ការរីកចំរើននៃអិទ្ធិពលខ្មែរ
១. ព្រះបាទជ័យវរ្ម័នទី៣ (៨៥៤ – ៨៧៧)
ព្រះបាទជ័យវរ្ម័នទី៣ ជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី២ បានឡើងសោយរាជសម្បត្ដិនគរខ្មែរ បន្ទាប់ពីបិតាព្រះ
អង្គ។ ព្រះបរមរាជវាំង និង ព្រះរាជធានីស្ថិតនៅហរិហរាល័យដដែល។ ក្នុងរជ្ជកាលព្រះអង្គ គេពុំបានសំគាល់
ឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់ទេ។ ប្រជាជនរស់នៅដោយសុខសន្ដិភាព។ សិលាចារឹក បានចារទុកមកថា
ព្រះអង្គមានតេជបារមីភ្លឺចាំងចែងដូចព្រះសុរិយា ព្រះអង្គមានសេចក្ដីក្លាហានអង់អាច ហើយបានពង្រីកទឹកដី
កេរមរតកបិតាព្រះអង្គអោយរឹងរិតតែធំទូលាយ។ សិលាចារឹកដែល បន្ដទៅទៀតថា ព្រះអង្គចូលចិត្ដបរបាញ់សត្វ
និងទាក់ដំរី។
ព្រះបាទជ័យវរ្ម័ទី៣ បានចូលទីវង្គតក្នុងគ.ស.៨៧៧។ ព្រះអង្គពុំមានកូនប្រុស សំរាប់ស្នងរាជ បន្ដពីព្រះអង្គទេ។
នៅជុំវិញ បរិវេណរលួសព្រះអង្គបានសាងសង់ ប្រាសាទព្រៃមន្ទីរ ប្រាសាទត្រពាំងពង់ និងជណ្ដើរទីមួយនៃ
ប្រាសាទបាគង។
២. ព្រះបាទអិន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ – ៨៨៩)
ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាក្សត្រដែលបានសោយរាជបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៣ ករណីការឡើងសោយរាជនេះ
គេពុំបានដឹងច្បាស់លាស់ទេ គេគ្រាន់តែដឹងថា ព្រះអង្គត្រូវបានព្រះរាជវង្សានុវង្ស ព្រមទាំងនាម៉ឺនមុខមន្ត្រី ជ្រើស
រើសតែងតាំងជាព្រះមហាក្សត្រ។ ប៉ុន្ដែ គេអាចប៉ាន់ស្មានថា ព្រះអង្គបានព្រះរាជគ្រូព្រាហ្មណ៍ សិវសោមៈ ជា
អ្នកជ្រោមជ្រែងជួយសំរួលក្នុងការឈោងយកឋានៈជាព្រះមហាក្សត្រ។ ព្រះរាជគ្រូសិវសោមៈ ត្រូវជាប់ជា បង
ប្អូននឹងព្រះបាទជ័យវរ្ម័នទី២។ ចំនែកព្រាហ្មណ៍ វាមសិវៈ ត្រូវជាចៅមីងរបស់ព្រាហ្មសិវកអិវលិយៈ ព្រះរាជគ្រូ
ព្រះបាទជ័យវរ្ម័នទី២។
ព្រះអិន្រ្ទវរ្ម័នទី១ មានជាប់ព្រះញាតិវង្ស នឹងព្រះបាទជ័យវរ្ម័នទី៣ដែរ ក្នុងឋានៈជាក្មួយ តែជាក្មួយឆ្ងាយ។ បិតា
ព្រះអង្គព្រះនាម ព្រះព្រិទ្ធិអិន្រ្ទវរ្ម័ន ជាកូនរបស់ប្អូនស្រី ព្រះរុទ្រ្ទវរ្ម័ន ព្រះអង្គគង់នៅរាជធានី ហរិហរាល័យ អែ
រលួស។
ការកសាងនិងស្នាដៃ
កាលបើឡើងសោយរាជភ្លាម ក្នុងគ.ស ៨៧៩ ការតព្វកិច្ចដំបូងរបស់ព្រះអង្គគឺកសាងប្រាសាទ និង រៀបចំព្រះរាជ
ធានី ហរិហរាល័យ នៅរលួស ប្រាង្គប្រាសាទដែលព្រះអង្គសាងសង់មាន៖
ប្រាសាទព្រះគោ ដែលមានកំពូលទាំងអស់៦ ត្រូវបានសង់មុនគេ ក្នុងគ.ស.៨៧៩ ដើម្បីទុកជាទីសក្ការៈបូជា
នៅខាងក្នុង ព្រះអង្គបានតំកល់លិង្គព្រះអិសូរ ព្រះបដិមាករតំនាងព្រះអិសូរ និង ព្រះនាងអុបមា មហេសីព្រះ
អិសូរ ដែលមានរូបរាងមុខមាត់ ដូចនឹងជីដូនជីតាព្រះអង្គខាងម្ដាយ និង ដូចព្រះបាទជ័យវរ្ម័នទី២ និង អគ្គមហេ
សី។ ប្រាសាទព្រះគោបានសង់ទៅដោយអិដ្ឋ មានព្រវែង ៩៧ម x ៩៤ ម៉ែត្រ និង កំពស់១៥ម។
ប្រាសាទបាគង់ ជាប្រាសាទមួយទៀត ដែលព្រះអង្គបានកសាង លើទីកន្លែងជិតនោះដែរ ក្នុងគ.ស ៨៨១។
ប្រាសាទបាគង់មានទំហំ ៦៧ម x ៦៥ម សង់លើខឿនខ្ពស់ពីដី ១៥ម ហើយមានកំពូលទាំងអស់៩។កំពូលប្រាសាទ
ចំកន្ដាលខ្ពស់ជាងគេ មានកំពស់ ១៥ម។ ក្នុងនោះព្រះបាទអិន្រ្ទវរ្ម័នទី១ តំកល់លិង្គព្រះអិសូរ។ អែកំពូល ៨ទៀត
ត្រូវបានសង់ដាក់តំរង់ទៅតាមទិសទាំងប្រាំបី។
បារាយលលៃ ស្ថិតនៅក្នុងគោលគំនិត នយោបាយទឹក ដែលជីកព្រែកស្រះ បឹងត្រពាំង នៅតាមភូមិស្ថានគ្រប់ទិស
ទី តំរូវទៅតាមសេចក្ដីត្រូការរបស់បន្ដាជន និង នយោបាយកសាងជាតិ ការជីកកសាងបារាយលលៃ មិនមែនជា
ការផ្សងព្រេង មិនមែនជាការពិសោធន៍ ធ្វើយកល្អមើលនោះទេ អ្វីៗសុទ្ធតែត្រិះរិះគិតគូរយ៉ាងល្អិតល្អន់ ដើម្បី
អោយសមិទ្ធិបារាយនេះ អាចចែកចាយទឹក ផ្សព្វផ្សាយពាសពេញព្រះរាជធានី ភូមិជិតឆ្ងាយ និងស្រែចំការនៅ
ក្បែរនោះ បាយលលៃនៅរលួស មានទំហំ ៣៨០០ម x ៨០០ម ហើយទុកទឹកបានយ៉ាងតិច ៦០០០.០០០មត្រីគុណ
។ ស្នាដៃនេះ អ្នកវិទ្យាសាស្រ្ដ អ្នកបុរាណវិទ្យា និងអ្នកប្រវត្ដិសាស្ដ្រ ដែលបានសិក្សាអំពីប្រវត្ដិសាស្រ្ដខ្មែរបាន
ទទួលស្គាល់ កោតសរសើរ និង បញ្ជាក់ថា ជាជំហាន ដំបូងដែលនាំប្រទេសខ្មែរឆ្ពោះទៅរកការីកចំរើន ក្លាយទៅ
ជាមហាអំនាច។
ក្រិត្យក្រមកំនត់ព្រះរាជវង្ស
ប្រហែលជាដើម្បីជៀសវាងតទៅអនាគត កុំអោយកើតមានបញ្ហាចោទ ក្នុងការឡើងសោយរាជសម្បត្ដិ កុំអោយ
មានការដន្ដើមអំនាចគ្នា ដែលជាប្រភពនៃជំលោះ នៃការបែកបាក់សាមគ្គី និងចំបាំងរវាងជាតិអែង ទើបបានជា
ព្រះបាទអិន្រ្ទវរ្ម័នទី១ រៀបអោយមានក្បួនខ្នាតក្រិត្យវិន័យក្នុងរង្វង់ក្រកូលក្សត្រ។ ក្រិត្យបញ្ជានោះមានកំនត់ថា
ព្រះមហាក្សត្រ ជាប្រធានធំ លើព្រះរាជវង្សានុវង្សទាំងអស់។ ព្រះរាជវង្សស្ដេច ចែកចេញជាបីខ្សែ៖
១. សំដេចព្រះអុបយោវរាជ មានស្វេទឆ័ត្រ៦ជាន់
២. ព្រះអុបរាជ មានស្វេទឆ័ត្រ៥ជាន់
៣. មាតាព្រះមហាក្សត្រ រឺបុត្រីច្បងព្រះមហាក្សត្រ មានស្វេទឆ័ត្រ ៤ជាន់
ក្រុមក្សត្រទាំងបីជំពូកនេះ សុទ្ធតែមានគ្រូអាចារ្យ នាម៉ឺនមុខមន្រ្ដី ទ័ពទាហានពលសេនា និងទឹកដីទ្រព្យសម្បត្ដិ
ខ្ញុំកំដរទាសាទាសីបរិវារ ដូចគ្នានឹងព្រះរាជា គ្រាន់តែតិចច្រើនជាងគ្នាប៉ុណ្ណោះ។
កូនចៅព្រះមហាក្សត្រ ក្នុងប្រាំដំណស្ថិតនៅក្នុងក្រមខ័ណ្ឌព្រះរាជវង្សដដែល ហើយមានសិទ្ធអំនាចនឹងឡើងគ្រង
រាជសម្បត្ដិ ជាម្ចាស់ផែនដីបាន គឺនៅក្នុងចំនោមព្រះរាជវង្សទាំងប្រាំដំណ រឺ ប្រាំជំនាន់នេះហើយ ដែលព្រាហ្ម
ណ៍ និង នាម៉ឺនមន្រ្ដី ត្រូវជ្រើសរើសតែងតាំងស្ដេច ក្នុងពេលណាដែលព្រះមហាក្សត្រចូលទីវង្គត។ តាមធម្មតា
គេតែងជ្រើសរើស ព្រះអុបរាជអោយឡើងធ្វើជាព្រះមហាក្សត្របន្ដរាជវង្ស។ ម្យ៉ាងទៀត សមាជិកនិមួយៗ រប
ស់ព្រះរាជវង្ស មុននឹងរៀបការ ត្រូវតែមានសេចក្ដីសុខចិត្ដយល់ព្រមអនុញ្ញាត ពីព្រះមហាក្សត្រសិន។
ចំនែកកូនស្ដេច ដែលហួសពីប្រាំដំណ គេហៅថាព្រះវង្ស។ ស្ដេចទាំងនេះ គ្មានសិទ្ធិនឹងទាមទារឡើងធ្វើជាព្រះម
ហាក្សត្រឡើយ។ ដូច្នេះដើម្បីរក្សាអោយមានសិទ្ធិ អាចនឹងឡើងសោយរាជ្យទៅថ្ងៃក្រោយ ស្ដេចព្រះវង្ស ត្រូវ
ស្វះស្វែងរៀបការជាមួយស្ដេចអង្គណា ដែលមិនទាន់អស់សទ្ធិ។ ដោយសារបុព្វហេតុនេះ ទើបបានជាក្នុងចង្កោ
មព្រះរាជវង្សខ្មែរ គេសង្កេតឃើញស្ដេចខ្មែរ ច្រើនតែរៀបការជាមួយបងប្អូនអែង។
ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រមួយអង្គធំកំពូល ក្លាហានខ្លាំងពូកែ ក្នុងចំបាំងព្រះអង្គមិនដែលចាញ់ រឺ ដក
ឃ្លាថយឡើយ សិលាចារឹកនៅព្រះបាទ និង បាគង់ បានសរសេរបន្ដទៀតថា «ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាព្រះមហា
ក្សត្រ ដែលប្រកបទៅដោយទសពិធរាជធម៌ ជាទីត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដ។ ព្រះអង្គមានគុណសម្បត្ដិគ្រប់
យ៉ាងអិតមានខ្វះ ព្រះអង្គមានមហិទ្ធិរិទ្ធិអំនាចបីយ៉ាង ព្រះអង្គអាចយកជ័យជំនះឈ្នះលើរូបព្រះអង្គ ព្រះអង្គមិន
ដែលភ្លេចគោរពបូជាព្រះ ហើយព្រះអង្គបានការពារទឹកដីដូចជាម៉ានូ(១) ដោយស្គាល់ដឹងយល់អ្វីដែលត្រូវធ្វើ
និងអ្វីដែលមិនត្រូវធ្វើ។ ព្រះបាទជ័យវរ្ម័នទី១ បានចូលទីវង្គតក្នុងគ.ស ៨៨៩ នៅរាជធានី ហរិហរាល័យ។
១ = ម៉ានូ ជាតួអង្គមួយសំខាន់ណាស់ នៅក្នុងព្រាហ្មណ៍សាសនា គឺជាតួអង្គដែលទទួលច្បាប់បញ្ញាតិពីព្រះអាទិ
ទេព យកមកអោយមនុស្សលោកអនុវត្តប្រតិបត្ដិតាម។ ព្រះព្រហ្មណ៍បានបង្កបង្កើតពីពិភពលោក និង ផ្ដល់ជីវិត
ដល់ម៉ានូ ម៉ានូបានទទួលធម្មសាស្រ្ដ ពីព្រះព្រហ្ម។ ហើយបន្ទាប់មក គឺម៉ានូនេះជាអ្នកបង្កើតម៉ានូ និង ព្រាហ្មណ៍
ជាច្រើនទៀត ដើម្បីរៀបចំកសាងពិភពលោក។
គ. ដើមកំនើតការកសាង មហានគរលើកទី១
១. ព្រះបាទយសោវរ្ម័នទី ១ (គ.ស. ៨៨៩ – ៩០០)
ព្រះបាទយសោវរ្ម័នទី១ ជាព្រះរាជបុត្ររបស់ព្រះអិន្រ្ទវរ្ម័នទី១។ ព្រះអង្គបានឡើងសោយរាជបន្ដពីបិតាព្រះអង្គ
ក្នុង គ.ស.៨៨៩ នៅទីក្រុងហរិហរាល័យ។ ព្រះអគ្គមហេសីព្រះអង្គព្រះនាមអិន្រ្ទទេវី ដែលជាម្ចាស់ក្សត្រីល្អអែក
មានចំនេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាភ្លឺថ្លាមុះមុត ល្បីល្បាញទៅគ្រប់ទិសទីក្នុងព្រះនគរ។
ព្រះរាជគ្រូ និង ទីប្រឹក្សាជាន់ខ្ពស់ព្រះអង្គ មានព្រាហ្មណ៍ព្រះនាម សិវសោមៈ និង វាមសិវៈ ដែលជាចៅរបស់
ព្រាហ្មណ៍សិវតអិវលិយៈ ព្រះរាជគ្រូព្រះបានជ័យវរ្ម័នទី២។
ចំបាំងក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១
នៅដើមរជ្ជកាលព្រះអង្គ គេកត់សំគាល់ឃើញមាន ការរំជើបរំជួល ចលាចលអសន្ដិសុខ និងចំបាំងបង្កបង្កើតដុត
ឆេះឡើង ដោយក្រុមគ្រួសារព្រះញាតិវង្ស ព្រះបាទជ័យវរ្ម័នទី៣ ដែលត្រូវខកខានមិនបានទទួលរាជបល្ល័ង្គ ក្រោ
យពេលដែលព្រះមហាក្សត្រអង្គនេះចូលទីវង្គត។ ចំបាំងរាំងជលមានសភាពខ្លាំងក្លាសាហាវអស្ចារ្យ។ កាល
នោះទ័ពព្រះមហាក្សត្រព្រះបាទយសោវរ្ម័នទី១ ត្រូវទន់ដៃក្រោមការវាយប្រហាររបស់បច្ចាមិត្រ ព្រះរាជាត្រូវស
ត្រូវចោមរោមព័ទ្ធជុំទិស។ ក្នុងគ្រាដ៏សែនអាសន្ននេះ មេទ័ពស្មោះស្ម័គ្រព្រះអង្គពីរនាក់ បាននាំគ្នាសំរេចចិត្ដបូជា
ជីវិត ដោយយករាងកាយទៅរាំងពាំងការពារព្រះអង្គ រងព្រួញដាវលំពែង តែនៅទីបញ្ចប់ ព្រះអង្គបានវាយប្រ
ហារសត្រូវបាក់បែករត់ខ្ចាត់ខ្ចាយបរាជ័យចាញ់អស់។
ព្រះអង្គធ្លាប់ធ្វើសង្គ្រាមច្បាំង ឈ្នះទាំងលើដី ទាំងលើសមុទ្រ បំផ្លាញទូកសំពៅសត្រូវអស់ជាច្រើន ជាពិសេស
ព្រះអង្គបានធ្វើចំបាំងតទល់នឹងនគរចំប៉ា ដេញវាយប្រហារទ័ពចាម ចូលដល់រហូតទីក្រុង ហើយចាប់បានជាឈ្លើ
យ។ បន្ទាប់មក ព្រះអង្គបានតែងតាំងមេទ័ពចាមម្នាក់អោយឡើងសោយរាជនៅទីនោះ។ ប៉ុន្ដែនៅពេលដែល
ព្រះអង្គលើកទ័ពត្រលប់មកនគរ កងទ័ពចាម១២ក្រុមបានរៀបចំរាយអន្ទាក់ ចាំវាយកំទេចទ័ពខ្មែរ ព្រះអង្គបានបើ
កការវាយប្រហារ កំទេចកងទ័ពសត្រូវអស់ជាច្រើនក្រុម ហើយក៏រំលៀកខ្លួនរំដោះចេញផុត ត្រលប់ចូលមហា
នគរវិញ ក្នុងពេលប្រយុទ្ធនឹងទ័ពចាម ប្រសិនបើគ្មានអន្ដរាគមន៍ គ្មានការធ្វើពលិកម្មបូជាជិវិត របស់មេទ័ព និង
ពលសេនា នោះប្រហែលជាព្រះអង្គ ត្រូវរងគ្រោះថ្នាក់ អស់ព្រះជន្មផងក៏មិនដឹង។
ព្រះបាទយសោវរ្ម័នទី១ មិនមែនពូកែតែខាងធ្វើចំបាំងប៉ុណ្ណោះទេ ព្រះអង្គ ក៏ជាក្សត្រមួយពូកែគ្រប់គ្រងរៀបចំក
សាងប្រទេសជាតិទឹកដី និងការពារថែរក្សា ទំនុកបំរុងសាសនាដែរ។
ការកសាង និងស្នាដៃ
រាជធានីយសោធបុរៈ កាលបើបានឡើងគ្រប់គ្រងប្រទេសកម្ពុជាហើយ ព្រះបាទយសោវរ្ម័នទី១ ក៏ចាត់ចែងបញ្ជា
អោយកសាងព្រះរាជធានីថ្មីមួយទៀត ដោយយកភ្នំបាខែងធ្វើជាស្នូលចំកន្ដាល។ ព្រះរាជធានីថ្មីនៃប្រទេសកម្ពុ
ជា មានឈ្មោះថា យសោធបុរៈ ដែលយើងនិយមហៅថា មហានគរ រឺ នគរធំ។
អ្នកស្រាវជ្រាវបរទេស បាននាំគ្នាដាក់ឈ្មោះថា «អង្គរ»។ នេះជាមហានគរ រឺ នគរធំទី១ នៅក្នុងប្រវត្ដិសាស្រ្ដ
ខ្មែរ។ កំពែង គូអូរទឹក ត្រូវបានជីកជុំវិញព្រះរាជធានី ដើម្បីទុកការពារនឹងសត្រូវជិតឆ្ងាយ។ ប្រលាយទឹកជាច្រើន
ជួបជាប់កាត់គ្នាចុះឡើងច្រវាត់ច្រវែង ដូចក្រលាចត្រង្គ ជាផែនការណ៍នយោបាយទី៧ និង ជាមធ្យោបាយមួយ
ក្នុងការដឹកនាំ បញ្ចូលទឹកសំរាប់ប្រកបកសិកម្ម។
ប្រាសាទភ្នំបាខែង បានសង់លើភ្នំបាខែង
អុទ្ទិសថ្វាយព្រះអិសូរ ដោយមានតំកល់លិង្គជា
តំនាងប្រាសាទបាខែង បានសង់នៅលើកំពូលភ្នំ
បាខែងដែលមានកំពស់ប្រមាណជា៦០ម ជុំវិញ
ភ្នំ ព្រះអង្គបានសង់កំផែងមួយរាងបួនជ្រុង ប្រ
វែង ៦៥០ម x ៤៤០ម ឡើងទៅដល់កំពូលភ្នំ
ដែលដើរដោយស្ថានភាពរាបស្មើ ទំហំ១៨០ម x
១២០មព្រះអង្គបានសាងសង់ខឿន៥ថ្នាក់ ហើយ
សង់ប្រាសាទនៅទីនោះ ប្រាសាទតូចៗ នៅលើភ្នំបាខែងមានទាំងអស់១០៩។
បារាយខាងកើតស្ថិតនៅក្នុងលក្ខណនយោបាយទឹក សំរាប់បំរើវិស័យកសិកម្ម ព្រះបាទយសោវរ្ម័នទី១ បានក
សាងជីកឡើង។ បារាយខាងកើតមានប្រវែង ៧០០០ម និងទទឹង៨០០ម អាចផ្ដល់ទឹកបានដល់ទៅ ៣០លានម៉ែ
ត្រត្រីគុណ។ ទំនប់ដីយ៉ាងធំត្រូវបានលើកឡើងព័ទ្ធជុំវិញ សំរាប់ការពារទឹកជំនន់។ ហើយនៅជ្រាំងខាងត្បូងបា
រាយ ព្រះអង្គបានចាត់ចែងអោយសាងព្រះវិហារវត្ដអារាម សំរាប់អ្នកគោរពព្រះវិសនុ ព្រះសិវៈ និង ព្រះពុទ្ធសា
សនា។ ជាមួយគ្នានៅគ្រប់ខេត្ដខ័ណ្ឌនានា ព្រះអង្គបានកសាងអាស្រម ព្រះវិហារ និង វត្ដជាច្រើនទៀតដែរ។
ប្រាសាទលលៃនៅរលួស ជិតប្រាសាទបាគោ និង បាគង់ដែលជាកន្លែងរាជធានីចាស់ក៏បានកសាងដោយ
សារព្រះអង្គដែរ ដើម្បីរំលឹកដល់វិញ្ញាណខន្ធបិតាមាតា និង ជីដូនជីតាខាងម្ដាយព្រះអង្គ
ប្រាសាទព្រះវិហារជាប្រាសាទដែលព្រះបាទយសោវរ្ម័នទី១ បានកសាងសំរាប់អុទ្ទិសរំលឹកគុណថ្វាយចំពោះ
សិវៈ។ ប្រាសាទព្រះវិហារគេបានសង់ នៅលើកំពូលភ្នំដងរែក លើជ្រាំងភ្នំដែលមានកំពល់៨០ម។ គេអាចឡើង
ទៅតាមផ្លូវជំរាល ដែលមានប្រវែងប្រហែលជា ៨០០ម ការកសាងប្រាសាទព្រះវិហារ មិនបានហើយចប់នៅក្នុង
រាជព្រះអង្គទេ។ ការសាងសង់មានបន្ដទៅទៀត ក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ និង ព្រះបាទសុរិយាវរ្ម័នទី
២។ ម្យ៉ាងវិញទៀតយើងសង្កេតឃើញប្រាសាទព្រះវិហារ មានលំនាំ លក្ខណៈដូចគ្នានឹង ប្រាសាទវត្ដភូ។
ព្រះបាទយសោវរ្ម័នទី១ ជាព្រះមហាក្សត្រប្រកបដោយសេចក្ដីក្លាហាន និង ទសពិធរាជធម៌ដែលមានតែមួយគត់
គ្មានអ្វីមកប្រដូចបាន ព្រះអង្គមានចំនេះវិជ្ជា ខ្ពង់ខ្ពស់ជ្រៅជ្រះ។ ហើយព្រះអង្គក៏មិនធ្វេសប្រហែស ក្នុងការគោ
រពបូជាចំពោះសាសនាដែរ សិលាចារឹកខ្មែរនៅ ព្រះបាទ បានសរសេរចារបន្ថែមថា «ក្នុងភពទាំងពីរ ស្ថានកន្ដាល
និង ស្ថានសួគ៌។ មានតែព្រះបាទយសោវរ្ម័នទី១ (ភពផែនដី) និង ព្រះអិន្រ្ទ (ស្ថានសួគ៌) ទេ ដែលជាអ្នកគ្រប់គ្រង
ការពារ ពោរពេញទៅដោយវីរភាព»។
ព្រះបាទយសោវរ្ម័នទី១ មានបុត្រពីរព្រះអង្គ ព្រះហរស្សវវ្ម័នទី១ និងព្រះអិសានវរ្ម័នទី២។ ព្រះអង្គបានចូលទីវង្គ
តក្នុងគ.ស ៩០០ ព្រះអង្គបានទុកជាមរតក ដល់កូនចៅខ្មែរជំនាន់ក្រោយនូវប្រទេសកម្ពុជាមួយ យ៉ាងខ្លាំងមាំមួន
ដែលពោរពេញទៅដោយការកសាង និង រីកចំរើនលូតលាស់ក្នុងគ្រប់វិស័យ ព្រះអង្គបានផ្ដល់សន្ទុះមួយថ្មី ដល់
មហាអំនាចកម្ពុជា។
Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស

បញ្ចេញ មួយចំលើយតប