លួនធ្លាប់មានកាលពី
ស.វទី១៨។ប៉ុន្ដែជនជាតិខ្មែររាប់លាននាក់ ត្រូវឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួន ហើយត្រូវរស់នៅក្រោមការគ្រប់
គ្រងរបស់ជនបរទេសដែលបានយកទឹកដីខ្មែរធ្វើជាទឹកដីរបស់គេ។
ប្រទេសខ្មែរសព្វថ្ងៃមានផ្ទៃដីប្រមាណ ១៨១០៣៥គ.មក្រលា ហើយស្ថិតនៅចន្លោះប្រទេសថៃ ប្រទេសលាវ ប្រ
ទេសវៀតណាមខាងត្បូង និងឈូងសមុទ្រថៃ។បើនិយាយពីសន្ឋានដី គេឃើញមានភូមិភាគពីរខុសគ្នា មួយផ្នែក
ជាដីខ្ពស់នៅខាងជើង អិសាន និងនីរតី មួយផ្នែកទៀតជាដីទំនាបតំបន់បឹងទន្លេសាប អាងទន្លេមេគង្គ និងតំបន់
សឆ្នេរមុទ្រ។
 - ភូមិភាគដីខ្ពស់ ជាភូមិភាគសំបូរដោយព្រៃឈើ ហើយមានសន្ឋានហាក់ដូចជារបងព័ទ្ធជុំវិញដីទំនាប។
 - នៅទិសនិរតីភ្នំក្រវាញ បានលាតសន្ធឹងតាមឆ្នេរសមុទ្រ តែមានកំពស់មធ្យមមិនហួសពី ១០០០ម. ឡើយ។
 - នៅខាងជើង ជួរភ្នំដងរែកជាព្រំដែនធម្មជាតិរវាងប្រទេសខ្មែរនិងប្រទេសថៃ។ នៅខាងត្បូងជួរភ្នំនេះ គេ
ឃើញមានភ្នំដងរែក និងខ្ពង់រាបខ្លះ ភ្នំគូលេន។

នៅទិសអិសាន ខ្ពង់រាបក្រានិត (granite) បានលាតសន្ធឹងក្នុងខេត្ដរតនគីរី និងមណ្ឌលគីរី ហើយមានកន្លែងខ្លះ
មានកំពស់រហូតដល់ ១០០០ម (កន្លែងប្រជុំព្រំដែន ៣) ខ្ពង់រាបទាំងនេះជាប្រភពនៃស្ទឹង ៣ ដែលបានហូរឆ្ពោះ
ទៅរកទន្លេមេគង្គ គឺស្រែពក សេសាន និងសេកង។ ផ្នែកកន្ដាលនៃប្រទេសខ្មែរ មានសន្ឋានជាបាតចានដែកធំ
មួយដែលគេឃើញមានភ្នំនៅត្រង់ណេះខ្លះ នៅត្រង់ណោះខ្លះ គឺនៅត្រង់នោះហើយដែលមានមនុស្សរស់នៅ
ច្រើនកុះករជាទីបំផុត ហើយដែលចិញ្ចឹមជីវិតដោយរបរកសិកម្ម ព្រោះដីមានជីជាតិ និងមានទំហំធំទូលាយជាង
គេនៅអិណ្ឌូចិនទាំងមូលនេះ។

ទន្លេមេគង្គជាទន្លេធំតែមួយ ដែលបានឆ្លងកាត់វាលទំនាបខ្មែរ ពីខាងជើងរហូតដល់ចុងខាងត្បូង។ ទន្លេមានប្រ
វែងជាង៥០០០គ.ម មានប្រភពចេញពីខ្ពង់រាបទីបេ ហើយបានហូរកាត់ប្រទេសចិនខាងត្បូង ប្រទេសភូមា ប្រ
ទេសថៃ ប្រទេសលាវ ប្រទេសខ្មែរ និងប្រទេសវៀតណាមខាងត្បូង។ នៅត្រង់ខោនប្រទេសលាវ ដុំថ្មជាច្រើន
បានរាំងផ្លូវទន្លេមេគង្គជាប់បង្កើតបានជាអាងទឹកកំពស់ប្រមាណ២០ម ហើយដែលជាហេតុបន្ដាលអោយមាន
ល្បាក់ទឹកមិនអាចអោយកប៉ាលធ្វើចរាចរណ៍ទៅមកបានឡើយ។ ដីសន្ដរទន្លេមេគង្គមានដៃច្រើន ខ្លះមានទទឹង
ដល់ទៅ ២.គម ហើយមានទំហំប្រមាណ៦០០គ.ម។

វាលទំនាបទន្លេមេគង្គ បានលាតសន្ធឹងពីក្រចេះរហូតដល់សមុទ្រចិន។នៅភ្នំពេញទន្លេនេះបានបែកជាបួនត្រង់
កន្លែងដែលគេហៅថា «ទន្លេ៤មុខ» ទន្លេធំ ទន្លេសាប ទន្លេតូច ទន្លេបាសាក់។ នៅខែមិនា មេសា ទឹកទន្លេមេគង្គ
ស្រកចុះច្រើនហើយនៅនឹងមួយកន្លែង។ លុះចូលដល់រដូវភ្លៀងជោគជាំនៅខែកក្កដា ទឹកទន្លេឡើងខ្លាំង ធារទឹក
អាចដល់ ៥០.០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី (លើសទន្លេក្រហមទៅទៀតដែលមានធារទឹកតែ ៣០.០០០ម៉ែត្រ
ត្រីគុណក្នុងមួយវិនាទី) ទន្លេតូច និងទន្លេបាសាក់មិនអាចនាំទឹកហូរទៅក្នុងសមុទ្រចិនបានទាំងអស់ ទឹកនោះក៏ហូរ
ចូលទៅក្នុងបឹងធំៗ (បឹងធំ បឹងតូច) តាមរយៈទន្លេសាប។ ដូច្នេះបឹងទន្លេសាបជានីយតករ (Régulateur) មួយ
យ៉ាងសំខាន់ ទប់ទល់កុំអោយមានទឹកជំនន់ក្នុងរដូវវស្សា។

តាមការសិក្សារបស់អ្នកភូមិសាស្រ្ដ បឹងទន្លេសាបជាស្នាមនៃឈូងសមុទ្រមួយបិទជិតដីល្បាប់ ដែលទន្លេមេគង្គ
នាំមកលប់ជារៀងរាល់ឆ្នាំ។ បឹងនេះមានប្រវែងសរុប ១៦០.គ.ម. (បឹងធំ បឹងតូច +វាលភក់) ហើយមានទទឹងអ
តិបរមា ៣៥គ.ម.។ នៅរដូវសំរក (មិនា មេសា) ទំហំផ្ទៃទឹកមានប្រមាណ ៣.០០០ គ.មការេ។ នៅរដូវទឹកឡើង
ខែកក្កដា នៅពេលដែលទឹកទន្លេមេគង្គហូរចូល កំពស់ទឹកឡើងពី ២ ដល់ ១៤ ម. ទឹកហៀរចេញពន្លិចតំបន់ជិត
ខាងរហូតដល់ ២០ រឺ ៣០គ.ម. ។ នៅខែតុលា វិច្ឆិកា ទឹកហូរចេញពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គវិញ គឺ
ក្នុងអោកាសនោះហើយដែលប្រជារាស្រ្ដខ្មែរនាំគ្នាប្រារព្ធធ្វើពិធីបុណ្យអុំទូក សំពះព្រះខែ លយប្រទីប។

គួរគាត់សំគាល់ថា បឹងទន្លេសាបជាកន្លែងដែលមានត្រីច្រើនជាងគេក្នុងពិភពលោក បើគិតតាមសមាមាត្រនៃទំ
ហំបឹងនេះ។ ម្យ៉ាងទៀត នៅប្រទេសខ្មែរយើងភ្លៀងធ្លាក់ទៀងទាត់ជាងនៅប្រទេសវៀតណាមខាងជើង ហេតុ
ដូច្នេះហើយបានជាទឹកជំនន់នៅទន្លេមេគង្គមានភាពមិនសូវមានភាពសាហាវដូចនៅទន្លេក្រហមទេ។ គេមិន
បាច់ធ្វើទំនប់ហើយដើម្បីពង្រីកយកដីដាំដំនាំ គេគ្រាន់តែបង្ហូរទឹកចេញពីកន្លែងណាដែលលិចទឹក និងបញ្ចូលទឹក
ទៅក្នុងដីត្រង់ណាដែលពុំសូវមានទឹកដោយការជីកប្រលាយ។ នេះជាពិធីដែលអ្នកស្រុកអានាចក្រភ្នំ ធ្លាប់បាន
អនុវត្ដក្នុងការប្រកបរបរកសិកម្មរបស់ខ្លួនជាយូរណាស់មកហើយ។

ខ. អំពីដើមកំនើតជាតិខ្មែរ
បញ្ហាដើមកំនើតជាតិខ្មែរនេះ មានចោទឡើងរៀងរាល់ពេលដែលគេធ្វើការសិក្សាស្រាវជ្រាវ ពីអរិយធម៌ រឺពីប្រ
វត្ដិសាស្រ្ដខ្មែរ។ យ៉ាងណាមិញជាតិ រឺពូជអំបូរ ជាមូលធម៌មួយយ៉ាងសំខាន់ ជួយបំភ្លឺអ្នកប្រាជ្ញ ក្នុងការសិក្សាស្រាវ
ជ្រាវ ពីអរិយធម៌ជាតិណាមួយ។ ចំពោះខ្មែរយើង ការយល់មិនច្បាស់ពីអត្ដសញ្ញាណ Identité នេះហើយជា
ហេតុនាំអោយអ្នកសិក្សាខ្លះមានការភាន់ច្រលំ រហូតទាញភ្ជាត់ជាតិខ្មែរទៅនឹងជាតិណាមួយដែលគេយល់ថា
មានអរិយធម៌ខ្ពង់ខ្ពស់ជាងខ្មែរ។

ជាយូរណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរ បានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះ ហើយបានបញ្ចេញ
យោបល់ រឺសម្មតិកម្មប្លែកគ្នា ហើយជួនកាលក៏ផ្ទុយគ្នាស្រលះតែម្ដង ។ ប៉ុន្ដែយើងអាចប្រមូលយោបល់ រឺសម្មតិ
កម្មទាំងនោះបានបីប្រភេទ៖

   ១ -យោបល់ដែលយល់ថាខ្មែរគឺអិន្ឌា រឺក៏ថា ខ្មែរនិងអិន្ឌាជាជាតិតែមួយ។ ទស្សនបែបនេះលោកអុកញ៉ាឈឹម
ក្រសេម បានបញ្ជាក់យ៉ាងពិស្ដារក្នុងសៀវភៅ ពង្សាវតារខ្មែរ ភាគ១ បោះពុម្ពនៅភ្នំពេញ គ.ស.១៩៧១។ លោក
បានសរសេរថា «តាមដែលបានស្រាវជ្រាវ តាមផ្លូវប្រវត្ដិសាស្រ្ដមកហើយ ប្រាកដថាក្នុងដែនអិន្ឌាភាគខាងត្បូង
ដែលផុតអំពីមធ្យមប្រទេសជាទីតាំងប្រទេសជាច្រើននៅត្រង់រវាងកន្ដាលនៃប្រទេសទាំងនោះ គឺត្រង់ដែលហៅ
ថា ទក្ខិណាបថ រឺទក្សិនាទ្ធិគោល មានប្រទេសមួយ ឈ្មោះ «កុមេរុ» ជាប្រទេសធំ មានប្រជាជនកុះករច្រើន ខ្មែរ
យើងដើមឡើយមុនដែលផ្សាយមកនៅក្នុងកម្ពុជរដ្ឋ អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះ ៗប្រទេសរបស់ខ្មែរពីបុរាណ
កាលមក។ ឈ្មោះជាតិខ្មែរហៅត្រឹមត្រូវតាមសូសព្ទដើមថា កុមេរុ ដូច្នេះ តែតាមសំលេងនិយាយធម្មតាថា កុ
មេរុ៍ ទំនងដូចឈ្មោះភ្នំសុមេរុ គេហៅនៅត្រឹម សុមេរុ៍ ។ លុះយូរមកឈ្មោះនេះបានក្លាយចេញទៅទៀតប្រាកដ
នៅសិលាចារឹករបស់ខ្មែរថា «ក្មេរ» ទៅជាសំលេងផ្សំក្រោយសម័យសិលាចារឹកមកបានប្រែថា «ខ្មែរ»។ ..តាំងពី
ក្រោយពុទ្ធកាលប្រមាណ ២០០ឆ្នាំជាដើមមកជនជាតិខ្មែរ បានផ្ដើមផ្សាយមកក្នុងដែនសុវណ្ណភូមិ។ ..ពួកខ្លះមក
ដោយក្នុងប៉ងដើម្បីរកស៊ីលក់ដូរតាមធម្មតា ពួកខ្លះមកដោយរត់សឹក។ … អ្នកដែលនាំអារ្យធម៌អិន្ឌាមកផ្សាយក្នុង
ដែនដីអោយនេះ គឺខ្មែរអាស្រ័យជាតិខ្មែរជាអ្នកមានអារ្យធម៌ខ្ពង់ខ្ពស់ទាំងមានអិទ្ធិពល ទើបអាចផ្សាយអារ្យធម៌
របស់ខ្លួនទៅលើជាតិទាំងឡាយដែលនៅក្រោមអំនាច និងជាតិទាំងឡាយដែលនៅជិតខាងទៀតផង ដោយហេតុ
នេះទើបមានឆាយាថា «ខ្មែរជាអិន្ឌាទី២» នៅក្នុងសុវណ្ណភូមិ។ ខ ដែលថា «ខ្មែរផ្សាយមកពីអិន្ឌា» ដូច្នេះ តើមាន
អ្វីខ្លះជាសំអាង តបថា ក្រៅពីជាតិ និងឈ្មោះប្រទេសដូចពោលហើយនៅមានភស្ដុតាងយ៉ាងដទៃទៀតជាច្រើន
យ៉ាងសំអាងគឺ៖

  • ក. លក្ខណអក្សរ និងភាសា
  • ខ. លទ្ធិប្រពៃនី និសាសនា
  • គ. ពង្សាវតារ និងសេចក្ដីកត់ហេតុ

…ជាតិខ្មែរ និងជាតិជ្វា ជាម្ចាស់ស្រុកដើម បានរួមគ្នាទៅជាជាតិមួយហៅថា កុមេរុ គឺជាខ្មែរសព្វថ្ងៃនេះ។ ខ្មែរ
ក្នុងជាន់ដើមរូបរាងច្រើនស្រុងៗច្រមុះស្រួច សំបុរកាយខ្មៅស្រអែម អែជាតជ្វានោះមានលក្ខណៈរូបរាងជា
មធ្យម សំបុរកាយសជ្រះ រូបច្រើនល្អ។ …ពង្សាវតារភូមាថា មន និងខ្មែរ ជាបងប្អូនផងគ្នាចុះមកអំពីអិន្ឌាទាំង
ពីរពួក តែពួកមនផ្សាយមកមុនបន្ដិច។

ទស្សនរបស់អុកញ៉ា ឈឹម ក្រសេម ខាងលើនេះ មានជនបរទេសយល់ស្របតាម និងយកទៅប្រើប្រាស់ជាផល
ប្រយោជន៍របស់គេថែមទៀត ។ លោក Pierre Loti អ្នកនិពន្ធបារាំងដ៏ល្បីល្បាញមួយរូប បានសរសេរក្នុងសៀវ
ភៅឈ្មោះ  Pèlerin d’Angkor  le peuplekhmer rameau détache de la grande race aryenne..(ប្រ
ជារាស្រ្ដខ្មែរជាមែកធាងដែលដាច់ចេញពីមហាអំបូអារ្យ…)។ ចំនែកលោកមុំសេនីប្រាមោជ មេធាវីថៃអមតុលា
ការអន្ដរជាតិនាទីក្រុងឡាអេ (La Hye) បានលើកយកទស្សនបែបនេះមកធ្វើជាទល្ហីករ ដើម្បីប្រឆាំងនឹងខ្មែរ
យើងក្នុងរឿងក្ដីប្រាសាទព្រះវិហារ ហើយដែលសារពត៌មានសៀមឈ្មោះ «ឆាវថៃ» ចុះថ្ងៃទី៣១ តុលា ១៩៥៩
បានរំលឹកថា «មុំសេនិប្រាមោជ បាននិយាយថា ពពួក «ខម» ជាជនពូជអំបូរអិន្ឌា ។ ជនជាតិថៃមានដើមកំនើត
ក្នុងខេត្ដចិនយួណានបានវាយយកជ័យទៅលើជាតិខម រហូតដល់ពួកនេះត្រលប់ទៅស្រុកអិន្ឌាវិញ។ ដែនដីដែល
ពីដើមពួកខម តាំងនៅក៏ក្លាយទៅជាដីថៃ ហើយប្រជាជនថៃក៏បែងចែកខ្លួនអែងជាពីរក្រុម។ ក្រុមទី១មកតាំង
នៅតំបន់ទំនាប ដែលគេអោយឈ្មោះសព្វថ្ងៃថា «កម្ពុជា» ក្រុមមួយទៀតបានតាំងនៅតំបន់ខ្ពស់ហើយបានថែ
រក្សាឈ្មោះថៃដដែល។

  ២. យោបល់ដែលចាត់ទុកជាតិខ្មែរជាជាតិប្រវេសន៍ ចេញពីប្រទេសអិន្ឌាហើយបានមកលុកលុយដន្ដើមយកទឹក
ដីរបស់ជាតិដើមមួយ គឺជនជាតិក្នុងអំបូរមាលាយូរ ប៉ូលីនេស៊ីយែន រឺជាជនជាតិថៃកាដៃ ប៉ុន្ដែជាជាតិមួយដោយ
លែកពីជាតិអិន្ឌាហើយស្ថិតក្នុងអំបូរមន ខ្មែរ។ នេះជាទស្សនរបស់លោក  Henkrik Kern លោក Sdhémard
Lecléere លោក Paul Benerdict លោក Pieere Gourou (២)។ ចំពោះទស្សន Pieere Gourou បានបញ្ជាក់
ថាជនជាតិមន-ខ្មែរប្រហែលជាត្រូវពួកទ្រាវិឌ រឺពួកអារ្យ ច្រានចេញពីប្រទេសអិន្ឌា ហើយដោយមាននៅសល់
ក្រុម ខ្លះដូចជាពួកមុណ្ឌ បានមកលុកលុយប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជា។

គេអាចបន្ថែមទៅក្នុងក្រុមអ្នកស្រាវជ្រាវទី២ នូវឈ្មោះលោក Etienne Aymonier ដែលយល់ថាក្រុម មន-ខ្មែរ
មុណ្ឌ មានទីតាំងដើមនៅជើងភ្នំទីបេហើយក្រោយមកបានបំបែកជាពីរក្រុម មួយក្រុម មន-ខ្មែរ ចូលមករស់នៅ
ក្នុងភូមភាគអាស៊ីអាគ្នេយ៍ អែមួយក្រុមទៀត (មុណ្ឌ) ចូលទៅរស់នៅក្នុងប្រទេសអិន្ឌារហូតដល់សព្វថ្ងៃ(៣)។
៣ = អែកសារមហាបុរសខ្មែរលេខ៤ បោះពុម្ពផ្សាយដោយលោកអេងសុតនៅភ្នំពេញ គ.ស. ១៩៦៩

  ៣. យោបល់ដែលទទួលស្គាល់ថា ជាតិខ្មែរជាជាតិពិសេសមួយស្ថិតនៅក្នុងអំបូរ មន-ខ្មែរ ហើយបានកកើតឡើង
នៅភូមិភាគអាស៊ីអាគ្នេយ៍នេះតែម្ដង ។ នេះជាទស្សនរបស់លោក Berard Philippe Groslier (4) និងលោក
Marcel Talabot ជាដើម លោកទាំងពីរនេះយល់ឃើញថា ក្នុងសម័យ បុព្វប្រវត្ដិសាស្រ្ដដ៏យូរលង់ណាស់មក
ហើយ មនុស្សពូជខុសគ្នា បានធ្វើដំនើរពីខាងជើងចុះមកអាស៊ីអគ្គេយ៍ ហើយផ្សំកាត់ជាមួយគ្នា។ តាមការប៉ាន់
ស្មានរបស់លោកទាំងពីរអំបូរ មន-ខ្មែរ យើងកើតមកពីការផ្សំកាត់រវាងពូជមេលានេស៊ីយាង (Mé lanésiens)
និងពូជ អិន្ឌូនេស៊ីយាង (Indonésiens) ហើយបានរស់នៅលើទឹកដីលាតសន្ធឹងពីឆ្នេរសមុទ្រចិន រហូតដល់ព្រំប្រ
ទល់ប្រទេសអិន្ឌា។
៤ = លោកកងគីរី លោកសែម សូរ ប្រជុំអនុពាក្យទំនើប ទំព័រ ៨៤ កំពង់ចាម ១៩៦៣។

រួចមកហើយ ឃើញមានលាតត្រដាងនូវយោបល់ និងសម្មតិកម្មរបស់អ្នកសិក្សាស្រាវជ្រាវពីជាតិខ្មែរ។ ឃើញថា
យោបល់ និងសម្មតិកម្មទាំងនោះ ទោះបីប្លែកគ្នាក៏បានស្របគ្នាត្រង់ចំនុចដែលថាខ្មែរ និងមនស្ថិតនៅក្នុងអំបូរជា
មួយគ្នាគឺអំបូរមនខ្មែរនេះអែង។ ដូច្នេះតទៅនេះយើងនឹងខិតខំវែកញែករកមើលថា តើមនខ្មែរនេះជាអំបូរមួយ
ពិសេស រឺក៏ជាជាតិអិន្ឌាដែរ។

តាមទស្សន លោកអុកញ៉ាឈឹម ក្រសេម ឃើញថា ខ្មែរគឺជាអិន្ឌាហ្នឹងអែង ព្រោះបានចេញមកពីប្រទេសអិន្ឌា
មានឈ្មោះជាអិន្ឌា មានទំនៀបទំលាប់ សាសនា អក្សរ ភាសា ជារបស់អិន្ឌា ហើយមនុស្សខ្មែរដើមទៀតសោត
ក៏មានលក្ខណជាអិន្ឌាបេះបិទ ហើយលោកបានបញ្ជាក់ថាខ្មែរជា អិន្ឌាទី២។

ប្រសិនបើយើងលើកយកលទ្ធផលស្រាវជ្រាវរបស់នរវិទូក្នុងពិភពលោក មកពិនិត្យមើល ឃើញថា មនុស្សខ្មែរ
និងមនុស្សអិន្ឌា(ទាំងពួកសទាំងពួកខ្មៅ) មានលក្ខណខុសគ្នាឆ្ងាយណាស់។ យាងណាមិញ ខ្មែរមានកំពស់មធ្យម
១.៦១ម.និងសន្ទស្សន៍លលាដ៍ក្បាល៨៤.៥ (ក្បាលមូល) ចំនែកអែពួកអិន្ឌា-ស(អារ្យ) មានកំពស់ ១.៧២ម និង
សន្ទស្សន៍លលាដ៍ក្បាល៧៣.៨ (ក្បាលពយ) និងពួកអិន្ឌាខ្មៅ(ទ្រាវិឌ)មានកំពស់ ១.៦២ម. និងមានសន្ទស្សន៍
លលាដ៍ក្បាល ៧៦.២(ក្បាលពយទៀត) (៥) អែការដែលអះអាងថាខ្មែរចេញពីប្រទេសអិន្ឌានោះ តើមានអ្វីអាច
បញ្ជាក់បាន? ត្រង់ទំនៀមទំលាប់សាសនា អក្សរភាសា ក្នុងផ្នែកនេះខ្មែរយើងបានទទួលអិទ្ធិពលពីអិន្ឌាក៏ពិតមែន
ប៉ុន្ដែការសិក្សាជីកដល់ជំរៅបានបង្ហាញអោយឃើញថា ខ្មែរយើងមានអរិយធម៌ផ្ទាល់របស់ខ្លួនទៅហើយមុន
ដែលបានទាក់ទងជាមួយអិន្ឌា។ បានសេចក្ដីថាខ្មែរជាពូជដោយលែកពីអិន្ឌា នេះហើយជាទស្សនៈរបស់ក្រុម
អ្នកស្រាវជ្រាវទី៣ ដែលយល់ថាអំបូរខ្មែរមន បានកកើតឡើងនៅត្រង់ភូមិភាគអាស៊ីអគ្នេយ៍នេះតែម្ដង ដោយ
ការផ្សំកាត់រវាងពួក មេលានេស៊ីយាង (កំពស់ ១.៦៥ម ក្បាលពយ) និងពួកអិណ្ឌូនេស៊ីយាង កំពស់ពី ១.៦០ ទៅ
 ១.៦៣ ក្បាលមូល។ គួរកត់សំគាស់ថាទស្សនៈនេះមានលក្ខណស្របនឹងទស្សនៈខ្មែរដែរ ពីព្រោះបើយើងសំ
អាងទៅលើរឿងព្រេងខ្មែរក៏ដោយ លុះត្រាតែមាន «នាងនាគ» នៅស្រុកខ្មែរនេះអែង ទើប «ព្រះថោង» (ដែល
គេថាមកពីស្រុកអិន្ឌា) បានជួបប្រភពគ្នា ដោយបានគ្រប់គ្រងនគរគោកធ្លកនេះដែរ។

បានសេចក្ដីថា លុះត្រាតែមានជាតិខ្មែរនៅលើកោះគោកធ្លកនេះដែរ ទើបអិន្ឌាអាចផ្សាយអរិយធម៌របស់ខ្លួន
បានខ្លះចូលក្នុងស្រុកខ្មែរ។ និយាយពីដើមកំនើតជាតិខ្មែរនេះ Maurice Glaizer អតីតអភិរក្សអង្គរបានសរសេរ
ជាអាទិថា៖
Ce n’est nullement, comme certains le croient, un peuple d’origine puremen tindinne qui serait
venu, à la suite de migrations. se fixer dans une région vide d’habitants, ou en aurait éliminé les
eléménts pas des massacres ou des déportations en masse : Les peuple khmer est un peuple
autochtone hindousé
មិនមែនដូចអ្នកខ្លះបានយល់យល់នោះទេ ថាជាប្រជារាស្ដ្រមួយដែលដើមកំនើតជាអិន្ឌាសុទ្ធសាធ ហើយដែល
បានមកតាំងនៅក្នុងតំបន់មួយគ្មានមនុស្ស រឺក៏បានកំចាត់ពួកអ្នកស្រុកអាយដោយការសំលាប់រង្គាល រឺការនិរទេស
ទាំងហ្វូង : ប្រជារាស្រ្ដខ្មែរ គឺជាអ្នកស្រុកដើមដែលបានទទួលអិទ្ធិពលអរិយធម៌អិន្ឌា(៦)។
៥ = សំដេចព្រះមហាសុមេធាធិបតី ជួនណាត ប្រវត្ដិនៃវត្ដអុណ្ណាលោម ភ្នំពេញ គ.ស.១៩៥៣។ ៦= លោកស៊ឹមវ៉ា
និងលីអេង ប្រវត្ដិសាស្រ្ដប្រទេសកម្ពុជា (សាកល្បង) បោះពុម្ពហើយតែមិនបានផ្សាយនៅភ្នំពេញ គ.ស.១៩៦៩ ។

អែលោក Henri Marchal អតីតអភិរក្សអង្គរដែរ បានសរសេរថា : Le Cambodgien n’est pas der race
 hindoue. Il est le résultat de mombreux croisements avec un fond malayo indonésien.. ខ្មែរមិន
មែនមនុស្សពូជសាសន៍អិន្ឌាទេ : ខ្មែរជាលទ្ធផលនៃការផ្សំកាត់ច្រើនជាមួយនឹងមាលាយូ អន្ឌូនេស៊ីយាង(៧)..។
៧ = Etienne Aymonier le Cambodge. Tome III. Paris. 1904

ចំពោះយោបល់ដែលថា ខ្មែរបានមកលុកលុយដន្ដើមយកទឹកដីរបស់ជនជាតិដើមមួយនោះ ច្រើនតែសំអាងទៅ
លើរឿងព្រេងខ្មែរ ដែលបាននិទានថា មានស្ដេចចាមមួយអង្គ បាននាំបរិវារ ៥០០នាក់ ជិះសំពៅកំសាន្ដតាម
មហាសាគរ លុះប៉ះនឹងខ្យល់ព្យុះបោកបក់មកនាំអោយវិនាសសំពៅអស់ទៅ ក៏រសាត់ទៅដល់កោះគោកធ្លក
ហើយបានរស់នៅទីនោះតទៅ។ តាមយោបល់យើង ការដែលថា ជ្វារឺចាមជាម្ចាស់ដើមនៃស្រុកគោកធ្លកដូចជា
មិនទំនង ព្រោះពួកនេះជាចំនូលថ្មីបានជិះសំពៅមកពីស្រុកគេ (មិនច្បាស់ថានៅទីណាទេ តែបើតាមប៉ាន់ស្មាន
មើល ប្រហែលមកពីម្ដុំខ្ពង់រាបខ្ពស់វៀតណាមសព្វថ្ងៃ មិនមែនមកពីប្រទេសអិន្ឌូនេស៊ី ព្រោះចរន្ដច្រើនចុះពីជើង
ទៅត្បូង)។ តាមសេចក្ដីដំនាលរបស់រឿងព្រេងដដែលឃើញថា ព្រះថោងបានមករៀបការជាមួយនាងនាគី
ដែលរស់នៅទីនោះមុនការមកដល់នៃពួកចាម និងព្រះថោងទៅទៀត ។ បើដូច្នេះ តើយើងចាត់ទុកថា នាងនាគី
នេះជាអ្វី? ជាសត្វតិរច្ឆានមែន រឺក៏ជាមនុស្សដើមបង្អស់នៅទីនោះ (នាងចេះកាលាខ្លួនជាមនុស្សមានរូបរាង
ល្អ)។

រួមសេចក្ដីមកឃើញថា មានភស្ដុតាងជាច្រើនបង្ហាញថា ខ្មែរជាជាតិមានចំនាស់ បានកកើតឡើងនៅភូមិភាគ
អាស៊ីអគ្នេយ៍នេះ ហើយស្ថិតនៅក្នុងអំបូរមនុស្សមួយដោយលែកពីអំបូរអិន្ឌា ហើយដែលនរវិទូលោកអោយ
ឈ្មោះថា អូស្រ្ដូអាស្យាទិក (Au stroasiatiques) ។ ជាតិខ្មែរបានកើតឡើងបានវិវត្ដហើយមានជីវិតស្ថិតស្ថេរ
រហូតមកដល់សព្វថ្ងៃ នៅលើទឹកដីដែលដូនតាខ្លួនបានកសាងទុកជាកេរដំនែល។ ចំនែកជនជាតិដ៏ទៃទៀត ដែល
បានមករស់នៅ នៅភូមិភាគអាស៊ីអគ្នេយ៍ដីគោកសព្វថ្ងៃ ជាអ្នកជិតខាងរបស់ខ្មែរ គឺសុទ្ធតែបានមកដល់ក្រោយ
(លើកលែងតែជនជាតិចាមចេញ) គឺថា បានចូលមកក្នុងសម័យប្រវត្ដិសាស្រ្ដ ដែលគេអាចដឹងបានច្បាស់លាស់
តាមអែកសារផ្សេងៗ : ភូមា (ស.វ.ទី៩) យួន ស.វ.ទី ១០) សៀម (ស.វ.ទឺ១៣)។

 
Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ

~ ដោយ ABCAMBODIA107.5fm ​ ខែ មិថុនា 12, 2008.

បញ្ចេញ មួយចំលើយតប