កម្ពុជាសម័យមុនអង្គរ (ភាគ១)

ទោះបីជាក្រុមកូនចៅព្រះគុណវរ្ម័ន យកជ័យជំនះ កាន់កាប់ត្រួត្រា នគរហ្វូនន់ រឺនគរភ្នំក៏ដោយ ក៏សង្គ្រាមផ្ទៃក្នុង
ខ្មែរ មិនទាន់បានចប់សព្វគ្រប់មានសុខសន្ដិភាពដែរ។ ចំបាំងអសន្ដិសុខ និង ចលាចលនៅតែមានបន្ដជាប់ជានិច្ច
ពីព្រោះនគរដែលចំនុះទាំងប៉ុន្មានឆ្លៀតអោកាសនេះ ដើម្បីរើបំរះប្រកាសយកអែករាជភាពរៀងខ្លួន។ មានដូច
ជានគរកម្ពុជា ដែលអ្នកដំនើរចិន ដាក់ឈ្មោះហៅថា ចេនឡា ជាដើម។ នគរកម្ពុជា រឺ នគរចេនលា ប្រហែល
ជាបានកើតនៅក្នុងសតវត្សទី៥
គេបានសន្និដ្ឋានថា ព្រះរាជវង្សដែលសោយរាជគ្រប់គ្រងនគរកម្ពុជា រឺនគរចេនលា មានដើមកំនើតចុះមកពីក្រ
កូលព្រាហ្មណ៍នៅប្រទេសអិន្ឌា។ ហើយក្នុងសម័យនោះនគរហ្វូនន់ក៏មិនទាន់មានលទ្ធភាព ដន្ដើមយកទឹកដីចេន
លាបញ្ចូលអោយក្លាយទៅជានគរតែមួយដែរ។

ក. នគរកម្ពុជា រឺ នគរចេនលា

១. សិលាចារឹកជាសាក្ខីភាព
នគរកម្ពុជា រឺ នគរចេនលា ជាទឹកដីដែលស្ថិតនៅខាងជើង ល្បាក់ខោន (នៅលើដងទន្លេមេគង្គ) ក្នុងភូមិភាគបា
សាក់ គឺស្រុកចំប៉ាសាក់ បច្ចុប្បន្នប្រទេសលាវ ផ្នែកខាងត្បូង។ អែព្រះរាជធានីវិញ ដែលស្ថិតក្នុងតំបន់ដដែលនេះ
មានឈ្មោះ ស្រេស្ថបុរៈ។សិលាចារឹកជាច្រើន ដូចជានៅភូលោខោន ជ្រោយអំពិល វាលកន្ទេល ដែលមានហូរ
ហែតាមដងទន្លេមេគង្គ និងនៅវត្ដភូ ក្នុងខេត្ដចំប៉ាសាក់ប្រទេសលាវ ជាសាក្ខីភាព អាចបញ្ជាក់អំពីអតីតកាល និង
ព្រឹត្ដិការណ៍ដែលកើតមាន នៅនគរចេនលា។

២. ព្រះមហាក្សត្រចេនលា
ព្រះមហាក្សត្រនគរកម្ពុជា រឺនគរចេនលា ជាព្រះរាជវង្សបន្ដចុះមកពី អិសីកម្ពុ ស្វ័យ្យ៉ាភុវៈ និងព្រះនាង មេរ៉ា
ដែលមានដើមកំនើតចុះមកពីព្រះអាទិត្យ។
ក្នុងសតវត្សទី៥ នគរចេនលាត្រូវបានមហាក្សត្របីព្រះអង្គ មានមហិទ្ធិរិទ្ធខ្លាំងពូកែ ប្រកបដោយធម៌ សោយរាជ
និងគ្រប់គ្រង។ ព្រះមហាក្សត្រទី១ ព្រះនាមព្រះស្រុត្ដវរ្ម័ន មហាក្សត្រទី២ ព្រះនាមសេ្រស្ថវរ្ម័ន ត្រូវជាបុត្ររបស់
ព្រះស្រុត្ដវរ្ម័ន ព្រះអង្គបានទទួលស្នងរាជបន្ដពីបិតាទ្រង់។ ព្រះបាទសេ្រស្ថវរ្ម័នមានរិទ្ធិចេស្ដាអង់អាចណាស់។
ព្រះអង្គបានវាតនគរទ្រង់ទៅផ្នែកខាងជើងភ្នំដងរែក គឺនគររាជសីមា និងខាងត្បូងព្រះអង្គបានកំចាត់ក្សត្រចាម
ម្នាក់ ដន្ដើមយករាជធានីមួយនៅម្ដុំចំប៉ាសាក់(វត្ដភូ) យកមកធ្វើជារាជធានីរបស់ព្រះអង្គ(គស៤៥៥-៤៧២)។ កា
លដើមឡើយ រាជធានីនេះត្រូវបានបង្កើតឡើងដោយមហាក្សត្រចំប៉ាម្នាក់នាម ភទ្រ្ទវរ្ម័ន ក្នុងអំលុងសតវត្សទី៤។
នៅទន្ទឹមវត្ដភូ និងចំប៉ាសាក់ មានភ្នំមួយដែលនៅលើកំពូល មានថ្មលឹង្គធម្មជាតិមួយដ៏ធំ អោយឈ្មោះថា លឹង្គ
បុព្វតៈ (ភ្នំលឹង្គ)។ អែកសារចិនមួយបានចែងថា នៅលើកំពូលភ្នំជិតរាជធានីនៃនគរចេនលាមានភ្នំមួយ ឈ្មោះ
ថា លឹង្គ-គឺយា-ពូពូ (លឹង្គបុព្វតៈ) នៅលើកំពូលភ្នំនោះត្រូវបានទាហាន១០០០នាក់យាមល្បាត។ គេថែរក្សាកន្លែង
នោះទុកសំរាប់ធ្វើពិធីគោរពបូជា «ភទ្រ្ទស្វរៈ» ដែលគេមានបូជាយ័ញ្ញមនុស្ស។ គឺក្នុងមួយឆ្នាំម្ដង នៅពេលរាត្រី
ព្រះមហាក្សត្រឡើងទៅលើភ្នំនោះដើម្បីបូជាមនុស្សម្នាក់ដោយព្រះអង្គផ្ទាល់។ អែឈ្មោះថា ភទ្រ្ទស្វរៈនេះ
ត្រូវបានព្រះសេ្រស្ថវរ្ម័ន ជ្រើសរើសដាក់ដើម្បីរំលឹកពីឈ្មោះស្ដេចចាម ដែលព្រះអង្គបានកំចាត់ចោល។ អែព្រះ
មហាក្សត្រទី៣នៃនគរចេនលា ដែលបានស្នងរាជបន្ទាប់ពីព្រះបាទសេ្រស្ថវរ្ម័ន មាននាមថាព្រះបាទវរវរ្ម័នព្រះ
អង្គ គឺជាបុត្ររបស់ព្រះបាទសេ្រស្ថវរ្ម័ន។

ដោយនៅក្រោមចំនុះនៃនគរហ្វូនន់ នគរចេនលា តែងតែលើកសួយអាករ និងរបស់មានតំលៃទៅថ្វាយព្រះ
មហាក្សត្រនៃនគរហ្វូនន់ជានិច្ច។ លុះមកដល់រាជព្រះបាទវរវរ្ម័ន ព្រះអង្គក៏បានលើកព្រះរាជបុត្រីព្រះអង្គ ព្រះ
នាម កម្ពុជរាជាលក្សី អោយទៅព្រះភវរ្ម័ន ជាត្រានៃនគរហ្វូនន់ ដែលត្រូវជាចៅរបស់ព្រះបាទរុន្រ្ទវរ្ម័ន ទុកធ្វើជា
មហេសីទៀត។ លុះព្រះបាទវរវរ្ម័នសោយទីវង្គត់ទៅ ព្រះបាទភវរ្ម័នត្រូវបានតែងតាំឡើងអោយសោយរាជ្យនគរ
ចេលា រឺនគរកម្ពុជា។ ដោយអាងថាព្រះអង្គត្រូវជាចៅព្រះមហាក្សត្រព្រះរុទ្រ្ទវរ្ម័ន ព្រះបាទភវរ្ម័នបានប្រកាស
តាំងខ្លួន ជាព្រះមហាក្សត្រនគរហ្វូនន់ រឺនគរភ្នំ។

ខ. ការបង្រួបបង្រួមនគរចេលានឹងនគរភ្នំ

ព្រះបាទភវវរ្ម័ន(គស៥៥០-៦០០)
នៅពេលដែលព្រះបាទភវវរ្ម័នបានគ្រងរាជនៅនគរចេនលាពេញលេញហើយ ព្រះអង្គក៏បាននាំអនុជទ្រង់ព្រះ
នាម ចិត្រសេនាមកវាយយកនគរហ្វូនន់ទៀត។ ប៉ុន្ដែព្រះអង្គបានវាយយកតែផ្នែកខ្លះនៃនគរ ហ្វូនន់មកកាន់
កាប់ប៉ុណ្ណោះ។ ដូច្នេះញាតិវង្សរបស់ព្រះបាទគុណវរ្ម័ន ក៏បានចុះមកតាំងរាជធានីថ្មីនៅផ្នែកខាងត្បូងវិញ គឺនៅ
អង្គរបុរី ក្នុងខេត្ដតាកែវ ដែលជារាជធានីចុងក្រោយនៃរាជវង្សនគរភ្នំ (ហ្វូនន់)។

ព្រឹត្ដិការណ៍ព្រះព្រះបាទភវវរ្ម័ន មហាក្សត្រចេលា លើកទ័ព មកវាយបង្រួបបង្រួមនគរហ្វូនន់ និងនគរចេនលា
ត្រូវបានប្រវត្ដិវិទូទាំងឡាយ ចាត់ទុកជាព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដមួយយ៉ាងសំខាន់ នៃដើមកំនើតប្រទេសខ្មែរបច្ចុ
ប្បន្ន។ សិលាចារឹកមួយបានចារពីព្រះអង្គថា «ព្រះបាទភវវរ្ម័នជាក្សត្រមានរិទ្ធិចេស្ដាខ្លាំងអស្ចារ្យ ធំខ្ពស់ដូចភ្នំ
ព្រះសុមេរុ ដែលបានយកជ័យជំនះ លើគ្រប់បច្ចាមិត្ររបស់ទ្រង់។ ព្រះអង្គគ្រប់គ្រងលើផ្ទៃដ៏ធំទូលាយព្រះអង្គ
វាតទឹកដីខ្មែរគ្រប់ទិសទី ព្រះអង្គបានវាយយកស្រុកច័ន្ទបុរី ស្រុកភូមិ ភ្នំ ខ្ពង់រាប ភ្នងគួយផងមកដាក់ជាចំនុះរបស់
ទ្រង់»។

ព្រះបាទមហិន្រ្ទវរ្ម័ន(គស៦០០-៦១៥ )
នៅឆ្នាំ៦០០ ប្អូនប្រុសព្រះបាទភវវរ្ម័ន ចិត្រសេនា បានទទួលស្នងរាជបន្ដពីទ្រង់ ក្រោមព្រះនាមថា ព្រះបាទមហិ
ន្រ្ទវរ្ម័ន។ គេពុំបានដឹងរឿងរ៉ាវដែលទាក់ទងពីដំណរពូជពង្សរបស់ព្រះបាទភវវរ្ម័នទេ អែព្រះសិលាចារឹកនៅភូ
លោខោន និងអង្គរជំនីក បានចារតែពីព្រះបាទភវវរ្ម័ន និងព្រះបាទមហិន្រ្ទតែប៉ុណ្ណោះ។ ព្រះបាទមហិន្រ្ទវរ្ម័ន
បានបន្ដនយោបាយបង្រួបបង្រួមនគរហ្វូនន់ និងនគរចេនលាតទៅទៀត។

ព្រះបាទមហិន្រ្ទវរ្ម័នក៏មានចេស្ដាដូចព្រះរៀមទ្រង់ដែរ។ ព្រះអង្គបានវាយយកប្រទេសជិតខាងជាច្រើនមកធ្វើ
ជាចំនុះរបស់ព្រះអង្គ។ ព្រះអង្គបានទុកមន្រ្ដីដ៏ចំនានពីរនាក់ ពីរាជព្រះរៀមទ្រង់។ ពួកគេជាបងប្អូនជីដូនមួយ
នឹងគ្នា ម្នាក់ឈ្មោះ ធម្មទេវៈ(កូនព្រហ្មទត្ដ) និងម្នាក់ឈ្មោះ សិង្ហទេវៈ(ជាកូនព្រហ្មសិង្ហៈ)។ មន្រ្ដីទាំងពីរជាមនុ
ស្សសុចរិតទៀងត្រង់ សប្បុរស និងប៉ិនប្រសប់ក្នុងកិច្ចការនគរណាស់គេតែងរកឃើញមធ្យោបាយយ៉ាងប្រសើរ
មកដោះវិបត្ដិក្នុងនគរ ដោយសន្ដិវិធីជានិច្ច។ ដូច្នេះហើយបានជាប្រជាជនក្នុងនគរអាចរស់នៅដោយសុខសាន្ដ
។ មនុស្សម្នាក្នុងនគរបានចាត់ទុកមន្រ្ដីទាំងពីរជាវីរបុរសរបស់គេ។ ដើម្បីថ្លែងអំណរគុណដល់មន្រ្ដីទាំងពីរ គេក៏
បានចារឹកពីវិរៈភាព និងបេសកកម្មផ្សេងៗរបស់មន្រ្ដីទាំងពីរ។ ព្រះបាទមហិន្រ្ទវរ្ម័នបានចូលទីវង្គត់នៅឆ្នាំ៦១៥
អែបុត្ររបស់ព្រះអង្គអិសាសេនា ក៏បានទទួលស្នងរាជបន្ដពីទ្រង់។

ព្រះបាទអិសានវរ្ម័ន(គស៦១៥-៦៣៥ រាជធានី អិសានបុៈ នៅសំបូរព្រៃគុក ខេត្ដកំពង់ធំ)
ព្រះបាទអិសានសេនា ត្រូវបានអភិសេកឡើងគ្រងរាជដោយទទួលព្រះនាមថា ព្រះបាទអិសានវរ្ម័ន។ ព្រះអង្គ
បានបន្ដនយោបាយបង្រួបបង្រួមប្រទេសខ្មែរបន្ដទៅទៀតរហូតបានសំរេចជាស្ថាពរ ពោលគឺព្រះអង្គបានកំចាត់
កំចាយរាជវង្សចុងក្រោយនៃនគរហ្វូនន់នៅ គស៦៣០ ហើយចាប់ពីពេលនោះមក គេក៏លែងលឺអ្នកណារំលឹក
ពីរាជរង្ស គុណវរ្ម័ន ទៀតដែរ។

ព្រះបាទអិសានវរ្ម័នជាក្សត្រមានចេស្ដាមិនចាញ់បិតានិងមាទ្រង់ទេ ទើបសិលាចារឹកនៅវត្ដក្រិត និងវត្ដស្វាយច្នូ
បានអួតសរសើរពីព្រះអង្គថា «ព្រះអង្គមានរិទ្ធិស្មើនឹងព្រះអិន្ទ(១) មានតេជៈបារមីស្មើនឹងហរិ (២)» តែព្រះអង្គ
ក៏ជាមេទ័ពដ៏អង់អាចក្លាហានម្នាក់ និងជាមនុស្សម្នាក់ស្រលាញ់សន្ដិភាពដែរ។ ព្រះអង្គបានចងសម្ព័ន្ធសារជាថ្មី
ជាមួយប្រទេសចិន។ ព្រះអង្គបានបញ្ជូនរាជទូតខ្មែរបីដងទៅស្រុកចិនគឺនៅ គ.ស.៦១៦, ៦២៣ និង៦២៨។ ព្រះ
អង្គបានរៀបអភិសេកបុត្រីព្រះអង្គម្នាក់ឈ្មោះសុវណ្ណីអោយទៅចៅរបស់ក្សត្រនគរចំប៉ា។ ក្រោយមកព្រះនាង
បានបុត្រមួយដែលបានគ្រងរាជនៅនគរចំប៉ានាឆ្នាំ៦៥៣ ក្រោមព្រះនាមថា វិក្រាន្ដវរ្ម័ន។ ព្រះបាទអិសានវរ្ម័នជា
បរិស័ទម្នាក់ខ្ជប់ខ្ជួនណាស់ ព្រះអង្គបានអោយគេសាង និងជួសជុលសក្ការៈដ្ឋានជាច្រើន។ ព្រះអង្គជាក្សត្រ
ព្រហ្មញ្ញ គោរពបូជា ហរិហរា តែព្រះអង្គក៏បានអនុញ្ញាតិអោយមានការគោរពបូជាចំពោះសាសនាផ្សេងៗ
ទៀតដែរ។
១ = ព្រះនរាយណ៍ ២ = ព្រះអាទិត្យ ពណ៌លឿង

ព្រះបាទអិសានវរ្ម័នបានប្ដូររាជធានីពី «វ័យធបុរៈ» មកតាំងទីនៅ សំបូរព្រៃគុក ខេត្ដកំពុងធំវិញ ព្រោះវានៅចំ
កន្ដាលនៃប្រទេសចំនុះ។ ព្រះអង្គបានដាក់ឈ្មោះថា អិសានបុរៈ។ នៅក្នុងរាជព្រះអង្គ អរិយធម៌ខ្មែរមានការ
រីកចំរើនលូតលាស់ជាខ្លាំង ដូចមានការដ្ឋានបុរាណវត្ថុនៅសំបូរជា អុទាហរណ៍ស្រាប់។ អែកសារប្រវត្ដិសាស្រ្ដ
ចិនឈ្មោះស៊ូអឺយ បានទុកនូវពត៌មានយ៉ាងក្បោះក្បាយពីប្រទេសខ្មែរនៅជំនាន់នោះថា «រាជធានីនោះមានប្រ
ជាជនប្រមាណ២០០០គ្រួសារ ហើយនគរនេះមានទីប្រជុំជនបែបនេះចំនួន៣០ អែណោះ។ នៅតាមរាជរដ្ឋនិ
មួយៗ មានស្ដេចក្រាញ់ (លិនយី)គ្រប់គ្រង។ ពេលគេទៅគាល់ព្រះរាជា គេតែងអោនក្បាលទាបជើងបល្ល័ង្គបី
ដង។ ពេលព្រះរាជាកោះហៅពួកមន្រ្ដីមកបង្ហាញខ្លួន ពួកគេចូលទៅដោយលុតជង្គង់ និងដាក់ដៃនៅលើស្មាទាំង
សងខាង ទើបទៅអង្គុយតាមកន្លែងរៀងខ្លួនជុំវិញព្រះរាជាដើម្បីពិគ្រោះកិច្ចការ ហើយនៅពេលចប់កិច្ចការ គេ
លុតជង្គង់សារជាថ្មីម្ដងទៀត ទើបដើរចេញទៅ។ មានតែបុត្រារបស់ព្រះអគ្គមហេសីប៉ុណ្ណោះដែលមានសិទ្ធិ
អាចស្នងរាជបាន គេបានបញ្ជាក់ទៀតថា នៅថ្ងៃធ្វើរាជាភិសេកព្រះមហាក្សត្រថ្មី គេមានធ្វើពិធីកាយវិកលកម្ម
ទៅលើបងប្អូនប្រុសរបស់មហាក្សត្រថ្មីនោះផង គេបានចែងបន្ដទៀតថា នៅស្រុកនេះគេទុកដៃស្ដាំ ជាបរិសុទ្ធ
និងដៃឆ្វេងជាអបរិសុទ្ធ។ គេតែងងូតទឹកជំរះកាយជារៀងរាល់ព្រឹក និងដុសធ្មេញជាមួយនឹងឈើម្យ៉ាង ហើយ
គេមិនដែលភ្លេចសូត្រធម៌អារទេ។ នៅពេលថ្ងៃត្រង់គេងូតទឹកទៀត ហើយចាក់ធ្មេញក្រោយពេលបាយ និងសូត្រ
ធម៌ទៀត។ ពេលមានមនុស្សស្លាប់គ្រួសារគេតែងតមអាហារចំនួន៧ថ្ងៃ គេកោរសក់ និងស្រែកយំទ្រហ៊ោរ អែ
សពគេដុតនឹងឈើក្រអូបម្យ៉ាង បន្ទាប់មកគេដាក់ធាតុក្នុងកោដិប្រាក់ រឺមាស ចំនែកអ្នកក្រគេដាក់ក្នុងកោដិអំពីដី
ដុត។ មានអ្នកខ្លះគេយកសពទៅបោះជាចំនីសត្វក៏មានដែរ (ហ្សក កូដេស)។ ព្រះបាទអិសានវរ្ម័នបានចូលទី
វង្គត់នៅឆ្នាំ៦៣៥ ធ្វើអោយប្រទេសខ្មែរធ្លាក់ក្នុងស្ថានភាពវឹកវរ រំជើបរំជួល និងកើតអសន្ដិសុខពាសពេញនគរ។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស

~ ដោយ ABCAMBODIA107.5fm ​ ខែ កក្កដា 12, 2008.

បញ្ចេញ មួយចំលើយតប